ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សំណេះសំណាលសាកសួរសុខទុក្ខក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្

0

កំពង់ធំ៖ នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន នៅភូមិដងក្តា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមា គមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដែលសម្ដេចទាំងទ្វេតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនគ្រប់ពេលវេលា ជាមួយនោះដែរសម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត លោកបានសូមផ្ដាំផ្ញើជូនពរដល់បងប្អូនអតីតយុទ្ធជនរបស់យើង សូមឱ្យមានសេចក្តីសុខ សេចក្តីម្រើន និងសុខភាពល្អ ដើម្បីមើលឃើញពីការអភិវឌ្ឍន៍រីកចម្រើនរុងរឿងថ្មីៗទៀតរបស់ព្រះរាជាណាចក្រកម្ពុជាយើង ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការដឹងគុណ ចំពោះវិរភាពដ៏ថ្លៃថ្លារបស់បងប្អូនអតីតយុទ្ធជនយើង ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ក្នុងការចូលរួមចំណែកជាមួយសម្តេចតេជោហ៊ុន សែន ក្នុងការអនុវត្តន៍នូវគោលនយោបាយឈ្នះ ឈ្នះ ដែលធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាព និងការឯកភាពជាតិពេញលេញ ដូចបច្ចុប្បន្ននេះ និងបានអំពាវនាវដល់អតីតយើងត្រូវរួមគ្នាបន្តថែរក្សាសុខសន្តិភាព ដែលយើងកំពុងមានដូចសព្វថ្ងៃនេះ ឲ្យនៅគង់វង្សជារៀងរហូត។

នៅក្នុងឱកាសសំណេះសំណាលសាកសួរសុខទុក្ខនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវគ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនដល់ក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតចំនួន២០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន២៥ គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន២យួរ ត្រីខកំប៉ុងចំនួន១យួរ ដោយឡែកបងប្អូនអតីតយុទ្ធជន ចំនួន នាក់៧០នាក់ផ្សេងទៀត ដែលបានចូលរួមក្នុងពិធីនេះក៏បានទទួលថវិកាមួយចំនួនផងដែរ៕