កម្ពុជាបានបំបែកឯតទគ្គកម្ម ពិភពោលក”បេះដូងច្រើនជាងគេ

0

សៀមរាប៖ ព្រឹត្តិការណ៍បំបែកឯតទគ្គកម្ម “បេះដូងច្រើនជាងគេលើពិភពលោក” មានចំនួន ៣,៩១៧,៨០៥ លាន បេះដូងនៅក្នុងបរិវេណប្រាសាទអង្គរវត្ត។ តំណាងស្ថាប័ន Guinness World Records ដែលជាស្ថាប័នកំពូលចុះវត្តមានវត្ថុ ស្នាដៃ និងព្រឹត្តិការណ៍នានា ក្នុងកំណត់ត្រាបំបែកឯតទគ្គកម្មពិភពលោក នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។

Guinness World Records ប្រកាសដាក់បញ្ចូលក្នុងការបំបែកឯតទគ្គកម្ម «បេះដូងច្រើនជាងគេលើពិភពលោក» របស់កម្ពុជាលើទឹកដីអង្គរ ដែលមានចំនួនជិត ៤លានបេះដូង ដែលត្រូវបានតាំងបង្ហាញនៅក្នុងប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដែលមានចំនួន ៣,៩១៧,៨០៥បេះដូង។
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែង ក្នុងកម្មវិធីបំបែកឯតទគ្គកម្ម «បេះដូងច្រើនជាងគេលើពិភពលោក» ការបត់បេះដូងដើម្បីបំបែកឯតទគ្គកម្មនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតជាវេទិកា ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋគ្រប់រូប គ្រប់វ័យ គ្រប់មជ្ឈដ្ឋាន មានឱកាសបានចូលរួមគាំទ្រ ដើម្បីបង្ហាញឱ្យឃើញពីការរួមសហការគ្នារបស់កម្ពុជា ក្នុងការចែករំលែកក្ដីស្រលាញ់ ការលើកទឹកចិត្ត និងការគាំទ្រដល់កីឡាករ កីឡាការិនីគ្រប់រូបដែលខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីតំណាងជាតិមាតុភូមិ។ ឯកឧត្តម បានបន្តទៀតថា ការបត់បេះដូងនេះគឺជាការឆ្លើយតប និងការផ្ដល់ត្រលប់ទៅវិញ ដើម្បីបង្ហាញឱ្យឃើញពីការគាំទ្រ ការផ្ដល់ភាពកក់ក្ដៅ ការឱ្យតម្លៃ និងការអរគុណពីពួកយើងទាំងអស់គ្នា ជូនទៅដល់អត្តពលិកគ្រប់រូប ជាពិសេសអត្តពលិកដែលមានពិការភាព។ ឯកឧត្តម បានបញ្ជាក់ទៀតថា គោលដៅដើម្បីបំបែកឯតទគ្គកម្ម «បេះដូងច្រើនជាងគេលើពិភពលោក» នេះ គឺចំនួន ១លានបេះដូង ហើយបេះដូងនីមួយៗដែលប្រជាពលរដ្ឋចូលរួមបត់នោះមានតម្លៃស្មើនឹងការបរិច្ចាគ ៥០០រៀល ពីដៃគូបរិច្ចាគចំនួន ០៥ ដែលស្ម័គ្រចិត្តចូលរួមបរិច្ចាគជូនទៅកីឡាករ កីឡាការិនីដែលមានពិការភាព តាមរយៈគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា (សរុប ១លានបេះដូង ស្មើនឹងថវិកា ៥០០លានរៀល ប្រមាណ ១២៥,០០០ដុល្លារ)។
សូមជម្រាបជូនថា កន្លងមកកម្មវិធីបត់បេះដូងទទួលបានការគាំទ្រពីសំណាក់មហាជនគ្រប់វ័យ និងស្រទាប់វណ្ណៈ គ្រប់កោសិកានៃសង្គម ដែលនេះជាសក្ខីភាពនៃការបង្ហាញភាសាបេះដូងសម្រាប់កម្ពុជា ក៏ដូចជា ជ្រួតជ្រាបពីស្មារតី និងគោលដៅរបស់យុទ្ធនាការ BeyondTheGames ក្នុងការសាទរភាពជាម្ចាស់ផ្ទះរបស់កម្ពុជា និងគាំទ្រដល់កីឡាករ កីឡាការិនីទាំងអស់ដែលត្រៀមខ្លួនប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣នេះ។ ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាននៃសង្គមមកពីទូទាំង២៥ រាជធានីខេត្ត ព្រះសង្ឃ សិស្ស និស្សិតពីកម្រិតបឋមសិក្សា រហូតដល់កម្រិតសាកលវិទ្យាល័យ មន្ត្រីនៃស្ថាប័នរដ្ឋ បុគ្គលិកក្រុមហ៊ុនឯកជន សមាជិក សមាជិកា ស.ស.យ.ក. ទូទាំងប្រទេស មន្ត្រីអង្គការសមាគម អតិថិជននៅភោជនីយដ្ឋាន ហាងកាហ្វេ ឬ ផ្សារទំនើប សរុបចំនួន១៧៧ ស្ថាប័នបានចូលរួមក្នុងកម្មវិធី« បត់បេះដូងច្រើនជាងគេលើពិភពលោក» ។ គិតមកត្រឹមថ្ងៃបំបែក កម្មវិធី «បេះដូងច្រើនជាងគេលើពិភពលោកនេះ» ទទួលបានការចូលរួមលើសពីអ្វីដែលក្រុមការងារបានរំពឹងទុករហូតដល់ទៅចំនួន ៣,៩១៧,៨០៥ លានបេះដូង៕