តុលាការខេត្តក្រចេះ បានសម្រេឃុំខ្លួនជនសង្ស័យ ១១នាក់ ក្នុងបទចោទ ដឹកជញ្ជូនផល ប្រមូលផល អនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាត

0

ខេត្តក្រចេះ៖ ចៅក្រមស៊ើបសួរ នៃសាលាដំដូងខេត្តក្រចេះ លោក គុយ ពិទូ បានសម្រេចចេញដីកាឃុំខ្លូនជនសង្ស័យ ១១នាក់ ក្នុងចំណោម ១២នាក់ ដាក់ពន្ធនាគារ ក្រោមបទចោទ «ដឹកជញ្ជូនផល ប្រមូលផល អនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាត និងដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទដឹកជញ្ជូនផល, ប្រមូលផល ,អនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាត» ដែលបានប្រព្រឹត្តនៅចំណុចអូរកំភ្លុក ត្រាំអង្ក្រង ត្រពាំងទា អន្ទង់ត្បាល់ បន្ទាយសៀម ត្រពាំងកាត់សក់ សោមដេប៉ូ ភ្នំចម៉ ក្នុងដែនការពារបរិសា្ថនកំពតគយ នៃដែនជម្រកសត្វព្រៃ ព្រៃឡង់ ស្ថិតនៅភូមិអាជន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។

ការសម្រេចឃុំខ្លួនជនជាប់ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ទាំង១១នាក់នោះ បានធ្វើឡើងកាលពីល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ដោយចោទក្នុងបទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៩៦ កថាខណ្ឌ១ ចំណុច២ និង មាត្រា៩៨ កថាខណ្ឌ២ ចំណុច១ នៃច្បាប់ស្តីពីព្រៃឈើ។

ជនសង្ស័យទាំង ១១នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ហុង វិណុល ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ និងក្រោយមក ក៏មានការឃាត់ខ្លួន ម្នាក់ទៀត នៅក្នុងសកម្មភាពដឹកជញ្ជូនផល អនុផលព្រៃឈើ នៅក្នុងស្រុកសំបូរ ខេត្តក្រចេះ។

ក្រោយពីទទួលបានបទបញ្ជាពី នាយឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នោះមក លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំកម្លាំង ១៥០នាក់ ចុះមកកាន់ខេត្តក្រចេះ ដើម្បីបង្ក្រាបបទល្មើសព្រៃឈើ ធនធានធម្មជាតិ និងជីវចម្រុះ។

សេចក្តីរាយការណ៍បានឲ្យដឹងថា នៅក្នុងសកម្មភាពចុះបង្ក្រាបបទល្មើសព្រៃឈើ របស់កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស គិតត្រឹមថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ កន្លងទៅនេះ កម្លាំងសមត្ថកិច្ចបានរកឃើញឈើ ៦រថយន្តធុនធំៗគ្រឿង មានផ្ទុកឈើចំនួនជាច្រើនម៉ែត្រគូប នៅក្នុងក្រុមហ៊ុនស៊ីង បាយអូថេក ហើយកម្លាំងសមត្ថកិច្ច ក៏កំពុងបើកការស្រាវជ្រាវរកអ្នកទទួលខុសត្រូវ និងអ្នកដែលមានការពាក់ព័ន្ធ នឹងការប្រព្រឹត្តបទល្មើស កាប់បំផ្លាញព្រៃឈើនេះ ផងដែរ។

យោងសេចក្តីប្រកាសព័ត៌មានរបស់ គណៈកម្មាការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបង្ហាញថា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមេសា២០២៣ កម្លាំងអាវុធហត្ថ បានរឹបអូសឈើសរុប ៣២៨.០៧១ម៉ែត្រគូប ក្នុងនោះ ឈើហ៊ុបមូល ១៨២កំណាត់ ស្មើនឹង២២៧.៩៥៥ម៉ែត្រគូប, ឈើប្រភេទលេខ១ សរុប ២២៤ដុំ ស្មើនឹង៦៣.៦៧២ម៉ែត្រគូប, ឈើប្រភេទលេខ២ ចំនួន ៩០៨សន្លឹក ស្មើនឹង៣៥.២៧៧ម៉ែត្រគូប, សសរ ៨ដើម ស្មើនឹង៣.២០១ម៉ែត្រគូប និងកូនឈើចម្រុះ១៣ដើម។

សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា កម្លាំងអាវុធហត្ថ បានឃាត់ខ្លួនមនុស្សដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ១២នាក់, ដកហូតរថយន្ដសណ្ដោងរ៉ឺម៉ក់ ៧គ្រឿង, គោយន្ដកន្ដ្រៃ ១៣គ្រឿង, ម៉ូតូ១គ្រឿង, ប្រេងសាំង ៣០លីត្រ, រណាយន្ដ ៥គ្រឿង និងកៅឡាក់ ១៤គ្រាប់ នៅក្នុងខេត្តចំនួន៤ គឺ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តកំពង់ធំ និងខេត្តព្រះវិហារ និងក្រោយបង្ក្រាប ទាំងវត្ថុតាង សម្ភារៈ និងជនដែលពាក់ព័ន្ធ ត្រូវបានប្រគល់ជូនរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្ដតាមនីតិវិធី។

សេចក្តីរាយការណ៍ដដែលបានឲ្យដឹងទៀតថា លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី២៨មេសា២០២៣ បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយនៅខេត្តក្រចេះ រវាងកម្លាំងថ្នាក់ជាតិ និងថ្នាក់ខេត្ត ដែលមានការពាក់ព័ន្ធ និងកិច្ចប្រជុំនេះផ្តោតសំខាន់ ដើម្បីអនុវត្ដបទបញ្ជារបស់ នាយឧត្តមសេនីយ៍ សៅ សុខា ក្នុងការចុះរុករក ស្រាវជ្រាវរកវត្ថុតាង ចុះស្រាវជ្រាវគល់ឈើ ដែលបានកាប់បន្ថែមទៀត ដើម្បីផ្ទៀងផ្ទាត់ និងដាក់បន្ទុកទៅលើឈើនៅក្នុងក្រុមហ៊ុនស៊ីង បាយអូថេក ថាតើផែនការមេ នៅក្នុងក្រុមហ៊ុន មានការឈូសឆាយ មានគាស់ឈើឬអត់ ហើយមន្ត្រីជំនាញ ក៏ត្រូវចុះត្រួតពិនិត្យក្រុមហ៊ុន និងឱ្យក្រុមហ៊ុនបង្ហាញឯកសារពាក់ព័ន្ធ ឈើទាំង ៦រថយន្ត ថាតើក្រុមហ៊ុន បានឈើនេះមកពីណា ដើម្បីឱ្យមន្ត្រីនគរបាលយុត្តិធម៌ មានសិទ្ធអំណាចស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យប្រព្រឹត្តិល្មើសតែម្ដង។​

គួរបញ្ជាក់ថា នៅពេលថ្មីៗកន្លងមកនេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចេញបញ្ជាឲ្យកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ១៥០នាក់ ចេញប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ ដោយភ្ជាប់ជាមួយអាវុធគ្រប់ដៃ និងអាចប្រើប្រាស់រថពាសដែកផងដែរ បើសិនក្រុមជនល្មើសប្រឆាំង តដៃ ជាមួយកម្លាំងសមត្ថកិច្ច ត្រូវចាប់វាយខ្នោះទាំងអស់ ក្នុងកំឡុងពេលអនុវត្តបទបញ្ជា ចុះបង្ក្រាបបទល្មើសព្រៃឈើនេះ៕ដោយ៖ឡុង សំបូរ