ពលរដ្ឋពីរភូមិទៀតនៅឃុំទួលពង្រស្រុកម៉ាឡៃពិនិត្យនិងផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីវាស់វែងលក្ខ:ជាប្រព័ន្ធ

0

បន្ទាយមានជ័យ៖ពលរដ្ឋ២ភូមិទៀតនៅឃុំទទួលពង្រស្រុកម៉ាឡៃអោយប្រញាប់ប្រញាល់ទៅពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីដែលបានវាស់វែងរួច ហើយត្រៀមធ្វើប្លង់រឹង នេះបើតាមការថ្លែងប្រាប់ពី អាជ្ញាធរនិងសមត្ថកិច្ចសុរិយោដី កាលពីថ្ងៃទី២៥ មីនា ២០២៣។

លោកសៀន វុទ្ធី ប្រធានការិយាល័យរៀបចំដែនដី នគរោបនីយកម្មសំណង់ និងភូមិបាលស្រុកម៉ាឡៃនិងជាប្រធានក្រុមវាលទី៨ ចុះបញ្ជីមានលក្ខណ:ជាប្រព័ន្ធស្រុកនេះ បានអោយកាសែតរស្មីកម្ពុជាដឹងថា : ក្រុមបានជូនដំណឹងដល់សាធារណៈជនទាំងអស់ដែលមានក្បាលដីចុះបញ្ជីដី(ធ្វើប្លង់ដី)នៅភូមិកោះស្នួល និងភូមិខ្លាងាប់ ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ សូមអញ្ជើញមកពិនិត្យឈ្មោះអោយបានគ្រប់គ្នា ចាប់ពីថ្ងៃច័ន្ទ ទី២៧ ខែមីនា រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ។

លោកសៀន វុទ្ធី បន្តថា : ទិន្នន័យក្បាលដីក្នុងតំបន់វិនិច្ឆ័យដែលមានវាស់វែងរួចហើយ នៅភូមិកោះស្នួល មានចំនួន១.០៨៩ ក្បាលដី ។ឯភូមិខ្លាងាប់ មានចំនួន៦៣១ក្បាលដី ។

លោកបានណែនាំថា : ក្នុងករណីមិនបានមកពិនិត្យ និងផ្ទៀងផ្ទាត់ឈ្មោះឬទំហំដី រូបរាងដី ដើម្បីកែតម្រូវ ក្រុមការងារជំនាញចាត់ទុកថាទិន្ន័យទាំងអស់ត្រឹមត្រូវតាមការវិនិច្ឆ័យ ហើយមិនអាចតវ៉ាបានឡើយ ។

សូមរំលឺថា នាចុងឆ្នាំ២០២២ ដើមឆ្នាំ២០២៣ ក្រុមវាលទី៨ ចុះបញ្ជីមានលក្ខណ:ជាប្រព័ន្ធស្រុកម៉ាឡៃបានកំណត់តំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធភូមិបឹងជង្រុកតេជោឈ្នះ ឈ្នះឃុំទួលពង្រ ឬអតីតតំបន់វរ:៦៧១ នៃកងពលធំលេខ២០ ។

វាជាអតីតតំបន់អតីតខ្មែរក្រហមនិងមានទំនាស់ដីធ្លីរ៉ាំរ៉ៃ ស្មុគស្មាញ ចាក់ស្រេះ តែត្រូវបានសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ អន្តរាគមន៍និងចាត់តាំងលោកប៉ាន់ខែម ប៊ុនថន នាយកខុទ្ទកាល័យសម្តេច អោយចុះមកដឹកនាំក្រុមការងារក្រុមថ្នាក់ដោះស្រាយ រហូតបញ្ចប់ដោយជោគជ័យនិងប្រែក្លាយតំបន់សង្គ្រាមនោះទៅជាតំបន់អភិវឌ្ឍន៍ ។

ក្នុងនោះ ក៏មានការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធលើដីទំហំ១.៧៦៣ហិចតា ស្មើនឹងក្បាលដីចំនួន២.០០០ប្លាយ ហើយបានទទួលប្លង់ដីបន្តបន្ទាប់ ។

បន្ទាប់ពីចុះបញ្ជីដីនៅភូមិបឹងជង្រុកតេជោឈ្នះ ឈ្នះនោះ ក្រុមវាលទី៨ ក៏បន្តទៅវាស់វែងនៅភូមិភូមិកោះស្នួល និងភូមិខ្លាងាប់ឃុំទួលពង្រ ។

រីឯក្រុមការងារខុទ្ទកាល័យសម្តេចតេជោ បានបន្តទៅដោះស្រាយនិងរួចរាល់ដែរ នូវដីទំនាស់រវាងលោកលី អ៊ុតនី និងពលរដ្ឋ យុទ្ធេជនដែលសំអាងថា ជាអតីតយោធិននិងក្រុមគ្រួសារយោធិនខ្មែរក្រហមវរ:លេខ៦៧២និងវរ:៦៧៣ នៃកងពលធំលេខ២០ នៅភូមិអូរអំពិលឃុំទួលពង្រដែរ ។
ប៉ុន្តែទីនោះ ទាន់បានចូលុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធនៅឡើយ ៕ដោយ៖ ឃិន គន្ធា