អភិបាលខេត្តកំពង់ចាមសុខភាពល្អ ផ្លូវចិត្តល្អ អាយុយឺនយូរ ដូច្នេះយើងត្រូវរួមគ្នាគិតគូរអំពីសុខភាពពលរដ្ឋ

0

កំពង់ចាម:  អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានចាត់ទុកថា សុខភាពល្អ ផ្លូវចិត្តល្អ អាយុយឺនយូរ ដូច្នេះយើងត្រូវរួមគ្នាគិតគូរអំពីសុខភាព របស់បងប្អូនប្រជាពលរដ្ឋ ធ្វើយ៉ាងណាឱ្យសុខភាពទាំងផ្លូវកាយ និងសុខភាពផ្លូវចិត្ត ល្អប្រសើរឡើងទាំងទ្វេ ។ ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យ ព្យាបាលជម្ងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ និងព្រះមន្រ្តីសង្ឃ នៅវត្តបុទុមរតន:ដីដុះ ស្ថិតក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសាខាសមាគមសិស្ស និស្សិតបញ្ញវន្តក្មេងវត្តខេត្តកំពង់ចាម សរុបចំនួន២៩នាក់ ដោយមានការគាំទ្រពីឯកឧត្តម ហ៊ុន ម៉ានិត បានចុះពិនិត្យ ព្យាបាលជម្ងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ដេីម្បីជាការចូលរួមកាត់បន្ថយការចំណាយរបស់បងប្អូន នៅពេលដែលមានជម្ងឺឈឺថ្កាត់ ដោយមិនចាំបាច់ចំណាយពេលវេលា និងថវិកាទៅមន្ទីរពេទ្យរដ្ឋ និងឃ្លីនីចឯកជនណាមួយ ពោលគឺការពិនិត្យព្យាបាលដោយមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយអ្វីឡេីយ ។

ឯកឧត្ដមអភិបាលខេត្ត បានបន្តថា សកម្មភាពទាំងនេះអាចប្រព្រឹត្តទៅបានក៏ដោយសារប្រទេសជាតិយេីង មានស្ថេរភាព និងសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការដឹកនាំប្រទេសជាតិ ឱ្យមានការអភិវឌ្ឍន៍រីកចម្រើន ឥតឈប់ឈរ តាមរយៈការផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ ដូច្នេះសូមឱ្យលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ រួមគ្នាថែរក្សាសុខសន្តិភាព និងស្ថេរភាពគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ឱ្យបានគង់វង្ស ដេីម្បីបន្តការអភិវឌ្ឍន៍ ជាពិសេសការលើកស្ទួយជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋផងដែរ ។

ឯកឧត្តមវេជ្ជបណ្ឌិត សៅ សំបូរ បានឱ្យដឹងថា ការពិនិត្យ និងព្យាបាលជម្ងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ និងព្រះមន្រ្តីសង្ឃ នៅវត្តបុទុមរតន:ដីដុះ នេះ គឺក្រុមគ្រូពេទ្យស្ម័គ្រចិត្តសាខា សមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត មានចំនួន ២៩នាក់ ក្នុងនេះ ផ្នែកពិនិត្យជំងឺទូទៅចំនួន១៨នាក់ ផ្នែកពិនិត្យ និងដកធ្មេញ ៨នាក់ ក្រោមការដឹកនាំរបស់លោកទន្តបណ្ឌិត ប៉ែន ម៉ារឌី នាយកសាលា មធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម និងផ្នែកចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ចំនួន៣នាក់ បន្ថែមដោយក្រុមសម្របសម្រួល ការងាររបស់សមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តខេត្តកំពង់ចាម ចំនួន ៧នាក់ទៀត។ ចំពោះពេលវេលានៃការពិនិត្យ ពិគ្រោះជំងឺ គឺចាប់ពីម៉ោង ៨.៣០ នាទីព្រឹក រហូតដល់ម៉ោង ២រសៀល ៕