ឯកឧត្តម ច័ន្ទ សុខុន៖ ចាត់ទុកសារគំរាមរបស់គណបក្សភ្លើងទៀន មានទិសដៅនយោបាយ មិនបម្រើផលប្រយោជន៍ជាតិ

0

ខេត្តព្រះវិហារ៖ ឯកឧត្តម ច័ន្ទ សុខុន ប្រធានអនុគណៈកម្មការស៨.៣ បានធ្វើការអំពាវនាវទៅកាន់សមាជិក សមាជិកា ឲ្យបន្តចូលរួមការពារសុខសន្តិភាពឲ្យនៅស្ថិតស្ថេរជាអមតៈ ហើយប្រឆាំងដាច់ខាតចំពោះជនណា ដែលប៉ុនប៉ងបង្កើតចលាចល បង្កឲ្យមានភាពវឹកវរ អសន្តិសុខ ដល់សណ្តាប់ធ្នាប់ សាធារណៈសង្គម ។

ត្រូវតែឈរលើស្មារតី ទទួលខុសត្រូវ ច្បាស់លាស់ ហើយផ្សព្វផ្សាយ ណែនាំដល់ក្រុមគ្រួសារ បងប្អូនកូនក្មួយឲ្យយល់ ដោយមិនត្រូវជឿតាមការញុះញុង ប្រមូលផ្តុំ បង្កឲ្យមានភាពវឹកវរ បះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈសង្គម នោះឡើយ ។

ឯកឧត្តម ថ្លែងបែបនេះ ក្នុងពិធីចាត់តាំងវគ្គអប់រំនយោបាយ គណបក្សប្រជាជនកម្ពុជា ឆមាស១ ឆ្នាំ២០២៣ និងប្រគល់លិខិតថ្លែងអំណរគុណ ជូនសមាជិកអនុគណៈកម្មការស៨.៣ បរិវេណរោងផលិតទឹកសុទ្ធ ស្ថិតក្នុងភូមិ មរតកតេជោ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាព្រឹកថ្ងៃអាទិត្យ ទី១៤ ខែឧសភា ឆ្នាំ២០២៣ ។

ជាមួយគ្នានេះ ឯកឧត្តម ច័ន្ទ សុខុន ក៏បានសម្តែងការសោកស្តាយចំពោះគណបក្សភ្លើងទៀន ដែលបានចេញសេចក្ដីប្រកាសព័ត៌មាន កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ដោយបានគំរាមដល់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏ដូចជារដ្ឋាភិបាល ថានឹងប្រមូលផ្តុំកម្លាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា សកម្មជន និងអ្នកគាំទ្រគណបក្សភ្លើងទៀន នៅទូទាំងប្រទេសដើម្បីតស៊ូមតិដោយសន្តិវិធី ក្នុងករណីគណបក្សភ្លើងទៀន ត្រូវបាន គ.ជ.ប ធ្វើការបដិសេធ មិនចុះបញ្ជី គណបក្សភ្លើងទៀន សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ ។

ឯកឧត្តម បានចាត់ទុកសារគំរាមនេះ មានទិសដៅនយោបាយ ដែលមិនបាននាំប្រយោជន៍ដល់សង្គមជាតិអ្វីឡើយ ក្នុងកាលៈទេសៈកម្ពុជាកំពុងបើកព្រឹត្តិការណ៍ SEA GAMES ដែលសហគមន៍អន្តរជាតិ ប្រជាពលរដ្ឋខ្មែរចូលរួមយ៉ាងច្រើនកុះករ ។

ឯកឧត្តម ច័ន្ទ សុខុន ប្រធានអនុគណៈកម្មការស៨.៣ បានបញ្ជាក់ថា ពាក់ព័ន្ធនឹងបញ្ហានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានព្រមានចាត់វិធានការចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកា សកម្មជន និងអ្នកគាំទ្រគណបក្សភ្លើងទៀន ប្រសិនបើហ៊ានបង្កឱ្យមានផលប៉ះពាល់ដល់សណ្តាប់ធ្នាប់ សាធារណៈ ខណៈដែលកម្ពុជា កំពុងតែរៀបចំព្រឹត្តិការណ៍ កីឡាស៊ីហ្គេម ៕