ប្រជាពលរដ្ឋ រងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន ១៧៩គ្រួសារ ទទួលអំណោយសង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន

0

(ប៉ៃលិន)៖ ព្រឹក​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០២៣ លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន អមដំណើរដោយ សមាជិក សមាជិកា​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត គណៈកម្មការ​អនុ​សាខា​កាកបាទក្រហម​ស្រុក​សាលា​ក្រៅ យុវជន​កាកបាទក្រហម យុវជន ស​.​ស​.​យ​.​ក និង​អាជ្ញាធរមូលដ្ឋាន ព្រមទាំង​ក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយសង្គ្រោះបន្ទាន់ទៅឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់បំផ្លាញផ្ទះសម្បែង ចំនួន ១៧៩គ្រួសារ នៅទូទាំងខេត្តប៉ៃលិន ។

លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានមានប្រសាសន៍នាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  ដែលសម្តេចតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ព្រមទាំងបានសំដែងនូវការសោកស្ដាយចំពោះការខូចខាតបាត់បង់ផ្ទះសំបែង ទ្រព្យសម្បត្តិដោយគ្រោះមហន្តរាយ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ រងគ្រោះ សូមកុំឱ្យមានការអស់សង្ឃឹម ត្រូវខិតខំប្រឹងប្រែងប្រកបមុខរបររកស៊ី ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារទៅថ្ងៃខាងមុខបន្តទៀត ។

លោកជំទាវប្រធាន បានមានប្រសាសន៍បញ្ជាក់ថា៖ ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួច មិនសមល្មមនឹងការខាតបង់របស់បងប្អូនក្តី តែក៏អាចជួយសម្រាលទុក្ខបាករបស់បងប្អូនបានមួយកម្រិតដែរ  ហើយនេះក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ជាពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តាមទិសស្លោកលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល” ។ នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះធម្មជាតិ ដើម្បីធានាបាននូវសុវត្ថិភាពផ្ទាល់ខ្លួន និងសេចក្តីសុខក្រុមគ្រួសារទាំងមូល ពីព្រោះរដូវនេះ ជារដូវមានភ្លៀងធ្លាក់ច្រើន និងលាយឡំជាមួយខ្យល់កន្ត្រាក់ ផ្គររន្ទះ ដែលងាយបង្កការគ្រោះថ្នាក់កើតឡើងជាយថាហេតុ ហើយបើមានបញ្ហាកើតឡើង ត្រូវប្រញ៉ាប់រាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋាន ដែលនៅជិតបំផុត ឲ្យបានលឿន ដើម្បីឱ្យក្រុមការងារ ចុះទៅជួយអន្តរាគមន៍ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ឱ្យបានទាន់ពេលវេលា ក្នុងការចូលរួមសម្រាលការខ្វះខាតនានា ជាបណ្តោះអាសន្ន ។

សូមបញ្ជាក់ថា៖ អំណោយសង្គ្រោះបន្ទាន់ដែលសាខាកាកបាទក្រហមកម្ពុជាសាខាខេត្តប៉ៃលិន ចែកជូនប្រជាពលរដ្ឋរងគ្រោះទាំង ១៧៩គ្រួសារ នាឱកាសនោះ ដោយក្នុង១គ្រួសារៗទទួលបានរួមមាន៖ អង្ក ២ការ៉ុង មី ១កេស ត្រីខ ១យួ តង់ដំណេក ១ កន្ទេល ១ ឃីត ១ (មុង ១ ក្រម៉ា ១ អាវយឺត ២ តង់ ១ អាវភ្លៀង ១ សារ៉ុង ១ អាវរងារ ១) សង្កសីមួយចំនួន និងថវិកា គ្រួសាររងគ្រោះធ្ងន់ធ្ងរទទួលបាន ២០ម៉ឺនរៀល និងរងគ្រោះស្រាល ១០ម៉ឺនរៀល ៕

អត្ថបទ ភ្នំខៀវ ប៉ៃលិន