ឯកឧត្តម អ៊ុន ចាន់ដា ប្រកាស បញ្ចូល សមាជិក គណបក្សប្រជាជន កម្ពុជា ចំនួន ១៤២៣នាក់ ដែល ជា យុវជន គ្រប់ អាយុ បោះឆ្នោត

0

កំពង់ចាម : ក្នុង ពិធីប្រកាស បញ្ចូលសមាជិកថ្មីចំនួន ១៤២៣នាក់ មកពីសង្កាត់ បឹងកុក និង សង្កត់ សំបួរមាស ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះមូលដ្ឋានក្រុងកំពង់ចាម បានណែនាំដល់ប្រធានគណបក្សសង្កាត់ទាំងពីរ ក៏ដូចជាក្រុមការងារស្នូល ត្រូវយកចិត្តទុកដាក់ខ្ពស់ លើការចិញ្ចឹមចលនាសមាជិកបក្ស និងការជួយសម្របសម្រួលដល់សមាជិកបក្សរាល់ពេលពួកគាត់មានតម្រូវការ ឬមានសំណូមពរ និង ជួបបញ្ហាផ្សេងៗ ជា ពិសេសគឺ ត្រូវ ផ្សារភ្ជាប់ទៅនឹងការផ្ដល់-ទទួលសេវាសាធារណៈ ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ របស់ពួកគាត់ ផងដែរ ។

ក្នុងឱកាសស្វាគមន៍សមាជិកថ្មី ដែលបានសម្រេចដ៏ត្រឹមត្រូវ មក ចូល រួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែង ថា ការកសាងសមាជិកគណបក្សនៅមូលដ្ឋាន គឺជាការងារសំខាន់មួយ ពោលគឺត្រូវបង្កើនការយកចិត្តទុកដាក់លើការធ្វើអំពើល្អដល់សមាជិកបក្សរបស់ខ្លួន រួមទាំងប្រជាពលរដ្ឋទូទៅ។ ពីព្រោះថា ប្រជាពលរដ្ឋខ្លះ ទោះបីមិនបានចូលជាសមាជិកបក្សប្រជាជន ប៉ុន្តែមិនមែនបានន័យថា ពួកគាត់មិនបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជានោះទេ ដូច្នេះមន្ត្រីបក្សមូលដ្ឋាន ក៏ត្រូវធ្វើអំពើល្អដាក់ពួកគាត់ ដូច គ្នា ។

ឯកឧត្តមប្រធានគណបក្សខេត្ត បានបន្តថា គណបក្សមូលដ្ឋាន ក៏ត្រូវត្រៀមឃោសនិក ដើម្បីបកស្រាយ អំពីគោលនយោបាយគណបក្ស ផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋ នៅតាមទីប្រជុំជននានា ហើយក៏ដើម្បីវាយបកទៅកាន់មជ្ឈដ្ឋានដែលវាយប្រហារមកលើគណបក្សប្រជាជនកម្ពុជាវិញដែរ ។

ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា រាល់សកម្មភាពបក្សទាំងអស់ គឺត្រូវប្រកាន់ខ្ជាប់នូវស្មារតី ដើម្បីផលប្រយោជន៍គណបក្ស និងប្រជាជន ដើម្បីកសាងកម្លាំងឱ្យកាន់តែមុតមាំក្នុងការប្រជែងយកជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែល នឹង ឈានមកដល់ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ។

គួរ បញ្ជាក់ ថា សមាជិក ថ្មី ចំនួន ១៤២៣នាក់ ដែល សុំ ចូលរួម ជីវភាព នយោបាយ ជាមួយ គណបក្សប្រជាជន កម្ពុជា ក្រុង កំពង់ចាម ក្នុង នោះ សមាជិក មកពីសង្កាត់ បឹងកុក ចំនួន ៧១២នាក់ និង សង្កាត់ សំបួរមាស ចំនួន ៧១១នាក់ ដែល ជា យុវជន គ្រប់ អាយុ បោះឆ្នោត និង មាន ឈ្មោះ ក្នុង បញ្ជី បោះឆ្នោត ផងដែរ ៕