ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ «មានផ្លូវ មានស្ពាន មានសង្ឃឹម» គឺជាទិសស្លោកមួយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញជាគោលនយោបាយអាទិភាព

0

កំពង់ចាម​:​ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុងចំនួន ៩ កន្លែងនៃឃុំចំនួន ៥ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣​នេះ​ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងថា​ «មានផ្លូវ មានស្ពាន មានសង្ឃឹម» គឺជាទិសស្លោកមួយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញជាគោលនយោបាយអាទិភាពមួយ ក្នុងចំណោមអាទិភាពទាំង ៤៖ ទឹក ផ្លូវ ភ្លើង និងមនុស្ស។ ជាក់ស្តែងផ្លូវត្រូវបានចាត់ទុកជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់បំផុត ហើយជាកាតាលីករនៃជីវភាព និងសេដ្ឋកិច្ចជាតិយ៉ាងសំខាន់ តួយ៉ាងការកសាងស្ពាននេះ គឺស្មើនឹងការតភ្ជាប់សរសៃឈាមសេដ្ឋកិច្ចជាតិ តភ្ជាប់តំបន់មួយទៅតំបន់មួយ ដើម្បីបម្រើដល់ចរន្តនៃចលនាអភិវឌ្ឍជាតិ និងប្រជាជន។

ឯកឧត្ដម​បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ បាន​បន្ត​ថា​ រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចតេជោនាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំ គឺមានចក្ខុវិស័យវែងឆ្ងាយក្នុងការតភ្ជាប់រាជធានី-ខេត្ត ឱ្យរួមគ្នាតែមួយ ហើយធ្វើដំណើរវិលជុំដោយមិនបាច់បកក្រោយ ពិសេសជាយន្តការនៃភ្ជាប់សកម្មភាពពាណិជ្ជកម្ម, ទេសចរណ៍ និងការដឹកជញ្ជូនកសិផលប្រកបដោយប្រសិទ្ធភាព និងចំណាយតិច បម្រើឱ្យការពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជាផង, ការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ និងការរួមចំណែកដល់ការអភិវឌ្ឍជាតិប្រកបដោយចីរភាព និងបរិយាបន្នសម្រាប់ប្រជាជនគ្រប់រូប សំដៅឈានទៅសម្រេចចក្ខុវិស័យក្នុងការប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមក្នុងឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។

ជាមួយគ្នានោះ​ ឯកឧត្ដម​បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ បាន​សង្កត់​ធ្ងន់ថា​ ខេត្តកំពង់ចាម ជាខេត្តប្រកបដោយសក្កានុពលទាំងប្រជាជន និងវិស័យកសិកម្មរបស់ប្រទេសកម្ពុជា។ ជាមួយនឹងសក្តានុពលដ៏សម្បូរបែបនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានរៀបចំនូវផែនការយុទ្ធសាស្ត្រ និងចក្ខុវិស័យជាច្រើនសម្រាប់ក្របខ័ណ្ឌទូទាំងប្រទេស និយាយជារួម និងសម្រាប់ខេត្តកំពង់ចាម​ និយាយដោយឡែក តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដែលបម្រើដល់តម្រូវការ និងអាទិភាពផ្នែកសេដ្ឋកិច្ច ធនធានមនុស្ស និងកសិកម្ម។ ជាក់ស្តែងខេត្តកំពង់ចាម​ បាន និងកំពុងទទួលបាននូវសមិទ្ធផលផ្លូវបេតុងថ្មី ៩ កន្លែង ហើយក៏កំពុងត្រៀមទទួលបានផងដែរផ្លូវបេតុងថ្មីបន្ថែមទៀតស្របតាមដងទន្លេមេគង្គ ដើម្បីតភ្ជាប់ទន្លេមេគង្គត្រើយខាងកើតសម្រាប់បម្រើដល់វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម​ ផងដែរ​ ៕