មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រគល់ភារកិច្ចជូនកងកម្លាំងក្នុងកិច្ចសហការការពារសន្តិសុខ  សុវត្ថិភាព និងការរៀបចំលេងល្បែងរបាំប្រជាប្រិយ ប្រពៃណីជាតិខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរៀបចំពិធីប្រកាសប្រគល់ភារកិច្ចជូនកងកម្លាំង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងការរៀបចំកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនភ្ញៀវជាតិ  អន្តរជាតិ និងប្រជាពលរដ្ឋ ព្រមទាំងការរៀបចំកម្មវិធី លេងល្បែង របាំ ប្រជាប្រិយ  ប្រពៃណីជាតិខ្មែរ ដើម្បីសប្បាយរីករាយអបអរសាទរក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នៅពេលខាងមុខនេះ។

លោកអនុសេនីយ៍ឯក ឈា ពិសិដ្ឋ នាយរងការិយាល័យហ្វឹកហ្វឺន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងរាយការណ៍អំពីកម្មវិធី ដែលត្រូវរៀបចំការលេងល្បែងរបាំប្រជាប្រិយ ប្រពៃណីជាតិខ្មែរ មានការវាយក្អម ទាញព្រ័ត្រ លោតបាវ លាក់កន្សែង ចោលឈូង បោះអង្គុញ រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ និងការរាំជាក្រុមក្បាច់ម៉ាឌីហ្សុនផងដែរ ដែលនឹងត្រូវរៀបចំឡើងនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ តាមកម្មវិធីជាក់ស្ដែងនីមួយៗ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន  ជូនដល់កងកម្លាំង ដែលបានចូលរួមក្នុងឱកាសនេះ មានជាអាទិ៍ ទីមួយ ត្រូវធ្វើផែនការបែងចែកកងកម្លាំងប្រចាំការ  ប្រចាំបញ្ជា និងចល័តអន្តរាគមន៍តាមបទបញ្ជាទាន់ពេលវេលា។ ទីពីរ ត្រូវរៀបចំផែនការ សហការជាមួយកងកម្លាំងប្រដាប់អាវុធទាំងបី ប្រភេទ និងអាជ្ញាធរដែនដី គ្រប់លំដោះថ្នាក់ ដើម្បីការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋសប្បាយរីករាយនៅតាមរមណីយដ្ឋាន និងទីវត្តអារាមនានា ហើយបានណែនាំដល់គ្រប់បណ្ដាកងឯកភាព និងប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នការពារបញ្ហាអគ្គីភ័យ។ ទីបី រៀបចំកម្មវិធីសូត្រមន្តបង្សុកូលនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំដើម្បី គោរពវិញ្ញាណក្ខន្ធ ឧទ្ទិសកុសលដល់បុព្វការីជន និងអតីតយុទ្ធជន ដែលបានពលីជីវិតក្នុងសម័យសង្គ្រាម  ដែលបានចូលរួមអនុវត្តន៍នូវយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចតេជោហ៊ុនសែន ដែលបាននាំមកនូវសុខសន្តិភាព  និងការឯកភាពជាតិពេញលេញជូនប្រជាជនកម្ពុជា  ។  និងទីបួន ត្រូវរៀបចំឲ្យមានកម្មវិធីច្បាស់លាស់ ក្នុងការលេងល្បែងរបាំប្រជាប្រិយប្រពៃណីជាតិខ្មែរ បង្កលក្ខណៈជូនយោធិន និងក្រុមគ្រួសារសប្បាយរីករាយនៅក្នុងអង្គភាពនីមួយៗ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោមដំបូលសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៃយើង៕