អាវភ្លៀងជាច្រើនម៉ឺន និងគ្រឿងបរិភោគជាច្រើនមុខ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបាននាំយកមកប្រគល់ជូន កងកម្លាំងប្រដាប់អាវុធ គណៈបញ្ជាការឯកភាពទិសទី៣ ក្នុងខេត្តឧត្តរមានជ័យ

0

ខេត្តឧត្តរមានជ័យ៖ ឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅរសៀលថ្ងៃទី៨ ខែឧសភា ម្សិលមិញ បានដឹកនាំប្រតិភូចុះសួរសុខទុក្ខ ដោយនាំយកអាវភ្លៀង និងគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ មកផ្តល់ជូនកងកម្លាំងប្រដាប់អាវុធ គណៈបញ្ជាការឯកភាពទិសទី៣ ស្ថិតក្នុងខេត្តឧត្តរមានជ័យ ជាប់ព្រំដែនថៃ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួម ពីនាយឧត្ដមសេនីយ៍ គីម ប៊ុនថាន អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍ឯក លៀង ភារម្យ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក អភិបាល នៃគណៈអភិបាល ខេត្តឧត្តរមានជ័យ លោក ប៉ែន កុសល្យ និងអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី ក្រោមកិច្ចទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ លោកឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ ផងដែរ។

គណៈបញ្ជាការឯកភាពទិសទី៣  លោកឧត្តមសេនីយ៍ឯក កែវ ធី បានលើកឡើងថា មានភារកិច្ចឈើជើងទទួលខុសត្រូវតាមបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ចាប់ពីព្រំប្រទល់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ រហូតដល់ព្រំប្រទល់  ខេត្តបន្ទាយមានជ័យ។ លោកឧត្តមសេនីយ៍បានបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងការពារជាតិ អគ្គបញ្ជាការ មេបញ្ជាការកងទ័ពជើងគោក ក្នុងភារកិច្ចការពារជាតិ គណៈបញ្ជាការឯកភាពទិសទី៣ នៃយោធភូមិភាគទី៤ បានដឹកនាំបណ្តាកងឯកភាព សហការកសាង និងពង្រឹងប្រៀបការពារជាតិ ការពាររឹងមាំអធិបតេយ្យ បូរណភាពទឹកដី នៃមាតុភូមិ និងពង្រឹងកិច្ចសហប្រតិបត្តិការរក្សាប្រក្រតីភាពព្រំដែន កសាង«ព្រំដែនសន្តិភាព មិត្តភាពសហប្រតិបត្តិការ និងការអភិវឌ្ឍ» តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបធិបតីតេជោ ហ៊ុន សែន ។

ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា កងកម្លាំងប្រដាប់អាវុធ គឺជាខែលដ៏សំខាន់  មិនអាចខ្វះបាន នៅក្នុងការរក្សាការពារសុខសន្តិភាព ជូនប្រទេសជាតិ និងប្រជាជន ទោះបីព្រឹត្តិការណ៍ប្រាសាទតាមន្ត តាក្របី បានកន្លងផុតទៅ ហើយបានវិលត្រឡប់មកជាស្ថានភាព នៃកិច្ចសហប្រតិបត្តិការ ក្រោមម្លប់សុខសន្តិភាព ស្ថិរភាព និងការទំនាក់ទំនងទ្វេភាគីល្អយ៉ាងណាក៏ដោយ ក្នុងនាមប្រជាពលរដ្ឋកម្ពុជា នៅតែចងចាំមិនអាចបំភ្លេចបាន ចំពោះវីរភាពអង់អាចក្លាហាន របស់កងទ័ពយើង ក្នុងការរក្សាការពារដែនដីរបស់ខ្លួន ស្របតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថាទោះបីមួយមីលីម៉ែត្រក៏យើងមិនចង់បាន តែមួយមីលីម៉ែត្រក៏យើងមិនឲ្យបាត់បង់នោះឡើយ ។

ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ទៀតថា វិធីសាស្ត្រដ៏យូរអង្វែង គឺការប្រែក្លាយតំបន់ប្រយុទ្ធ មកជាតំបន់អភិវឌ្ឍន៍ ពីសមរភូមិ ទៅជាទីផ្សារ និងពីតំបន់គ្រោះថ្នាក់ឲ្យទៅជាតំបន់ទេសចរណ៍ និងកសាងខ្សែបន្ទាត់ព្រំដែន ជាមួយប្រទេសជិតខាង ឲ្យទៅជាខ្សែព្រំដែន សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍលើគ្រប់វិស័យ ៕ ដោយ៖ឡុង សំបូរ