លោក គង់ វុន ប្រធានអគ្គិសនីស្រុកជីក្រែងរងការចោទប្រកាន់ពីប្រជាពលរដ្ឋថាបន្តធ្វើការឈូសឆាយដីព្រៃយកមកធ្វើជាកម្មសិទ្ធដោយមិនខ្ចីខ្វល់ប៉ះពាល់បរិស្ថាននិងច្បាប់ស្តីពីព្រៃឈើ

0

ដោយ អ៊ុក ផ្លុង
សៀមរាប: លោក គង់ វុន ប្រធានអគ្គិសនីឃុំប្រឡាយ ស្រុកស្ទោង និងទីរួមស្រុកជីក្រែងខេត្តសៀមរាប។បច្ចុប្បន្នរស់ភូមិកំពង់ក្ដី២ឃុំកំពង់ក្តីស្រុកជីក្រែងខេត្តសៀមរាប។យោងតាមសម្ដីបុរសម្នាក់ក្នុងលក្ខណ្ឌមិនបញ្ចេញឈ្មោះបានប្រាប់អ្នកសារព័ត៌មានថាប៉ុន្មានថ្ងៃមុននេះមានត្រាក់ ទ័រយ៉ាងហោច ណាស់ចំនួនបីគ្រឿងបានកំពុងតែធ្វើសកម្មភាពឈូសឆាយព្រៃស្រាប់មានបុរស៣នាក់ទំនងជាអ្នកសារព័ត៌មានស្រាប់តែត្រាក់ទ័រ ដែលកំពុងធ្វើសកម្មភាពបានបើករត់ចេញពីព្រៃជាអកុសល្យមានត្រាក់ទ័រចំនួនមួយគ្រឿងរត់មិនរួច មួយសន្ទុះក្រោយមកស្រាប់តែមានកម្លាំងរដ្ឋបាលព្រៃឈើមករឹបអូសយកត្រាក់ទ័រ យកទៅបាត់តែម្តង។
សូមបញ្ជាក់ថាច្បាប់ស្តីពីព្រៃឈើ÷មាត្រាទី៩៧ចំណុច៦,៧ និងចំណុច៨
កាប់រានព្រៃឈូសឆាយព្រៃហ៊ុំព័ទ្ធព្រៃឈើបង្កអោយភ្លើងឆេះព្រៃដោយចេតនា
ក្រៀវ បំពុល កាប់បំផ្លាញផ្ដួលរំលំ ឬគាស់រំលើងប្រមូលគល់ឈើត្រូវផ្ដន្ទាទោសបទល្មើសព្រៃឈើថ្នាក់លេខ១ដែលត្រូវជាប់ពន្ធនាគារពី(៥)ឆ្នាំ ទៅ(១០)ឆ្នាំនិងត្រូវរឹបអូសវត្ថុតាងទាំងអស់មកជាទ្រព្យសម្បត្តិរដ្ឋ។
ករណីឈូសឆាយដីព្រៃនេះកើតឡើងនៅចំណុចអូរ កន្ដៀងស្ថិតក្នុងភូមិ រូង ថ្មី ភូមិសាស្ត្រឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប។
ពាក់ព័ន្ធបញ្ហានេះលោក វង្ស សាំងសំរិតហៅ(ហុង ដា)នាយសង្កាត់រដ្ឋបាលព្រៃឈើកំពង់ក្ដីបានប្រាប់អ្នកសារព័ត៌មានថា សកម្មភាពនេះបានកើតឡើងដូចប្រជាពលរដ្ឋអះអាងខាងលើមែន។ ប៉ុន្តែម្ចាស់ត្រាក់ទ័រ ជាអ្នកណាឈ្មោះអ្វី? អ្នកអោយឈូសឆាយព្រៃអ្នកណាឈ្មោះអ្វី? លោកមិនបានដឹងទេ ព្រោះពេលលោកទៅដល់ឃើញតែត្រាក់ទ័រមិនបានជួបម្ចាស់នោះទេ។ លោក យុន ប្រុស មេឃុំ ល្វែងឬស្សីបានបំភ្លឺប្រាប់អ្នកសារព័ត៌មានថារឿងរ៉ាវឈូសឆាយព្រៃនៅចំណុចអូរកន្ដៀងលោកមិនបានដឹងទេបើលោកដឹងម្ល៉េះលោកបញ្ជាអោយកម្លាំងចុះចាប់ហើយព្រោះដីចំណុចនោះជាប់គម្រប់ព្រៃឈើ។
លោក ឈុត សារិនមេភូមិ រូងថ្មីក៏បានឆ្លើយប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទដែលថាអ្នកដែល ឈូសឆាយព្រៃឈើនៅតំបន់នោះពិតជាលោក គង់ វុនប្រធានអគ្គិសនីស្រុកជីក្រែងជាអ្នកប្រព្រឹត្តមែន។
ប្រវត្តិដីនៅតំបន់នោះដំបូងឈ្មោះ សុង ណាតជាអ្នកទិញជាលក្ខណៈក្រុមហ៊ុនដាំស្រូវរំដួលក្រោយមកលឺថាលោកសុងន៊ណាតបានលក់ទៅអោយលោក គង់ វុន បន្ទាប់ពីលោកគង់ វុនទិញដីបានលោកគង់ វុន ចាប់ផ្ដើមប្រមូលទិញដីព្រៃពីអ្នកស្រុកបន្ថែមហើយក៏ចាប់ផ្ដើមធ្វើសកម្មភាពឈូសឆាយព្រៃដោយដីខ្លះបានទិញពីអ្នកស្រុកនិងដីខ្លះទៀតមិនបានទិញទេ ដោយឈូសព្រៃយកឈូសព្រៃយកតែម្តងទើបមានរឿងរ៉ាវជាមួយប្រជាពលរដ្ឋមិនចេះចប់មិនចេះហើយ។ ប៉ុន្តែប៉ុន្មានថ្ងៃមុននេះលោកគង់ វុនបានធ្វើការសម្របសម្រួលជាមួយប្រជាពលរដ្ឋដែលចាប់ដីព្រៃលក់រួចរាល់ហើយបានលោក គង់ វុនធ្វើការរានព្រៃបន្ត រហូតដល់រឿងនេះបែកការដល់ថ្នាក់លើទើបមានការរឹបអូសត្រាក់ ទ័រចំនួន១គ្រឿង។ ហើយលោក ឈុត សារិន ថាព្រៃឈើនៅទីនោះសល់ជាង១០០ហិចតាទៀត។
ទន្ទឹមនឹងនោះប្រជាពលរដ្ឋដែលស្រឡាញ់ធនធានធម្មជាតិ និងបរិស្ថានសូមណូមពរដល់លោកទៀរ គឹមសុទ្ធប្រធានមន្ទីរកសិកម្មខេត្តសៀមរាប និងលោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបព្រមទាំង លោកប៉ូ ម៉េងទ្រីអភិបាលស្រុកជីក្រែងមេត្តាចុះមកសិក្សាព្រៃនៅភូមិសាស្រ្តនេះគោលបំណង់របស់ប្រជាពលរដ្ឋដែលមិនបានចូលរួមចាប់ដីព្រៃលក់ទុកព្រៃអាយក្មេងជំនាន់ក្រោយស្គាល់ប្រភេទដើមឈើខ្លះនិងជីវះសត្វចម្រុះនៅទីនោះមានជម្រកជ្រកផង។
ពាក់ព័ន្ធការចោទប្រកាន់របស់ប្រជាពលរដ្ឋលោក គង់ វុន ខាងលើនេះអ្នកសារព័ត៌មានមិនអាចរកលេខទូរស័ព្ទរបស់លោកគង់ វុន ដើម្បីធ្វើការបកស្រាយបានទេ អង្កភាពយើងខ្ញុំរងចាំការបកស្រាយពីលោកគង់ វុន រាល់ម៉ោងធ្វើការនៅពេលក្រោយ ។