ដើរទៅរកអុសប្រទះឃើញគ្រាប់មីនស្គាល់មួយគ្រាប់យកទៅដំលេងបណ្ដាលឱ្យផ្ទុះរងរបួសយុវជនម្នាក់

0

សុខ គឹមសៀន
កំពង់ឆ្នាំង: យុវជនម្នាក់បានរងរបួសហើយត្រូវបានដឹកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង បន្ទាប់ពីយកក្បាលគ្រាប់មិនស្គាល់មួយប្រភេទដំលេងបណ្ដាលឲ្យផ្ទុះ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៨និង៣០ នាទីកាលព្រឹកថ្ងៃទី ២១ ខែឧសភាឆ្នាំ ២ឥ២៣នៅចំណុចបឹងភ្នៀត ក្នុងភូមិកំពង់បឹង ឃុំកំពង់ហៅ ស្រុកកំពង់លែង។

នគរបាលស្រុកកំពង់លែងបានឲ្យដឹងនៅព្រឹកថ្ងៃទី ២៣ ខែឧសភាឆ្នាំ ២០២៣ នេះថាជនរងគ្រោះមានឈ្មោះ នី ដាវិន អាយុ
17 ឆ្នាំរស់នៅភូមិអណ្ដូងរនុក ឃុំត្រងិលស្រុកកំពង់លែង នៅមុនពេលកើតហេតុយុវជនខាងលើបានដើរទៅរកអុសនៅចំណុចកើតហេតុខាងលើជាមួយឪពុកមាបន្ទាប់មកក៏រើសបានក្បាលគ្រាប់មិនស្គាល់មួយគ្រាប់ រួចយកពូថៅទៅដំលេងបណ្ដាលឲ្យផ្ទុះរងរបួស ហើយត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។

ប្រភពដដែលបានបញ្ជាក់ថាយុវជនខាងលើមុនពេលដុំគ្រាប់ដែលមិនស្គាល់នោះ ក៏បានយកទូរសព្ទដៃថតទុក ហើយបន្ទាប់មកក៏យកទៅដំបណ្ដាលឱ្យផ្ទុះតែម្ដង យ៉ាងនេះក្តីប្រភពដដែលបានបញ្ជាក់ថា សង្ស័យតែផ្ទុះគីបនៃគ្រាប់នោះទេប្រសិនបើផ្ទុះគ្រាប់ដែលក្មេងនោះថត មែនប្រាកដជាស្លាប់មិនខាន តែនេះគ្រាន់តែរងរបួសប៉ុណ្ណោះ៕