ប្រជាពលរដ្ឋ១៣៥គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ខូចខាតផ្ទះសម្បែងនៅស្រុកកំពង់ស្វាយទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ

0

(កំពង់ធំ)÷ លោកជំទាវ លំ គន្ធារី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តឯកឧត្តម ជា វ៉ាន់ចាន់ លេខាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ លោកអភិបាល អភិបាលរងស្រុក លោកមេឃុំ និងសហការី បានអញ្ជើញចូលរួមចែកអំណោយមនុស្សធម៌ដល់គ្រួសារដែលរងគ្រោះដោយខ្យល់កន្ត្រាក់កើតឡើងដោយគ្រោះធម្មជាតិ បានបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋ១៣៥គ្រួសារ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។

ពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកកំពង់ស្វាយលោកជំទាវ លំ គន្ធារី បានលើកឡើងពី ស្រុកកំពង់ស្វាយ ជាស្រុកមួយ ដែលស្ថិតនៅតំបន់វាលទំនាប ជាភូមិសាស្ត្រមួយងាយទទួលរងនូវគ្រោះធម្មជាតិមានដូចជា ខ្យល់កន្ត្រាក់ រន្ទះបាញ់ និងទឹកជំនន់ ។ ជារៀងរាល់ឆ្នាំនៅដើម រដូវវស្សា មានភ្លៀងធ្លាក់ខ្លាំង លាយឡំ ជាមួយនិងខ្យល់កន្ត្រាក់ រន្ទះបាញ់ធ្វើឱ្យខូចខាតដល់ទ្រព្យសម្បត្តិរបស់ ប្រជាពលរដ្ឋជាច្រើននៅតាមបណ្ដាឃុំនីមួយៗ។ ជាក់ស្តែងឆ្នាំនេះនៅល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ បានទទួល រងនូវគ្រោះធម្មជាតិ(ខ្យល់កន្ត្រាក់)ដែលធ្វើ ឱ្យរងផលប៉ះពាល់ និងបង្កឱ្យមានការខូចខាតដល់លំនៅដ្ឋាន របស់ប្រជាពលរដ្ឋនៅឃុំកំពង់គោ ឃុំក្តីដូង ឃុំត្រពាំងឬស្សី ឃុំជ័យ ឃុំកំពង់ស្វាយ និងឃុំព្រៃគុយ ។

លោកជំទាវ លំ គន្ធារី ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ ការពារឲ្យបានពីសុវត្ថិភាពចំណីអាហារ រក្សាសុខភាពឱ្យបានល្អកុំឲ្យមានជំងឺអាសន្នរោគ។ ពេលមានភ្លៀង ខ្យល់ លាយឡំនឹងផ្គររន្ទះ មានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ពិសេសគឺត្រូវរកទីកន្លែងណាឱ្យមានសុវត្ថិភាព កុំឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស និងសត្វផងដែរ។ ពេលបងប្អូនមុនចេញដំណើរទៅណាមកណា ត្រូវប្រុងប្រយ័ត្នខ្ពស់ទៅលើភ្លើងចង្ក្រានធូប ទៀន និងបិទកងតាក់ភ្លើងកុំឲ្យមានការឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យកើតឡើងជាយថាហេតុ។

គួរបញ្ជាក់ផងដែរថា អំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ផ្ដល់ជូនគ្រួសារដែលរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន១៣៥គ្រួសារ ក្នុង១គ្រួសារទទួលបាន÷ អង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ទឹកទឹកត្រី តង់ ឃីត ឆ្នាំងដាំបាយ កន្ទេល និងថវិកាមួយចំនួនទៀតផងដែរ។ ក្នុងនោះផ្ទះដែលខូចខាត រលំអស់ទាំងស្រុងមាន១០ខ្នង របើកដំបូលមាន១២៥ខ្នង ប៉ះពាល់ដល់ឃុំចំនួន៦គឺឃុំកំពង់គោ ឃុំក្តីដូង ឃុំត្រពាំឬស្សី ឃុំជ័យ ឃុំកំពង់ស្វាយ និងព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។