អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង ចំនួន១៥០នាក់ជាជនមានពិការភាពមានគុណបំណាច់ក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជនកម្ពុជា ទទួលបានការបំពាក់គ្រឿងឥស្សរិយយស ពីរថ្នាក់ដឹកនាំ

0

កំពង់ឆ្នាំង៖ អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង ចំនួន១៥០នាក់ ដែលជាជនមានពិការភាព និងដែលមានគុណបំណាច់ ក្នុងបូជាសាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជនកម្ពុជា បានទទួលការបំពាក់គ្រឿងឥស្សរិយយសពីថ្នាក់ដឹកនាំ។

ពីធីបំពាក់គ្រឿងឥស្សរិយយសខាងលើនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ខែឧសភាឆ្នាំ២០២៣នេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍កិត្ដិសង្គហបណ្ឌិតគន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។

នៅក្នុងពិធីបំពាក់នោះផងទៀត ក៏មានការអញ្ជើញចូលរួមពីប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង លោក ឡុង ឈុនឡៃ, អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ រួមនិងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ។

នៅក្នុងឱកាសបំពាក់គ្រឿងឥស្សរិយយសជូនដល់អតីតយុទ្ធជន នាពេលនោះ នាយឧត្តមសេនីយ៍ អគ្គលេខាធិការ បាននាំយកថវិកាដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ឧបត្ថម្ភដល់អតីតយុទ្ធជនទាំង១៥០នាក់ក្នុងម្នាក់ទទួលបានថវិកា ៥០,០០០
រៀលផងដែរ ។

នៅក្នុងឱកាសនោះ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង លោក ឧត្តមសេនីយ៍ត្រី អ៊ុ សុភា បានរាយការណ៍ឲ្យដឹងថា គ្រឿងឥស្សរិយយសដែល សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង បានទទួលមានចំនួន ២,៩៨៣គ្រឿង ក្នុងនោះមាន គ្រឿងឥស្សរិយយស អស្សឬទ្ធិចំនួន ៣គ្រឿង, គ្រឿងឥស្សរិយយសការពារជាតិថ្នាក់មាស ១៥១គ្រឿង និងប្រាក់ចំនួន ២,៨២៩គ្រឿង ដោយធ្វើពិធីបំពាក់ជូនបងប្អូនអតីតយុទ្ធជនពេលនេះ ចំនួន១៥០នាក់ និងបន្តបំពាក់រហូតអស់គ្រឿងឥស្សរិយយស ដែលថ្នាក់ជាតិប្រគល់ឲ្យ ។

លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា បានរាយការណ៍បន្ត អំពីសកម្មភាព និងលទ្ធផលធំៗមួយចំនួន ដែលគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង សម្រេចបាននារយៈពេលកន្លងមក ដូចជា ការប្រគល់ផ្ទះចំនួន១០០ខ្នង នៅតំបន់ដីសម្បទានសង្គមកិច្ចអតីតយុទ្ធជនភ្នំជំរាយ ស្រុកសាមគ្គីមានជ័យ ជូនដល់អតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត អត់ដី អត់ផ្ទះ និងការអភិវឌ្ឍន៍ហេដ្ឋារ
ចនាសម្ព័ន្ធនៅតំបន់នោះ ។

ការបើកប្រាក់បេឡាមរណសង្គ្រោះ ការចុះសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយលោក នាយឧត្តម
សេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ឧបត្ថម្ភដល់អតីតយុទ្ធជននៅតាមមូលដ្ឋាន ព្រមទាំងការធ្វើប័ណ្ណសមធម៌ និងប័ណ្ណ ប.ស.ស ជូនអតីតយុទ្ធជនផងដែរ ។

លោកអភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ ក្នុងឱកាសនោះផងដែរ បានមានប្រសាសន៍ឲ្យដឹងអំពីការខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង ដែលបានរួមគ្នាជាមួយនឹងអាជ្ញាធរដែនដីនៅគ្រប់លំដាប់ថ្នាក់ បានយកចិត្តទុកដាក់បម្រើ និងដោះស្រាយការលំបាកជូនបងប្អូនអតីតយុទ្ធជន បានយ៉ាងល្អប្រសើរ ។
នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម បានសំដែងនូវការកោតសរសើរចំពោះលោក អភិបាលខេត្តប្រធានកិត្តិយស និងប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង ដែលបានខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត ក្នុងការដឹកនាំ នឹងធ្វើសកម្មភាពបម្រើបងប្អូនអតីតយុទ្ធជនបានយ៉ាងល្អប្រសើរ ៕
សុខ គឹមសៀន