លេខាធិការដ្ឋានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ប្រុងប្រៀបកម្មវិធីបំពាក់គ្រឿងឥស្សរិយយសការពារជាតិ ជូនអតីតយុទ្ធជនចំនួនជាង២.០០០នាក់

0

កំពង់ធំ÷ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានគណៈ កម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ប្រកាសសេចក្តីសម្រេចបែងចែកភារកិច្ច ជូនក្រុមការងាររៀបចំកម្មវិធីបំពាក់គ្រឿងឥស្សរិយយសការពារជាតិ ជូនអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ  ចំនួន ២.១០៥នាក់  ដែលត្រូវអញ្ជើញមកពីស្រុកស្ទោង ស្រុកសន្ទុក ស្រុកកំពង់ស្វាយ និងក្រុងស្ទឹងសែន ដែលពិធីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ជា ចាន់តូ  ទេសាភិបាលធនាគារ ជាតិនៃកម្ពុជា ។

លោកវរសេនីយ៍ទោ នូ វុទ្ធា នាយការិយាល័យទី១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាសមាជិកក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានឡើងអានសេចក្តីសម្រេច ស្ដីពីការចាត់តាំងបែងចែកភារកិច្ច ជូនក្រុមការងារ ក្នុងការរៀបចំកម្មវិធីបំពាក់មេដៃជូនអតីតយុទ្ធជនដែលមានចំនួន២.១០៥នាក់ នៅក្រុងស្ទឹងសែន ឲ្យទទួលបានជោគជ័យ ។

បន្ទាប់មកអង្គប្រជុំបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ តាមការបែងចែកភារកិច្ច ជូនក្រុម ការងារនីមួយៗ ក្នុងការទទួលខុសត្រូវ ដើម្បីឲ្យដំណើរការក្នុងការបំពាក់គ្រឿងឥស្សរិយយសជូនអតីតយុទ្ធជនជំហានទី១ នេះ ឱ្យមានដំណើរការល្អនិងទទួលបានជោគជ័យតាមការគ្រោងទុក ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានទូលថ្វាយសុំព្រះមហាក្សត្រព្រះរាជទានគ្រឿងឥស្សរិយយសការពារជាតិថ្នាក់មាសនិងប្រាក់ជាលើកទី២ ជូនដល់អតីតយុទ្ធជនយើងដែលធ្លាប់មានគុណអំណាចចំពោះជាតិនិងមាតុភូមិ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា អតីតយុទ្ធជននៅខេត្តកំពង់ធំ ដែលត្រូវបានបំពាក់គ្រឿងឥស្សរិយយសការពារជាតិមានចំនួនសរុប ៣.៤៤៧នាក់ ហើយអតីតយុទ្ធជនដែលត្រូវបំពាក់ជូនជំហានទី១ នៅពេលខាងមុខនេះមានចំនួន ២.១០៥នាក់ ដែលត្រូវបានគ្រោងអញ្ជើញពីស្រុកសន្ទុក ស្រុកកំពង់ស្វាយ ស្រុកស្ទោង និងក្រុងស្ទឹងសែន ដែលពិធីនេះនិងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែឧសភា  ឆ្នាំ២០ ២៣ខាងមុខនេះ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ ខ្ពស់ឯកឧត្តមបណ្ឌិត ជា ចាន់តូ ទេសាភិបាលធនាគារជាតិ តំណាងឲ្យគណៈកម្មាធិការកណ្ដាលសមាគមអតីតយុទ្ធជនកម្ពុជា ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចជូនក្រុមការងារទាំងអស់ ត្រូវទទួល ខុសត្រូវតាមភារកិច្ចដែលបានបែងចែកប្រគល់ជូន ឱ្យទទួលបានជោគជ័យ និងជាមួយនោះដែរត្រូវយកចិត្តទុកដាក់ប្រុងប្រៀបមធ្យោបាយក្នុងការដឹកជញ្ជូន សម្រួលដល់ការធ្វើដំណើរទាំងទៅ ទាំងមក របស់បងប្អូនអតីតយុទ្ធជនយើងប្រកប ដោយសុវត្ថិភាព ។