កម្លាំងចម្រុះដែលឈរជើងនៅឃុំផាត់សណ្ដាយ បានចុះល្បាតបង្ក្រាប និងទប់ស្កាត់បទល្មើសនៅបឹងទន្លេសាបដូចភ្លៀងរលឹម

(កំពង់ធំ)÷ នៅថ្ងៃពុធ ០៨កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦  ត្រូវនឹងថ្ងៃទី ២៩ខែ មីនា ឆ្នាំ២០២៣ ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ឈរជើងនៅចំណុចផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ចុះប្រតិបត្តិការទៅតាមគោលដៅដែលបានកំណត់ ។

ឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរង ជាប្រធានក្រុមការងារ ព្រមទាំងសហការីបានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទចាប់ពីចំណុច មុខព្រែកតាសោម ដល់មុខព្រែកជើងលោង ក្នុងភូមិសាស្ត្រឃុំផាត់សណ្តាយ និងផ្សព្វផ្សាយអប់រំដល់បងប្អូនប្រជានេសាទដែលនេសាទនៅលើទឹកដីភូមិសាស្ត្រ ក្នុងតំបន់ហាមឃាត់ ដើម្បីការពារពូជត្រីឲ្យបានគង់វង្ស ទុកឲ្យក្មេងជំនាន់ក្រោយបានស្គាល់ ។

ឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល បានបង្ហាញពីទឹកចិត្តក្នុងការដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបនិងទប់ស្កាត់បទល្មើសបឹងទន្លេសាបទទួលបានលទ្ធផលបង្ករសំណុំរឿងបាន ចំនួន០១ករណី បានរុះរើបំផ្លាញចោលវត្ថុតាងនៅនិងកន្លែងរួមមាន របាំងស្បៃមុងចំនួន១២របាំង ប្រវែង៧០០ម៉ែត្រ ឡុកចំនួន២៤គ្រឿង លប/លូចំនួន ២៤មាត់ បង្គោលចំនួន៣៥០ដើម ចាក់លែងត្រីស្រស់ចំរុះ ចំនួន២៥គីឡូក្រាម និងព្រលែងសត្វប្រវឹកចំនួន០១ក្បាល ចូលទន្លេវិញ ។

សូមបញ្ជាក់ថាសម្រាប់ក្រុមការងារចុះបង្រ្កាបបទល្មើសបឹងទន្លេសាប ប្រើរយៈពេលមួយថ្ងៃគឺ ប្រើមធ្យោបាយដោយការណូតចំនួន០២គ្រឿង  អស់ប្រេង ចំនួន៤០លីត្រ ។