ពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ចំនួន៥គ្រួសារ បានទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន

0

(ប៉ៃលិន)៖ ដោយមានការចង្អុលបង្ហាញពីលោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី២២ ខែមិនា ឆ្នាំ២០២៣ លោកជំទាវ ពៅ សុខ អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខា បានដឹកនាំ ក្រុមប្រតិបត្តិសាខា ប្រធាន អនុប្រធានគណៈកម្មាធិការអនុសាខាស្រុក និងមានការចូលរួមពី អាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនក្រុមគ្រួសាររងគ្រោះ ដោយសារខ្យល់កន្រ្តាក់ កាលពីវេលាម៉ោង ១៥ និង៤០នាទីល្ងាចនាថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិកំពុងចម្លងក្រោម ភូមិកោះកែវ ភូមិស្រែអន្ទាក់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។


មានប្រសាសន៍ក្នុងឪកាសនោះដែរលោកជំទាវ ពៅ សុខ អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខា តំណាងដ៍ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងលោកជំទាវបាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខា ដែលសម្ដេចទាំងទ្វេ និងលោកជំទាវ តែងតែយកចិត្តទុកដាក់ ចំពោះសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ជាពិសេសប្រជាពលរដ្ឋ ដែលរងគ្រោះ និងងាយរងគ្រោះ ទោះនៅទីណាក៏ដោយ។

លោកជំទាវ ពៅ សុខ អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខា ក៍បាន សំដែងនូវការសោកស្ដាយ ចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ ដែលបានជួបប្រទះនូវគ្រោះមហន្តរាយនេះ និងសូមអោយប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ធ្វើផ្ទះសំបែងអោយបានមាំទាំ និងប្រយ័ត្នចំពោះបញ្ហាផ្គររន្ទះ ពិសេសត្រូវចេះថែទាំសុខភាព ដោយខែនេះជារដូវក្តៅ សីតុណ្ហភាពឡើងកម្តៅខ្ពស់ ធ្វើឲ្យកូនចៅជួបនូវជម្ងឺផ្សេងៗ ។ជាមួយគ្នានេះ លោកជំទាវ បានអំពាវនាវ ដល់គ្រួសារទាំងអស់ បន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺ៣ការពារ និង៣ កុំ ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា ហើយសូមចូលរួមនាំគ្នាទៅចាក់វ៉ាក់សាំងដូសជំរុញ ឲ្យបានគ្រប់ៗគ្នាផងដែរ។


សូមបញ្ជាក់ថា៖ ប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់រួមមាន៖ ១/ឈ្មោះ សួស សល់ ភេទប្រុស អាយុ ៦២ ឆ្នាំ រស់នៅភូមិកំពង់ចម្លងក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខ្យល់កន្ត្រាក់របើកដំបូលស័ង្កសី ទទួលបានស័ង្កសីចំនួន ១២ សន្លឹក ។២/ឈ្មោះ ធឹក ទិត្យ ភេទប្រុស អាយុ ៥៤ឆ្នាំ រស់នៅភូមិកោះកែវ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខ្យល់កន្ត្រាក់របើកដំបូលស័ង្កសី ទទួលបានស័ង្កសីចំនួន ១៤ សន្លឹក ។៣/ឈ្មោះ ជូ មួក ភេទប្រុស អាយុ ៦៥ ឆ្នាំ រស់នៅភូមិកោះកែវ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខ្យល់កន្ត្រាក់របើកដំបូលស័ង្កសី ទទួលបានស័ង្កសីចំនួន ១២សន្លឹក ។៤/ឈ្មោះ ភិន ទូច ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិស្រែអន្រ្ទាក់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខ្យល់កន្ត្រាក់របើកដំបូលស័ង្កសី ទទួលបានស័ង្កសីចំនួន ២៥សន្លឹក និងទី៥/ឈ្មោះ ដៀវ ដឿន ភេទ ប្រុស អាយុ ៦០ឆ្នាំ រស់នៅភូមិស្រែអន្រ្ទាក់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខ្យល់កន្ត្រាក់របើកដំបូលស័ង្កសី ទទួលបានស័ង្កសីចំនួន ១៥សន្លឹក ចំណែកអំណោយ ដែលបានចែកជូនបន្ថែម ក្នុងគ្រួសារៗទទួលបាន៖ អង្ករ ២៥ គីឡូក្រាម ទឹកសុទ្ធ ៥ យួរ និងថវិកា ១០០,០០០ រៀល (មួយរយពាន់រៀលគត់) ផងដែរ៕

អត្ថបទ ភ្នំខៀវ ប៉ៃលិន