សភា​ពាណិជ្ជកម្ម​ មណ្ឌល​កំពង់ចាម​-មណ្ឌលគិរី​ បោះឆ្នោតជ្រើសរើស​ ​ប្រធាន​ និងសមាជិ​ ក្នុង​អាណត្តិទី៣​ លើកទី១

កំពង់ចាម​:​ គណៈកម្មការសភា​ពាណិជ្ជកម្ម​មណ្ឌល​កំពង់ចាម​-មណ្ឌលគិរី​ បាន​រៀបចំ​ធ្វើ​ការបោះឆ្នោត អាណត្តិទី៣​ លើកទី១​ ដើម្បីជ្រើសរើស​សមាជិក​ មកបំពេញបន្ថែម ចំនួនសមាជិក ដែលផុតអាណត្តិ និងជ្រើសរើស​ប្រធាន​១រូប​ ដេីម្បី​បន្ត​ការ​ដឹកនាំ​ ។ ដោយ​ការ​បោះឆ្នោត​នេះ​បាន​ចាប់ផ្ដើម​ពី​ម៉ោង​៨ព្រឹក​ រហូត​ដល់​ម៉ោង​៣រសៀល​ ថ្ងៃ​ទី​២៨​ ខែមីនា​ ឆ្នាំ​២០២៣​ នៅ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​កំពង់ចាម​ ក្រោម​វត្តមាន​ ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម​ ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា​ និង​ឯកឧត្ដម ឡោ​ ចាន់​លី​ អភិបាល​រង​ នៃគណៈអភិបាលខេត្តកំពង់ចាម ។

ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម​ បាន​ថ្លែង​ថា រាជរដ្ឋាភិបាលកម្ពុជា បាន​បង្កើត​ឲ្យ​មាន​សភាពាណិជ្ជកម្ម ដើម្បី ធ្វើជាតំណាងឲ្យអាជីវករ ក្នុងការស្វែងរកអ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស មកបណ្ដាក់ទុន នៅតាមបណ្ដាខេត្តនីមួយៗ ។ ជាក់ស្ដែង ការបោះឆ្នោតសភាពាណិជ្ជកម្មមណ្ឌលកំពង់ចាម មណ្ឌលគិរី អាណត្តិទី៣​ នាពេលនេះ គឺមាន​បេក្ខជនជាពាណិជ្ជករ អាជីវករ សេវាករដែលបានចុះឈ្មោះបោះឆ្នោត​ សរុប​ចំនួន​៤២១នាក់​ ក្នុងនោះមានបេក្ខជនឈរឈ្មោះ​ បោះឆ្នោតមានចំនួន១១រូប​ ដែល​ត្រូវ​ជ្រើសរើសយក​១០រូប​ ដេីម្បី​បំពេញបន្ថែមសមាជិក​ឲ្យ​គ្រប់​ចំនួន​ ១៥រូប​ ។ ជាមួយនោះ សមាជិកទាំងអស់បាន​បោះឆ្នោតជ្រើសរើស ប្រធាន ១រូប ដើម្បី បន្តការដឹកនាំផងដែរ ។

ឯកឧត្ដម​រដ្ឋលេខាធិកា​ ក៏​បាន​បញ្ជាក់ដែរថា សភាពាណិជ្ជកម្ម ជាវិស័យឯកជនមួយ ស្ថិតនៅក្នុងច្បាប់ ដែលទទួលស្គាល់ដោយអនុក្រឹត្យពីរាជរដ្ឋាភិបាល ផ្ដល់អត្ថប្រយោជន៍យ៉ាងសំខាន់ សម្រាប់បងប្អូនអាជីវករ ដើម្បី ធ្វើការទំនាក់ទំនង ជាមួយដៃគូវិនិយោគគិន មកវិនិយោគ នៅកម្ពុជា ។ ជាមួយនោះ សភាពាណិជ្ជកម្ម ក៏បានដើរតួយ៉ាងសំខាន់ និងជា​អាណាព្យាបាល​សម្រាប់បងប្អូនអាជីវកម្ម នៅតាមបណ្ដារាជធានីខេត្ត ក្នុងការធ្វើជំនួញផ្សេងៗ ផងដែរ ។ ដូច្នេះហើយ បានជាក្រសួងពាណិជ្ជកម្ម តែងតែផ្ដល់នូវយន្តការគាំទ្រ សភាពពាណិជ្ជកម្ម នៅតាមបណ្ដារាជធានី ខេត្ត ក៏ដូចជា សភាពាណិជ្ជកម្មកម្ពុជា ទាំងកិច្ចការបោះឆ្នោត និងការបណ្ដុះបណ្ដាលបច្ចេកទេ ជាលក្ខណៈអន្តរជាតិ ។

ក្នុងឱកាសនោះដែរ​ ឯកឧត្ដម ឡោ​ ចាន់​លី​ អភិបាល​រង​ ខេត្តកំពង់ចាម បានស្នើដល់សមាជិកសភាទាំងអស់ ត្រូវ​រៀបចំ​រចនាសម្ព័ន្ធដឹកនាំ ជាពិសេស ត្រូវមានតំណាងការិយាលល័យ ដើម្បី ងាយស្រួលធ្វើការទំនាក់ទំនងជាមួយ អាជ្ញាធរ និងអាជីវករនៅក្នុងមូលដ្ឋាន ក៏ដូចជា អាជីវករផ្សេងៗទៀត ដែលមានតម្រូវការ ។ ជាមួយនោះអាជ្ញាធរខេត្ត នៅតែបន្តសកម្មភាព ជួយដល់សភាពាណិជ្ជកម្មខេត្តកំពង់ចាម-ខេត្តមណ្ឌលមណ្ឌលគីរី ដើម្បី បន្តបង្កើតនូវទំនាក់ទំនង ជាមួយដៃគូវិនិយោគ ឲ្យកាន់តែច្រើនឡើងថែមទៀត មកធ្វើការអភិវឌ្ឍ នៅខេត្តកំពង់ចាម ។

គួរបញ្ជាក់ផងដែរថា ក្នុង​ដំណើរការបោះឆ្នោតជ្រើសរេីស សមាជិកសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី ជាលទ្ធផល បានជ្រើសរើសសមាជិកចំនួន ១០រូប ដើម្បី បំពេញបន្ថែមរចនាសម្ព័ន្ធ ជាមួយ​សមាជិក​មិន​ទាន់​ផុត​អាណត្តិ​ ចំនួន​៥រូប​ ។ បន្ទាប់មក សមាជិក សរុបទាំង​ ១៥រូប ក៏បានបោះឆ្នោតជ្រើសរើសប្រធានដឹកនាំ ១រូប ដោយ​បានឯកភាពលោក​ឧកញ៉ា​ ហួត​ ឈឿន ធ្វើជាប្រធាន ដើម្បី បន្តដឹកនាំសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី ក្នុងអាណត្តិទី ៣នេះ​ បន្តទៅទៀត​ ៕​