សមត្ថកិច្ចចុះបង្ក្រាបទីតាំងផលិតថ្នាំញៀនបានជិត៨០គីឡូក្រាម

0

តាកែវ៖ ទីតាំងផលិតសារធាតុញៀន ប្រភេទថ្នាំក្រវីក្បាល មួយកន្លែងស្ថិតនៅក្នុងភូមិ តាសូ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវសមត្ថកិច្ចចុះបង្ក្រាបបានកាលពីថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន ០៤នាក់ រួមជាមួយនិងសារធាតុផ្សំថ្នាំញៀនប្រមាណជិត៨០គីឡូក្រាម ។
សូមបញ្ជាក់ផងដែរថាជុំវិញករណីសមត្ថកិច្ចកិច្ចបំបែកសំបុកផលិតគ្រឿងញៀននេះបានដោយសារ កម្លាំងជំនាញការិយាល័យប្រឆាំងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ (ក៤) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយស្នងការដ្ឋាននគរបាលខេត្តតាកែវ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានការសម្របសម្រួលនីតិវិធីពីលោក ឯក ឆេងហ៊ួត ព្រះរាជអាជ្ញា នៃអយ្យការអមសសាលាដំបូងខេត្តតាកែវ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ដោយចាប់ខ្លួនជនសង្ស័យចំនួន៤នាក់ រឹបអូសថ្នាំញៀន បានមួយចំនួនធំរួមមាន . សារធាតុញៀនទម្ងន់ ១១៨.៦៤ក្រាម (ប្រភេទមេតំហ្វេតាមីន), សារធាតុគីមីផ្សំ (មិនច្បាស់) ទម្ងន់៧៩,១៧៦ក្រាម និងរថយន្ត១គ្រឿងផងដែរ នៅចំណុចភូមិឃុំខាងលើ ។
ការបង្ក្រាបនេះអនុវត្តន៍តាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
ជនសង្ស័យទាំង៤នាក់ រួមមាន៖
ទី១៖ ឈ្មោះ ទួន សាស្រា្ត ភេទប្រុស អាយុ៣០ឆ្នាំ ទី២៖ ឈ្មោះ ហ្វាង យ៉ាងណាម ភេទប្រុស អាយុ៥៦ឆ្នាំ ទី៣៖ ឈ្មោះ ចាន់ វាសនា ភេទប្រុស អាយុ ៣៧ឆ្នាំ
ទី៤៖ ឈ្មោះ ផាន វណ្ណារ៉ា ភេទប្រុស អាយុ៥៦ ឆ្នាំ ។ បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ត្រូវបាន ព្រះរាជ្ញានៃអយ្យការអមសាលាតំបូងខេត្តតាកែវ កំពុងធ្វើការសួរនាំបន្ថែមទៀតដើម្បីចាត់ការតាមនិតិវិធីច្បាប់៕