ក្រសួងរ៉ែ និងថាមពល បើកសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យ និងប្រកាសស្តីពីការគ្រប់គ្រង និងផលិតផលប្រេងកាត ផ្នែកដោនស្ទ្រីម នៅខេត្តប៉ៃលិន

0

ដោយ ភ្នំខៀវ ប៉ៃលិន
ប៉ៃលិន៖ ព្រឹកថ្ងៃទី១១ខែឧសភា ឆ្នាំ២០២៣ ក្រសួងរ៉ែ និងថាមពល បានបើកសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយអនុក្រឹត្យ ស្តីពី «ការអនុវត្តច្បាប់ នៃការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត ផ្នែកដោនស្ទ្រីម» ប្រកាសស្តីពី «លក្ខខណ្ឌ និងនីតិវិធី នៃការផ្តល់វិញ្ញាបនបត្រ បញ្ជាក់បច្ចេកទេសសុវត្ថិភាព លិខិតអនុញ្ញាត និងអាជ្ញាបណ្ណ សម្រាប់សកម្មភាពផ្នែកដោនស្ទ្រីម» និងប្រកាសស្តីពី «ការធ្វើប្រតិភូកម្មមុខងារ ក្នុងការផ្តល់សេវារដ្ឋបាលពាក់ព័ន្ធ ទៅឲ្យរដ្ឋបាល រាជធានី ខេត្ត ក្រោមអធិបតីភាពឯកឧត្តម ជៀប សួរ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល តំណាងឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោក សុខ ពិសី អភិបាលរងខេត្ត តំណាងលោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីសិក្ខាកាមចំនួន ៦០ នាក់ មកពីខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ ដែលបានប្រារព្ធធ្វើ នៅរីសតមែម៉ូរីយ៉ ស្ថិតក្នុងភូមិបរយ៉ាខា សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោក សុខ ពិសី អភិបាលរងខេត្ត តំណាងលោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានឲ្យដឹងថាៈ បច្ចុប្បន្នខេត្តប៉ៃលិន មានស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ ទូទាំងខេត្ត មានចំនួន៤៨ស្ថានីយ៍ ក្នុងនោះស្ថានីយ៍ប្រេងឥន្ធនៈ ចំនួន៤២ស្ថានីយ៍ និងស្ថានីយ៍រួមប្រេង និងឧស្ម័នចំនួ៦ស្ថានីយ៍ ។លោក សុខ ពិសី អភិបាលរងខេត្តប៉ៃលិន មានប្រសាសន៍បន្តថា៖ សិក្ខាសាលា នាពេលនេះ គឺជាការឆ្លុះបញ្ចាំង ឲ្យឃើញ អំពីការអភិវឌ្ឍន៍ លើ វិស័យប្រេងកាតនៅកម្ពុជា ក៏ដូចជានៅខេត្តប៉ៃលិន ហើយពិតជាមានអត្ថប្រយោជន៍ឥតគណនា មិនត្រឹមតែមន្ត្រីជំនាញ នៃរដ្ឋបាលខេត្ត មន្ត្រីជំនាញរដ្ឋបាលក្រុង ស្រុក មន្ត្រីនៃមន្ទីររ៉ែ និងថាមពល វាថែមទាំងម្ចាសក្រុមហ៊ុនប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ អាចយល់ដឹងកាន់តែស៊ីជម្រៅបន្ថែមទៀតអំពីសមត្ថកិច្ច និងវិធានការទាំងឡាយ សម្រាប់ការគ្រប់គ្រងផ្នែកដោនស្ទ្រីម និងសកម្មភាពាក់ព័ន្ធទាំងឡាយ ជាពិសេសការត្រួតពិនិត្យសកម្មភាពផ្នែកដោនស្ទ្រីមនិងនីតិវិធីពាក់ព័ន្ធនិងការផ្តល់អាជ្ញាបណ្ណ នីតិវិធីនៃការផ្តល់លិខិតអនុញ្ញាត។ជាមួយគ្នានេះលោកអភិបាលរងខេត្ត សង្ឃឹមថា សិក្ខាកាមទាំង ២ ខេត្ត ពិតជាទទួលបាន នូវចំណេះដឹងថ្មីៗ រួមទាំង អនុក្រឹត្យ ច្បាប់ ប្រកាស និងលិខិតបទដ្ឋានគតិយុត្តិនានា សំដៅចូលរួមអនុវត្ត និងការពារ បាននូវសុខសុវត្ថិភាព លើអាជីវកម្មប្រេងឥន្ទនៈ និងឧស្ម័នឥន្ទនៈផងដែរ ។
មានប្រសាសន៍ក្នុងឪកាសនោះដែរឯកឧត្តម ជៀប សួរ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល តំណាងឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា៖ ពិធីបើកសិក្ខាសាលានេះ រៀបចំឡើងដោយក្រសួងរ៉ែ និងថាមពល ដោយក្រសួង មានចក្ខុវិស័យច្បាស់លាស់ ក្នុងការគ្រប់គ្រង និងប្រើប្រាស់ សក្តានុពលប្រេងកាត និងផលិតផលប្រេងកាត ដើម្បីរួមចំណែក អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងផលប្រយោជន៍យូរអង្វែងរបស់ប្រទេសជាតិ។ឯកឧត្តម មានប្រសាសន៍បន្តថា៖ សិក្ខាសាលានេះ មានគោលបំណងផ្សព្វផ្សាយ វិធាន នៃការគ្រប់គ្រងសកម្មភាព ផ្នែកដោនស្ទ្រីម នីតិវិធី បែបបទ និងលក្ខខណ្ឌ ក្នុងការផ្តល់ និងដកហូតវិញ្ញាបន បត្របញ្ជាក់បច្ចេកទេសសុវត្ថិភាព លិខិតអនុញ្ញាត និងអាជ្ញាបណ្ណ ដើម្បីពង្រឹង សមត្ថភាពមន្ត្រីជំនាញ នៃមន្ទីររ៉ែ និងថាមពល អាជ្ញាធរមានសមត្ថកិច្ច ជាពិសេស មន្ត្រីបម្រើសេវាផ្ទាល់ ជាមួយប្រជាពលរដ្ឋ ឲ្យយល់ដឹង អំពីតួនាទី ភារកិច្ច និងនីតិវិធីនានា ឆ្លើយតបនឹងតម្រូវការ របស់ប្រជាពលរដ្ឋ ប្រកបដោយ ប្រសិទ្ធភាព សក្តិសិទ្ធិភាព និងតម្លាភាព។ឯកឧត្តមរដ្ឋលេខាធិការ មានប្រសាសន៍បន្តថា៖ សិក្ខាសាលានេះ ត្រូវបានមន្ត្រីជំនាញ ធ្វើបទបង្ហាញនូវខ្លឹមសារសំខាន់ៗ នៃអនុក្រឹត្យ ស្តីពីការអនុវត្តច្បាប់ នៃការគ្រប់គ្រងប្រេងកាត និងផលិតផល ប្រេងកាត ប្រកាសស្តីពីលក្ខខណ្ឌ និងនីតិវិធី នៃការផ្តល់វិញ្ញាបនបត្រ បញ្ជាក់ បច្ចេកទេសសុវត្ថិភាព សកម្មភាពផ្នែកដោនស្ទ្រីម និងការធ្វើប្រតិភូកម្មមុខងារ ក្នុងការផ្តល់សេវារដ្ឋបាលពាក់ព័ន្ធ ទៅឲ្យរដ្ឋបាលរាជធានី ខេត្ត ។ ដូចនេះ សូមយកចិត្តទុកដាក់ស្តាប់ កត់ត្រា សួរដេញ ដោលប្រយោជន៍ សម្រាប់យក ទៅអនុវត្តការងារឲ្យមានប្រសិទ្ធភាពផងដែរ៕