បុរសម្នាក់បើករថយន្ដជ្រុលបុកបង្កាន់ដៃស្ពាន ក្រឡាប់បណ្តាលឱ្យស្លាប់

0

ខេត្តកែប៖ បុរសម្នាក់ ដែលគេស្គាល់ជាមន្ត្រីក្នុងសាលាឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប បានស្លាប់ភ្លាមៗ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរបង្កដោយខ្លួនឯង(បើករថយន្តបុកបង្កាន់ដៃស្ពាន)ត្រង់ចំណុចផ្លូវសាងសង់ថ្មី ជាប់ប្របមាត់សមុទ្រ ស្ថិតក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប កាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ ប៉ូញ សំបូរ ភេទប្រុស អាយុ៤២ឆ្នាំ ជាមន្ត្រីសាលាឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប បានជិះរថយន្ត ម៉ាកបាឡែន ពណ៌ ស ពាក់ស្លាកលេខ កែប 1B-0099 មកពីចូលរួមមង្គលការនៅតំបន់ខាងលើ លុះបើកបររថយន្តមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតទៅបុកបង្កាន់ដៃស្ពានបណ្តាលឱ្យក្រឡាប់ស្លាប់ភ្លាមៗតែម្តង។

ក្រោយពេលកើតហេតុសាកសពជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តកែប ដឹកយកទៅប្រគល់ជូនដល់ក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ ដោយឡែករថយន្ត សមត្ថកិច្ចក៏បានប្រគល់ជូនឱ្យក្រុមគ្រួសារដើម្បីយកទៅជួសជុលវិញ៕ សេង ណារិទ្ធ