ឯកឧត្ដម អ៊ុន ចាន់ដា នាំអំណោយសម្ដេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន៣៦គ្រួសារ នៅស្រុកបាធាយ

0

កំពង់ចាម : ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នេះ បានអញ្ជើញនាំអំណោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ ចំនួន ៣៦គ្រួសារ នៅឃុំសំបូរ និងឃុំតាំងក្រាំង នៃស្រុកបាធាយ ខេត្តកំពង់ចាម ។

 

ឆ្លៀត ក្នុង ឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ទោះបីសម្ដេច មិនបានអញ្ជើញមកដោយផ្ទាល់ តែសម្ដេច លោក តែងតែមានក្តីនឹករលឹក គិតគូរអំពីសុខទុក្ខជាប្រចាំ ចំពោះ ប្រជាពលរដ្ឋទាំងអស់ ពិសេសប្រជាពលរដ្ឋ ដែលជួបការលំបាក រងគ្រោះ និងងាយរងគ្រោះ ហើយតែងបានចាត់តំណាង ចុះអន្តរាគមន៍ នាំយកនូវអំណោយសង្រ្គោះបន្ទាន់ ផ្ដល់ជូនទាន់ពេលវេលា ។

បើតាម លោក ផេន សុផល អភិបាលស្រុកបាធាយ ឲ្យដឹងថា នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ មានភ្លៀងធ្លាក់ លាយឡំជាមួយខ្យល់បោកបក់យ៉ាងខ្លាំង បណ្តាលឲ្យប៉ះពាល់លំនៅដ្ឋាន របស់ប្រជាពលរដ្ឋចំនួន ៣៦គ្រួសារ ក្នុងនោះ នៅឃុំសំបូរ បានរងនូវផលប៉ះពាល់ចំនួន ៤ភូមិ ស្នើនឹង ចំនួន ៣៣ ខ្នង (រលំផ្ទះ ០៧ខ្នង របើកដំបូលផ្ទះ ២៥ខ្នង និងដំបូលសាលា ០១ខ្នង) និងនៅភូមិតាពយ រលំផ្ទះ ០៣ខ្នង និងរបើកដំបូលផ្ទះ ០៩ខ្នង និងនៅភូមិបាឡាំង រលំផ្ទះ ០១ខ្នង និងរបើកដំបូលផ្ទះ ០៣ខ្នង នៅភូមិសង្កើប រលំផ្ទះ ០៣ខ្នង របើកដំបូលផ្ទះ១០ខ្នង និងសាលារៀន ០១ខ្នង នៅភូមិវាលរបើកដំបូល ០៣ខ្នង ឃុំតាំងក្រាំង ប៉ះពាល់ ចំនួន ០១ភូមិ របើកដំបូលផ្ទះ ចំនួន ០៣ខ្នង និងភូមិជើងឆ្នុក របើកដំបូលផ្ទះ ៣ខ្នង ។

សូមបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ទាំង ៣៥គ្រួសារ ក្នុង១គ្រួសារ ទទួលបានអង្ករ ចំនួន ២៥គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ តង់១ ។ ដោយឡែក គ្រួសារ ដែលរងគ្រោះធ្ងន់ធ្ងរ ចំនួន ០៧គ្រួសារ ក្នុង ១គ្រួសារ ទទួលបានថវិកាចំនួន ២០០.០០០រៀល គ្រួសារដែលរងគ្រោះមធ្យម ចំនួន ២៨គ្រួសារ ក្នុង ១គ្រួសារ ថវិកា ចំនួន ១០០.០០០រៀល ផងដែរ ៕