អង្គការមូលនិធីស៊ីនជេនតា សហការជាមួយក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ  អេ អឹម ខេ បើកសិក្ខាសាលា ស្តីអំពីការដាក់ឱ្យដំណើរការធានារ៉ាប់រងកសិកម្ម ផ្នែកលើសន្ទស្សន៍សម្រាប់កសិករខ្នាតតូចនៅកម្ពុជា

0

(ប៉ៃលិន)៖ នៅមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តប៉ៃលិន មានបើកសិក្ខាសាលា ស្តីអំពីការដាក់ឱ្យដំណើរការធានារ៉ាប់រងកសិកម្ម ផ្នែកលើសន្ទស្សន៍សម្រាប់កសិករខ្នាតតូចនៅកម្ពុជា ដែលរៀបចំឡើងដោយអង្គការមូលនិធីស៊ីនជេនតា សម្រាប់និរន្តភាពកសិកម្ម ,ក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ (ខេមបូឌា) ភី.អិល.ស៊ី និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភី.អិ.ល.ស៊ី ។ ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តប៉ៃលិន លោក ង៉ា លីហុង ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត ក្រុមប្រឹក្សាឃុំ សង្កាត់ និងលោកមេភូមិ អនុភូមិ សរុប៧០នាក់។

តំណាង អង្គការមូលនិធីស៊ីនជេនតា ក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ និងតំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ  អេ អឹម ខេ បានមានប្រសាសន៍លើកឡើងថា៖ សិក្ខាសាលានាពេលនេះ ធ្វើឡើង ក្នុងគោលបំណងផ្សព្វផ្សាយកម្មវិធីធានារ៉ាប់រងលើដំណាំសាកល្បងមួយចំនួននៅក្នុងខេត្តប៉ៃលិន រួមមាន មានៈពោតក្រហម និង ដំឡូងមី ហើយក៏ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ន អភិវឌ្ឍន៍ផ្សេងៗទៀត នឹងទទួលបានអនុសាសន៍ពីភាគីពាក់ព័ន្ឋ សម្រាប់ការអនុវត្តគម្រោងប្រកបដោយជោគជ័យ។

វិស័យកសិកម្មនៅតែជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា ដែលបានរួមចំណែកជិត ២៧ ភាគរយ នៃGDPជាតិ ហើយផ្ដល់ការងារដល់ប្រជាជនប្រមាណ ៥៧ ភាគរយ ។ កសិកម្មគឺជាមុខរបរមួយដែលមានភាពប្រថុយប្រថានច្រើន ហើយដំណាំរបស់កសិករកាន់តែងាយរងគ្រោះដោយសារគ្រោះធម្មជាតិ ដូចជា គ្រោះរាំងស្ងួត គ្រោះទឹកជំនន់ និងខ្យល់ព្យុះ ជាដើម ដែលជាមូលហេតុធ្វើឱ្យទិន្នផលធ្លាក់ចុះ បំផ្លាញផលដំណាំ ទ្រព្យសម្បត្តិ ព្រមទាំងធ្វើឱ្យប្រាក់ចំណូលធ្លាក់ចុះផងដែរ។ ដោយសារខ្លាចការបាត់បង់កសិករមិនហ៊ានប្រថុយក្នុងការវិនិយោគ ឬប្រើប្រាស់ប្រាក់កម្ចីដើម្បីពង្រីកផលិតកម្មរបស់ពួកគាត់នោះទេ។ ដូច្នេះ ដំណោះស្រាយមួយ ក្នុងចំណោមដំណោះស្រាយផ្សេងៗទៀត សម្រាប់ការពារផ្នែកហិរញ្ញវត្ថុរបស់កសិករ គឺតាមរយៈធានារ៉ាបងដំណាំ ។ វាដើរតួនាទីដូចជាសំណាញ់សុវត្ថិភាព (លើកទឹកចិត្តឱ្យកសិករធ្វើការវិនិយោគ ប្រកបដោយទំនុកចិត្ត។ ធានារ៉ាប់រងដំណាំ ជួយកសិករកាត់បន្ថយហានិភ័យដែលមិនអាចគ្រប់គ្រងបានក្នុងឆ្នាំដែលមិនអំណោយយផល។

លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តប៉ៃលិន លោក ង៉ា លីហុង ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា មានការយកចិត្តទុកដាក់ខ្ពស់លើវិស័យកសិកម្ម និងបានកសាងនូវទំនប់ទឹក ប្រព័ន្ធធារាសាស្រ្តយ៉ាងច្រើនខ្វាត់ខ្វែងនៅទូទាំងប្រទេស សម្រាប់បំរើអោយវិស័យកសិកម្ម។ នៅខេត្តប៉ៃលិន ក្រោមការដឹកនាំរបស់លោកជំទាវបាន ស្រីមុំ អភិបាលខេត្ត យើងមានប្រព័ន្ធធានរាសាស្រ្តចំនួន៣កន្លែង សំរាប់ផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋធ្វើស្រែ ចំការ និងកំពុងស្មើសុំបង្កើតប្រព័ន្ធធារាសាស្រ្តចំនួន២កន្លែងបន្ថែមទៀត។

ទោះជាយ៉ាងណាគ្រោះធម្មជាតិ ក៏នៅតែបង្ករហានិភ័យ និងមកបំផ្លិចបំផ្លាញផលដំណាំរបស់ប្រជាពលរដ្ឋយើងមិនលោះឆ្នាំឡើយ។ ដូច្នេះការចូលរួមក្នុងកម្មវិធីធានារាប់រងកសិកម្មក៏ជាមធ្យោបាយមួយទៀតដែលល្អប្រសើ សំរាប់ធានាការខូចខាត បាត់បង់របស់ប្រជាកសិករយើង។ លោក សាយ សុផាត ក៏បានផ្តល់យោបល់អោយប្រជាពលរដ្ឋសិក្សាស្វែងយល់អោយបានច្បាស់លាស់ពីគំរោងធានារ៉ាប់រងកសិកម្មនេះ ដើម្បីធ្វើការសម្រេចចិត្តអោយបានត្រឹមត្រូវ ទទួលបានផលល្អទាំងកសិករ និងអង្គការ៕

អត្ថបទ ភ្នំខៀវ ប៉ៃលិន