មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បិទវគ្គហ្វឹកហ្វឺនម្ចាស់ការបំប៉នក្បាច់គុនរបស់កងយោធពលខេមរភូមិន្ទ និងលំហាត់របៀបរយៈពេលខ្លី

0

(កំពង់ធំ)÷ នៅល្ងាចថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញជាអធិបតីភាព ក្នុងការបិទវគ្គហ្វឹកហ្វឺន បំប៉នក្បាច់គុនរបស់កងយោធពលខេមរភូមិន្ទ និងលំហាត់របៀប ជូនកងកម្លាំង ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សីស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

 

លោកអនុសេនីយ៍ឯក ឈា ពិសិដ្ឋ នាយរងការិយាល័យហ្វឹកហ្វឺននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងរាយការណ៍អំពីលទ្ធផល ចំណុចខ្លាំង ចំណុចខ្វះខាត ក្នុងការហ្វឹកហ្វឺនម្ចាស់ការ បំប៉នក្បាច់គុនរបស់កងយោធពពលខេមរភូមិន្ទ លំហាត់របៀប និងការហ្វឹកហាត់ក្បាច់រាំម៉ាឌីសុនជាក្រុម តាមផែនការហ្វឹកហ្វឺនរបស់បញ្ជាការដ្ឋាន យោធភូមិភាគទី៤ ដើម្បីអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនៅពេលខាងមុខ ដែលការហ្វឹកហាត់ក្នុងរយៈពេលខ្លីនាពេលកន្លងមកទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ ចំពោះលោកគ្រូ យោធាចារ្យទាំងអស់ សិក្ខាកាមគ្រប់រូប ដែលបានយកអស់កម្លាំងកាយ កម្លាំងចិត្ត និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបង្ហាត់បង្រៀន និងការហ្វឹកហាត់បំប៉នក្បាច់គុនរបស់កងយោធពលខេមរភូមិន្ទ ការហ្វឹកហាត់លំហាត់របៀប និងការហ្វឹកហាត់ក្បាច់រាំម៉ាឌីសុនជាក្រុម តាមផែនការ ដែលថ្នាក់លើបានប្រគល់ជូន បានយ៉ាងល្អប្រសើរ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់សិក្ខាកាមទាំងអស់ ក្រោយពេលបញ្ចប់កាហ្វឹកហាត់ពេល ត្រឡប់ទៅកាន់អង្គភាពវិញ ហើយត្រូវបន្តហ្វឹកហ្វឺនបំប៉នម្ចាស់ការតាមអង្គភាពនីមួយៗ និងត្រូវត្រៀមខ្លួនអនុវត្តតាមបទបញ្ជារបស់មេបញ្ជាការគ្រប់លំដាប់ថ្នាក់ ពិសេសចូលរួមក្នុងកិច្ចសហប្រតិបត្តិការការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ អបអរសាទរ សប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ពស២៥៦៧ ដែលនឹងឈានមកដល់នៅពេលខាងមុខនេះ៕