អភិបាលស្រុកស្ទោង បានណែនាំដល់មន្ត្រីត្រូវខិតខំអភិវឌ្ឍសមត្ថភាពរបស់ខ្លួនដើម្បីប្រសិទ្ធភាពការងារ ប្រកបដោយភាពត្រឹមត្រូវ

0

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង ប្រគល់តួនាទីភារកិច្ច ជូនមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធ របស់រដ្ឋបាលស្រុកស្ទោង និងនាយក នាយិកា នាយករង សាលាបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ ក្នុងស្រុកស្ទោងចំនួន២៤រូប។

ថ្លែងនៅចំពោះមុខ លោកនាយក នាយករង មន្ត្រីក្នុងឱកាសនេះដែរ លោកបានណែនាំដល់មន្ត្រី ត្រូវខិតខំអភិវឌ្ឍនសមត្ថភាពរបស់ខ្លួនដើម្បីប្រសិទ្ធភាពការងារ ឱ្យស្របទៅនឹងស្ថាប័ន និងតាមយុគសម័យបច្ចេកវិទ្យា ឌីជីថល ខិតខំបំពេញការងារតាមតួនាទី និងភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងខិតខំអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមគោលការណ៍ បទបញ្ជារបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ ខិតខំបង្កើនសាមគ្គីភាពផ្ទៃក្នុង និងបង្កើនទំនាក់ទំនងល្អជាមួយគ្រប់អ្នកពាក់ព័ន្ធ។ ផ្តួចផ្តើមគំនិត និងចូលរួមគ្រប់សកម្មភាព ដែលបម្រើផលប្រយោជន៍រួមក្នុងសាលារៀន និងមានអធ្យាស្រ័យខ្ពស់រវាងគ្នានិងគ្នាដែលនាំឲ្យ អង្គភាព និងសាលារៀនកាន់តែមានការរីកចម្រើន ពិសេសគោរពស្រឡាញ់ប្រជាពលរដ្ឋ ស្មោះត្រង់ និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋជាធំ ។

ជាមួយនេះផងដែរ លោកអភិបាលស្រុកស្ទោង ក៏បានលើកទឹកចិត្តដល់លោកនាយក នាយិកា លោកគ្រូ អ្នកគ្រូ គ្រប់សាលា ត្រូវខិតខំអភិវឌ្ឍច្នៃប្រឌិត សាលារៀនឲ្យក្លាយជាសាលារៀនបៃតង មានបរិស្ថានស្រស់បំព្រង មានសួនច្បារ សួនផ្កា និងដើមឈើសំបូរបែប ជាពិសេសគឺត្រូវមានផែនការមេក្នុងការស្ថាបនាសាលារៀនឲ្យសមស្របតាមគោលការណ៍អប់រំជាតិ។

ជាចុងបញ្ចប់លោក សាយ គឹមឡម អភិបាលស្រុកបានណែនាំដល់មន្ត្រីរាជការគ្រប់រូបត្រូវបម្រើផលប្រយោជន៍ប្រជាពលរដ្ឋជាធំ ដើម្បីលើកកម្ពស់កម្រិតភាពរស់នៅឲ្យកាន់តែល្អប្រសើរថែមទៀត។ សូមឱ្យលោកគ្រូអ្នកគ្រូ ណែនាំដល់សិស្សានុសិស្សចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានគ្រប់ៗគ្នា និងចៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញខ្លួនឯងគ្រួសារ និងសង្គមជាតិទាំងមូល។