គណៈកម្មការអន្តរក្រសួង និង អាជ្ញាធរ រខេត្ត ប្រជុំដោះស្រាយផលប៉ះពាល់ដោយសារគម្រោងលើកម្រិតផ្លូវជាតលេខ៧ (ស្គន់-កំពង់ចាម)

0

កំពង់ចាម : ឯកឧត្តម អ៉ឹម សុទ្ធីរ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានដោះស្រាយ ផលប៉ះពាល់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន ថ្លែង ថា ជា គោលការណ៍ យើង មិន ចង់ ប៉ះពាល់ ដី ប្រជាពលរដ្ឋ ទេ បេីសិន ជា អាច បញ្ចៀស បាន គឺ យើង ចៀស ហេីយ ធ្វើ លេី ដី របស់ រដ្ឋ ដែល មាន ប៉ុន្តែ ដោយសារ ទីតាំង ខ្លះ ការ សិក្សា គម្រោង គឺ ចំបាច់ ត្រូវ តែ ឆ្លងកាត់ សំណង់ ដែល ជា ទ្រព្យ សម្បត្តិ បងប្អូន ប្រជាពលរដ្ឋ ដែល យើង ត្រូវ ដោះស្រាយ តាម អនុលោម គតិយុត្ត ការ ថ្លែង បែប នេះ ក្នុង កិច្ច ប្រជុំដោះស្រាយផលប៉ះពាល់ដោយសារគម្រោងលើកម្រិតផ្លូវជាតលេខ៧ (ស្គន់-កំពង់ចាម) នៅ សាលា ខេត្ត កំពង់ចាម នាព្រឹកថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៣ ។

ក្នុង កិច្ច ប្រជុំ នោះ ដែរ ឯកឧត្តម អ៉ឹម សុទ្ធីរ៉ា បាន ថ្លែង ថា ខេត្តកំពង់ចាម បាន និង កំពុង អភិវឌ្ឍ រីកចម្រើន គួរ ឱ្យ កត់សម្គាល់ ដោយ កន្លង មក យើង មាន គម្រោងហិរញ្ញប្បទានពី ដៃគូ អភិវឌ្ឍ ជាច្រើន ហើយ ជា ចំណង ដៃ ប្រវត្តិសាស្ត្រ មួយ ទៀត ដែល ខេត្តកំពង់ចាម នឹង ទទួល បាន ឆាប់ៗ ខាងមុខ នេះ គឺ ការ លេីកកម្រិតគុណភាព កំណាត់ផ្លូវជាតិលេខ៧ ទៅជាផ្លូវ៤គន្លង ចាប់ពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ រហូតដល់គល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ដែលគ្រោងនឹងធ្វើការស្ថាបនានៅចុងឆ្នាំ២០២៣នេះ ។

ឯកឧត្តម អ៉ឹម សុទ្ធីរ៉ា បាន បន្ត ថា ក្នុង ប្រទេស កម្ពុជា របស់ យើង គឺ មាន តម្រូវ ការ ភាព ចំបាច់ បន្ទាន់ ដេីម្បី អភិវឌ្ឍ ប្រទេសជាតិ ឱ្យ ឈាន ទៅ ទាន់ សភាពការណ៍ នឹង ប្រទេស ជិត ខាង របស់ យើង ដែល គេ មាន ផ្លូវ តភ្ជាប់ ខ្វាត់ខ្វែង ដើម្បី សម្រួល ដល់ បណ្ដាញ ដឹកជញ្ជូន ជំរុញ ដល់ ការងារ ពានិជ្ជកម្ម ក្នុង និង ក្រៅ តំបន់ ដូច្នេះ ទេ កម្ពុជា របស់ យើង នឹង មាន តម្រូវ ការ ចំបាច់ បន្ទាន់ ទៅ លេី កិច្ចការ នេះ ខណៈ ដែល កម្ពុជា យើង មាន ផ្លូវ ល្បឿនលឿន រួចមក ហើយ ដេីម្បី បម្រើ នូវ គោលដៅ លេីក ស្ទួយ សេដ្ឋកិច្ច ប្រទេសជាតិ របស់ យើង ក៏ ដូចជា ការ លេីក កម្ពស់ ស្តង់ដារ ប្រព័ន្ធ ដឹកជញ្ជូន ផងដែរ ។

ជាមួយគ្នា នោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើក ឡើង ថា អាជ្ញាធរ ខេត្ត បាន បង្កើត ក្រុម ការងារ សម្រាប់ ដោះស្រាយ ផលប៉ះពាល់ ដោយសារគម្រោងលើកម្រិតផ្លូវ ជាតិ លេខ៧ (ស្គន់-កំពង់ចាម) ចំនួន ២ក្រុម ដឹកនាំ ដោយ អភិបាល រង ខេត្ត ចំនួន ២រូប ដែល បច្ចុប្បន្ន ក្រុម ការងារ កំពុង ធ្វើ ការ សិក្សា ជា បឋម ទៅ លើ ទិន្នន័យ ជាក់ស្ដែង ដើម្បី រក វិធីសាស្ត្រ ដោះស្រាយ ព្រោះ ផលប៉ះពាល់ វា មាន ទំហំ ធំ ក្នុង នោះ រួមមាន ទីមួយ នៅ ទីប្រជុំជន ស្គន់ ស្រុកជេីងព្រៃ និង ទីពីរ នៅ ទីប្រជុំជន ផ្សារ ព្រៃទទឹង ស្រុកព្រៃឈរ ដែល ទីប្រជុំជន ទាំង ពីរ នេះ គឺ សំបូរ ទៅ ដោយ សំណង់ រឹងមាំ ដូច្នេះ យើង ត្រូវ គិតគូរ ឱ្យ បាន ហ្មត់ចត់ បំផុត ៕