អាស្រមភ្នំជីកំពុងសាងសងផ្លូវបេតុងមួយខ្សែ សម្រាប់ឡើងទៅអាស្រមមានប្រវែង៤០០ម៉ែត្រ

0

កំពង់ធំ÷ ព្រះភិក្ខុ អ៊ំ សុង ចៅអធិការអាស្រមភ្នំជី បានផ្តួចផ្ដើមរៀបចំកសាងផ្លូវបេតុងពីជើងភ្នំ ឡើងទៅដល់អាស្រមភ្នំជី ដោយមានការសហការជាមួយអាជ្ញាធរក្នុងមូលដ្ឋាន ព្រះសង្ឃ គណៈកម្មការ និងពុទ្ធបរិស័ទទាំងអស់ ក្នុងការកសាងផ្លូវបេតុងមួយខ្សែនេះ ដើម្បីងាយស្រួលដល់ពុទ្ធបរិស័ទធ្វើដំណើរប្រកបដោយសុវត្ថិភាព កុំឱ្យលំបាកធ្វើដំណើរតាមកាំជណ្ដើរ មានលក្ខណៈចោទខ្លាំង។

ជាមួយគ្នានេះផងដែរ ព្រះភិក្ខុ អ៊ំ សុង ចៅអធិការអាស្រមភ្នំជី បានលើកឡើងពីប្រវត្តិអស្រមភ្នំជីខ្លះៗ ដែលចាប់ផ្ដើមកសាងក្នុងឆ្នាំ២០១៦ ដោយពុំមានព្រះសង្ឃណាមកគង់នៅនោះឡើយ ព្រោះនៅទីនេះពុំមានសុវត្ថិភាព ទាំងការស្នាក់នៅ ចំណីអាហារសម្រាប់ឆាន់ និងមានការលំបាកក្នុងការធ្វើដំណើរឡើងទៅលើភ្នំ ព្រោះមានកម្ពស់ខ្ពស់សមល្មម។ ចាប់តាំងពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០២០ អាស្រមភ្នំជីនេះបានរៀបចំដោយព្រះភិក្ខុ អ៊ំ សុង ចៅអធិការអាស្រមភ្នំជី រៃអង្គាសពីសប្បុរសជន ពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បីយកបច្ច័យមកកសាងអាស្រមឲ្យក្លាយទៅជាទីសក្ការៈបូជា សម្រាប់ពុទ្ធបរិស័ទស្ថិតនៅស្ថិតភូមិក្រាំង ឃុំសុចិត្រ ស្រុកសណ្តាន់ ខេតកំពង់ធំ មកចូលរួមធ្វើបុណ្យបានគ្រប់ៗគ្នា។

ការចាប់ផ្ដើមកសាងបន្តិចម្ដងៗឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២៣ មានការប្រែប្រួលដោយកសាងបាននៅសាឡំកុដិ និងសាលាឆាន់ ព្រមទាំងមានសមិទ្ធផលមួយចំនួនទៀតនៅលើភ្នំជីនេះតែម្ដង។ ដោយឃើញពីការធ្វើដំណើរមានការលំបាក លោកជំទាវ ប្រាក់ គឹមហេង និងកូនចៅក៏បានកសាងកាំជណ្ដើរធ្វើអំពីថ្មពីជើងភ្នំ រហូតដល់អាស្រម ដើម្បីឲ្យព្រះសង្ឃ និងពុទ្ធបរិស័ទងាយស្រួលឡើងចុះប្រកបដោយសុវត្ថិភាពផងដែរ។

ព្រះភិក្ខុ អ៊ំ សុង ចៅអធិការអាស្រមភ្នំជី សូមអំពាវនាវដល់សប្បុរសជន និងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ មេត្តាជួយចាប់ជាកុសលតាមសទ្ធាជ្រះថ្លា ជាថវិកាឬក៏សម្ភារៈយកមកកសាងសមិទ្ធផលមួយចំនួនបន្តទៀត ពិសេសគឺកសាងផ្លូវបេតុងមួយខ្សែបន្តទៀត ដើម្បីឡើងដល់អាស្រមឱ្យឆាប់ៗនាពេលខាងនេះ ព្រោះជិតដល់រដូវបុណ្យភ្ជុំហើយ ឲ្យវិស័យព្រះពុទ្ធសាសនាមានការរីកចម្រើនជាលំដាប់ សម្រាប់ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកទស្សនាបែបធម្មជាតិ។

គួរបញ្ជាក់ផងដែរថា សម្រាប់ផ្លូវបេតុងមួយខ្សែដែលកំពុងសាងសង់មានទទឹង០៦ម៉ែត្រ បណ្តោយ៤០០ម៉ែត្រ ឥឡូវកសាងធ្វើបាន៧០%ហើយ ប៉ុន្តែនៅខ្វះថវិកាសាងសងបន្តទៀត ចំពោះព្រះសង្ឃដែលកំពុងគង់នៅអាស្រមភ្នំជីសព្វថ្ងៃមានចំនួន០៣អង្គ លេខទូរស័ព្ទសម្រាប់ទំនាក់ទំនងជាមួយព្រះសង្ឃផ្ទាល់ 071 539 7775 ៕