សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ចុះចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋ ជួបការលំបាកចំនួន៣០៥គ្រួសារ រស់នៅសង្កាត់ទួលល្វា ក្រុងប៉ៃលិន

(ប៉ៃលិន)៖ រសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន អមដំណើរដោយ សមាជិក សមាជិការសាខា អ្នកស្ម័គ្រចិត្តកាកបាទក្រហម និងក្រុមការងារ បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពជា និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន៣០៥គ្រួសារ រស់នៅក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

មានប្រសាសន៍ក្នុងពិធីចែកអំណោយមនុស្សធម៌នេះដែរឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន បានផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពជា និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរខ្ពស់ ពីសុខទុក្ខ និងមានការដោះស្រាយបញ្ហាប្រឈមនានា ជូនបងប្អូនប្រជាពលរដ្ឋ មិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ និងមិនដែលទុកចោលឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយអត់ស្បៀងអាហារ និងមានការដោះស្រាយអ្វីឡើយ។ ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន មានប្រសាសន៍បន្តថា៖ ក្នុងនាមប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត ក៏ដូចជាគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត គឺបានបំពេញសកម្មភាពមនុស្សធម៌ អនុវត្តតាមគោលការគ្រឹះទាំង៧ ដោយចុះជួយប្រជាពលរដ្ឋ ដែលជួបប្រទះ នូវគ្រោះមហន្តរាយផ្សេងៗដូចជាទឹកជំនន់ ភ្លើងឆេះផ្ទះ ខ្យល់ព្យុះ ចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយ កុមារកំព្រារ អ្នកផ្ទុកមេរោគ និងអ្នកកើតរោគអេដស៍ជាដើម ដោយមិនប្រកាន់និន្នាការ សាសនា ពណ៌សម្បុរ នយោបាយអ្វីឡើយ ។ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន ប្រធានកិត្តិយសសាខា មានប្រសាសន៍បន្តទៀតថា៖ បើទោះបីអំណោយ ដែលបានចែកជូនបងប្អូនប្រជាពលរដ្ឋ នាពេលនេះ មានចំនួនតិចតួចក្ដី ប៉ុន្តែក៏អាចជួយសម្រាលការលំបាកខ្វះខាត របស់បងប្អូន បានមួយគ្រាផងដែរ។ បញ្ហាសំខាន់ដែរនោះ សូមបងប្អូនត្រូវបង្កើនការយកចិត្តទុកដាក់ លើការងារបង្កបង្កើនផលបន្ថែមទៀត គឺដាំដុះចិញ្ចឹមសត្វរួមផ្សំ ដើម្បីធានាបាននូវសន្តិសុខស្បៀង ក្នុងគ្រួសារ និងសហគមន៍ ឲ្យបានកាន់តែប្រសើរឡើង។ជាមួយគ្នាឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន ប្រធានកិត្តិយសសាខា ក៍បានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់សូមអញ្ជើញទៅបោះឆ្នោតជាតិជ្រើសរើសតាំងតំណាងរាស្ត្រនីតិកាទី៧ ឆ្នាំ២០២៣ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើន និងរក្សានូវសុខសន្តិភាពជូនប្រជាពលរដ្ឋឲ្យរស់នៅប្រកបដោយសុខក្សេមក្សាន្តតកូនតចៅផងដែរ។

សូមបញ្ជាក់ថា៖ អំណោយ ដែលបានផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋ ដែលជូបការលំបាក ចំនួន៣០៥គ្រួសារ រួមមាន៖ ក្នុងមួយគ្រួសារទទួលបាន អង្ករ៥០គីឡូក្រាម មី១កេស ទឹកត្រី១យួរ ត្រីខយួរ និងថវិកាចំនួន៥ម៉ឺនរៀល៕អត្ថបទ ភ្នំខៀវ ប៉ៃលិន