រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ នៅខេត្តស្ទឹងត្រែង

0

ខេត្តស្ទឹងត្រែង៖ មនុស្សជាង ៨០០នាក់ បានចូលរួមក្នុងការប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ «នេះជាពេលដែលគ្រុនចាញ់ត្រូវសូន្យ តាមរយៈការវិនិយោគ កែច្នៃ និងអនុវត្ត » ​ដែលពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង និងមានការចូលរួមពី អភិបាលស្តីទី ខេត្តស្ទឹងត្រែង លោក ស៊ី សួន ,គណៈប្រតិភូក្រសួងសុខាភិបាល ,អង្គការដៃគូ ,គណៈអភិបាលខេត្ត ,គណៈអភិបាលស្រុកសៀមប៉ាង ប្រធាន អនុប្រធានមន្ទីរ អង្គភាព កងកម្លាំងទាំង៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន នៅថ្ងៃទី២៥មេសា២០២៣នេះ ស្ថិតនៅក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

អភិបាលស្តីទីខេត្តស្ទឹងត្រែង លោក ស៊ី សួន បានថ្លែងថា ក្នុងនាមរដ្ឋបាលខេត្ត សូមថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅ ដល់លោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដែលទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់នៅឆ្នាំនេះ បានសម្រេចយកខេត្តស្ទឹងត្រែង ក្នុងបានប្រារព្ធទិវានេះ ហើយក៏ជាយន្តការមួយសម្រាប់ប្រើប្រាស់ ដើម្បីលើកកម្ពស់ការយល់ដឹងពីជំងឺគ្រុនចាញ់ និងអ្នកពាក់ព័ន្ធ ពិសេសអាជ្ញាធរដែនដី ជួយអប់រំឲ្យមានភាពទូលំទូលាយ សម្រាប់ប្រជាពលរដ្ឋ ណែនាំបន្តតាមគ្រប់រូបភាព និងគ្រប់សកម្មភាព ដល់ប្រជាពលរដ្ឋ ដែលប្រឈមនឹងជំងឺគ្រុនចាញ់នៅតាមមូលដ្ឋាន ដែលមានការលំបាកក្នុងការគ្រប់គ្រងទិន្នន័យប្រជាជន ដែលប្រឈមនឹងជំងឺគ្រុនចាញ់នេះ។

លោក ស៊ី សួន បានជំរុញដល់អង្គភាព មន្ទីរជុំវិញខេត្តទាំងអស់ ត្រូវរួមសហការគ្នា ជាពិសេស មន្ទីរសុខាភិបាលខេត្ត និងអង្គការដៃគូសុខាភិបាលក្នុងខេត្ត ត្រូវអនុវត្តន៍ផែនការយុទ្ធសាស្រ្តជាតិ លុបបំបាត់ជំងឺគ្រុនចាញ់ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់ នៅក្នុងខេត្តស្ទឹងត្រែង ឱ្យបាននៅឆ្នាំ២០២៥។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានឡើងអានសារលិខិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ «នេះជាពេលដែលគ្រុនចាញ់ត្រូវសូន្យ តាមរយៈការវិនិយោគ កែច្នៃ និងអនុវត្ត»។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា នៅក្នុងសារលិខិតនេះ មានគោលបំណងជំរុញ និងបំផុសការយល់ដឹង និងយកចិត្តទុកដាក់កាន់តែខ្ពស់បន្ថែមទៀត ក្នុងការលើកកម្ពស់សុខុមាលភាពសង្គម និងសំដៅរួមចំណែក ដល់ការថែរក្សាសុខភាពរបស់ប្រជាពលរដ្ឋ។

លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបន្ថែមទៀតថា ជំងឺគ្រុនចាញ់មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់សុខភាព ចំណាយថវិកា តាមរយៈការចំណាយដោយផ្ទាល់លើការព្យាបាល ការខាតបង់ការងារ ការបាត់បង់ផលិតភាព និងអាយុជីវិតប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងបង្កផលប៉ះពាល់ជាអវិជ្ជមាន ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរទៀតផង។

លោករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា តាមទស្សនទាននេះ យើងទាំងអស់គ្នាចាំបាច់ណាស់ ត្រូវបន្តយកចិត្តទុកដាក់ លើបញ្ហាជំងឺគ្រុនចាញ់នេះ ដោយយើងមិនអាចមើលរំលងបានឡើយ។ ផ្ទុយទៅវិញ ប្រសិនបើប្រជាពលរដ្ឋមានសុខភាពល្អ នឹងនាំឱ្យមានជីវភាពរស់នៅល្អប្រសើរ មានលទ្ធភាពខ្ពស់ លើការបង្កើនចំណេះដឹង បង្កើនផលិតភាព ដែលនឹងនាំមកនូវភាពរីកចម្រើន សេចក្តីថ្លៃថ្នូរ និងសុភមង្គល៕ដោយ៖ឡុង សំបូរ