អនុប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមនមិត្តនគរបាលជាតិ ប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន៦,០០០,០០០៛(ប្រាំមួយលានរៀល)ជូនគ្រួសារមន្រ្តីប៉ូលីសទទទួលមរណភាព

0

ខេត្តតាកែវ៖ នារសៀលថ្ងៃសៅរ៍ ៩រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២៣លោក ឧត្តមសេនីយ៍ត្រី ឆឹង រតនៈ ស្នងការរង ផែនការងារធនធានមនុស្ស និងជា អនុប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមនមិត្តនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា បានដឹកនាំសហការី និងក្រុមការងារស្នងការដ្ឋាននគរបាលខេត្ត លោកអធិការ អធិការរង លោកប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់រកាក្នុងក្រុងដូនកែវ ខេត្តតាកែវ។
អញ្ជើញចូលរួមពិធីបុណ្យសព គោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ត្រី ជាកិច្ចបច្ឆាមរណៈជូនលោកអនុសេនីយ៍ឯក សូ វិចិត្រ ជាមន្រ្តីនគរបាលប៉ុស្តិ៍សង្កាត់រកាក្នុងក្រុងដូនកែវ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលទទួលមរណៈភាពកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ៦,៤០នាទីដោយជំងឺ(ក្រិនថ្លើមធ្ងន់) ព្រមទាំងបានប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន៦,០០០,០០០៛(ប្រាំមួយលានរៀល) និងដោយឡែកថវិកាផ្ទាល់ខ្លួនលោកឧត្តមសេនីយ៍ទោ ស្នងការ ចំនួន៥០០.០០០៛ (ហាសិបម៉ឺនរៀល) និងថវិកាមិត្តរួមការងារចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្តតាកែវ ចំនួន ៥៥០,០០០៛(ហាសិបប្រាំម៉ឺនរៀល) និងគ្រឿងឧបភោគ បរិភោគមួយចំនួន ដើម្បីប្រគល់ជូនដល់លោកស្រី ខាត់ ផល្លី ត្រូវជាភរិយានៃសព ស្ថិតនៅភូមិព្រៃព្រហ្ម  សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។
ឆ្លៀតក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី ស្នងការរង បានសំណេះសំណាលជាមួយក្រុមគ្រួសារសព និងសំដែងនូវការអាឡោះអាល័យ សោកស្តាយជាពន់ពេក ចំពោះការបាត់បង់ស្វាមី ឪពុកដ៏ល្អ ដែលបានបម្រើប្រទេសជាតិ មាតុភូមិកន្លងមកមានស្នាដៃ និងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើចូលរួមរំលែកទុក្ខ ពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្ដាលសមាគមមិត្តនគរបាលជាតិកម្ពុជាផងដែរ៕