មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ គោរពវិញ្ញាណក្ខន្ធ បំពាក់ឋានន្តរសក្កិ ជាកិច្ចបច្ឆាមរណៈនិងជូនដំណើរសពលោកវរសេនី យ៍ឯក សេង ប៊ុនណាត នាយការិយាល័យហ្វឹកហ្វឺន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

0

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំនាយ ទាហាននាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ បំពាក់ឋានន្តរសក្កិ ជាកិច្ចបច្ឆាមរណៈ ជូនលោកវរសេនីយ៍ឯក សេង ប៊ុនណាត ដែលបានទទួលមរណភាពដោយរោគាពាធ ដែលពិធីនេះប្រព្រឹត្តទៅនៅភូមិត្រស់ ឃុំបល្ល័ង្ក ស្រុកបារាយណ៍  ខេត្តកំពង់ធំ ។

លោកវរសេនីយ៍ទោ នូ វុទ្ធា នាយការិយាល័យទី១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡេីងអានសេចក្តីប្រកាសរបស់ក្រសួងការពារជាតិ ស្តីពីការតំឡើងឋានន្តរសក្ដិថ្នាក់វរសេនីយ៍ឯក ជូនសពលោកវរសេនីយ៍ទោ សេង ប៊ុនណាត និងបានគោរពអញ្ជើញឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីបំពាក់ឋានន្តរសក្ដិ ជូនសព ជាលើកចុងក្រោយ ជាកិច្ចបច្ឆាមរណៈ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយអាឡោះអាល័យជាទីបំផុត ចំពោះការបាត់បង់នាយទាហានដ៏ល្អម្នាក់ដែលមានឆន្ទៈស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា និងព្រះ មហាក្សត្រ ហើយជាយុទ្ធមិត្តក្នុងអង្គភាពធ្លាប់រួមប្រយុទ្ធការពារទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ប៉ុលពត និងជាថ្នាក់ដឹក នាំប្រកបដោយគុណធម៌ ត្រូវបាននាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំបានគោរពស្រឡាញ់គ្រប់ៗគ្នា  ។

នៅមុនពិធីឈាបនកិច្ច ជូនដំណើរសពជាលើកចុងក្រោយ  លោកវរសេនីយ៍ទោ កែវ សុធា នាយការិយាល័យទី ៥ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានវិយោគថា អំពីជីវប្រវត្តិនូវវីលើរភាពដ៏ថ្លៃថ្លា និងស្នាដៃដ៏ល្អឆ្នេីមក្នងមួយជីវិតរបស់លោកវរសេនីយ៍ឯកសេង ប៊ុនណាត ក្នងភារកិច្ចការបម្រើជាតិ និងប្រជាជនដោយមិនខ្លាចនឿយហត់ និងហ៊ានលះបង់គ្រប់បែបយ៉ាងដេីម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា  តែពេលនេះ លោកវរសេនី យ៍ឯក សេង ប៊ុនណាត បានលាចាកលោកយេីងនេះ ទៅជារៀងរហូតហេីយ ។  លាភរិយា និងកូនជាទីស្រលាញ់ លាសាច់ញាតិបងប្អូន កូនក្មួយ ពិសេសមិត្តរួមអាវុធដោយគ្មានថ្ងៃវិលត្រឡប់មកវិញបានឡើយ   ។

នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធ បំពាក់ឋានន្តរ សក្តិ និងដង្ហែរសពទៅកាន់ទីបច្ឆាដេីម្បីឈាបនកិច្ចបនៅពេលនេះ ឧត្ដមសេនីយ៍ទោ សោម ស៊ុន ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ បានចូលរួមបច្ច័យនូវថវិកាមួយចំនួនជូនដល់ក្រុមគ្រួសារសព និងបានសូមបួងសួងដល់វិញ្ញាណក្ខន្ធលោកវរសេនីយ៍ឯក សេង ប៊ុនណាត សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

គួរបញ្ជាក់ផងដែរថា លោកវរសេនីយ៍ឯក សេង ប៊ុនណាត អាយុ៥៦ឆ្នាំ បានចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៨៩ ហើយបានទទួលមរណភាពដោយរោគាពាធ នៅគេហដ្ឋាននៃសពស្ថិត នៅភូមិត្រស់ ឃុំបល្ល័ង្គ ស្រុកបារាយណ៍  ខេត្តកំពង់ធំ កាលពីម៉ោង១២ និង៤៨នាទី ថ្ងៃត្រង់ត្រូវនឹងថ្ងៃទី១៧ ខែឧសភា  ឆ្នាំ២០២៣នេះ  ៕