ថវិកាបេឡាមរណសង្គ្រោះ និងអំណោយស្បៀងអាហាររបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ត្រូវបានប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនពិការ នៅស្រុកស្ទោង ខេត្ដកំពង់ធំ

0

កំពង់ធំ÷ នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ រួមជាមួយថ្នាក់ដឹកនាំ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនស្រុកស្ទោង បាននាំយកថវិកាបេឡាមរណ សង្គ្រោះ ចំនួន៤លានរៀល និងអំណោយស្បៀងអាហាររបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នីទៅប្រគល់ជូនក្រុមគ្រួសារសពអតីតយុទ្ធជនពិការ នៅភូមិស្លាករ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ។

លោកវរសេនីយ៍ទោ កែ ម៉ៃ អនុប្រធានក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានបញ្ជាក់ថា លោកព្រិន្ទបាលឯក ឈឿន សារឿន អាយុ៦៩ឆ្នាំ ចូលបម្រើកងទ័ពក្នុងឆ្នាំ១៩៨២ មុខងារក្រុមបោសសំអាតមីននៅអង្គភាពកងវរសេនាតូច៤១២ កងពលតូចលេខ៤១ យោធភូមិភាគទី៤ ។ លោកបានត្រូវរបួសពិការដាច់ជើងខាងឆ្វេង និងស្វិតជើងខាងស្តាំ ពេលដែលបោសសំអាតមីននៅសមរភូមិស្វាយលើ ខេត្តសៀមរាប  ហើយលោកបានទទួលមរណភាព ដោយរោគាពាធ នៅវេលាម៉ោង៩:៤៥នាទីយប់ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយចំពោះការបាត់បង់ជីវិត របស់លោកព្រិន្ទបាលឯក ឈឿន សារឿន ជាអតីតយុទ្ធជនពិការ ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ មាតុភូមិ និងប្រជាជន ហើយសូមបួងសួងដល់វិញ្ញាណក្ខន្ឋលោក ឈឿន សារឿន បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ចាក់ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្តម ទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា លោកបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីដោះស្រាយនូវរាល់ការលំបាក របស់បងប្អូនអតីតយុទ្ធជនយើងមានដូចជា ការបែងចែកដីធ្លី ការសាងសង់ផ្ទះសម្បែងជូនបងប្អូនអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតពិតប្រាកដ និងការផ្ដល់នូវប័ណ្ណបេឡាជាតិសន្តិសុខសង្គម ជូនបងប្អូនអតីតយុទ្ធជន សម្រាប់ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ ហើយនៅពេលដែលអតីតយុទ្ឋជនយើងទទួលមរណភាពក្នុងគ្រួសារសពទទួលបានថវិកាបេឡាមរណសង្គ្រោះសម្រាប់ធ្វើបុណ្យសព ជាក់ស្ដែងថវិកាបេឡាមរណសង្រ្គោះ ចំនួន ៤,០០០,០០០ រៀល គឺដោយសារការផ្ដួចផ្ដើមឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីសម្រួលដល់ការធ្វើបុណ្យសពឲ្យបានសមរម្យ និងសូមបានផ្ដាំផ្ញើដល់គ្រួសារសពអតីតយុទ្ធជនទាំងអស់ ត្រូវខិតខំថែរក្សាសុខភាពល្អ ជៀសផុតពីជំងឺផ្សេងៗ ។

នៅក្នុងឱកាសនេះ ប្រធានសមាគមអតីតយុទ្ឋជនកម្ពុជា ខេត្តកំពង់ធំ បាននាំយកនូវអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ចូលរួមក្នុងពិធីបុណ្យសពនេះបន្ថែមទៀតរួមមាន៖អង្ករចំនួន៥០គីឡូក្រាម មីជាតិចំនួន២កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន២យួរ ត្រីខកំប៉ុង ចំនួន ០២យួរ ដែលត្រូវបានប្រគល់ជូនគ្រួសារសពអតីតយុទ្ធជននៅថ្ងៃនេះផងដែរ ។