(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២៣ ខែឧសភាឆ្នាំ២០២៣ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីដេញថ្លៃគម្រោងសាងសង់អគារសិក្សា០១ខ្នង០៥បន្ទប់ ធ្វើអំពីឥដ្ឋ នៅក្នុងបឋមសិក្សាស្វាយរៀង ឃុំរុងរឿង ស្រុកស្ទោងខេត្តកំពង់ធំ។
ថ្លែងនៅក្នុងឱកាសនេះ លោក សាយ គឹមឡម បានណែនាំដល់រដ្ឋបាលឃុំត្រូវធ្វើផែនការវិនិយោគ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានាឲ្យឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ជាពិសេសបានផ្ដោតទៅលើប្រព័ន្ធផ្លូវគមនាគមន៍ ប្រព័ន្ធធារាសាស្ត្រដែលកំពុងតែឆ្លើយតបទៅនឹងស្ថានភាពជីវភាពកសិកម្មនៅក្នុងមូលដ្ឋាន។
ជាមួយគ្នានេះ លោកអភិបាលស្រុកស្ទោង ក៏បានណែនាំដល់គណៈកម្មការលទ្ធកម្មឃុំ ត្រូវធ្វើការតាមដានត្រួតពិនិត្យឲ្យបានច្បាស់លាស់នូវដំណើរការសាងសង់របស់ក្រុមហ៊ុនដែលជាអ្នកទទួលការ ដើម្បីធានាបាននូវគុណភាពតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យា។
សូមឱ្យក្រុមហ៊ុន យក់ ប៊ុនថន ដែលទទួលបានសិទ្ធិក្នុងការសាងសង់ក្នុងនាមជាអ្នកទទួលការត្រូវធ្វើការសាងសង់អគារសិក្សាថ្មីនេះឲ្យបានឆាប់រហ័សទៅតាមកិច្ចសន្យាបទដ្ឋានបច្ចេកទេស្តង់ដារគុណភាព ដើម្បីធានាបាននូវការប្រើប្រាស់បានយូរអង្វែង
ជាចុងបញ្ចប់លោក សាយ កឹមឡម អភិបាលស្រុក ក៏បានអំពាវនាវដល់សិស្សានុសិស្ស លោកនាយក លោកគ្រូ អ្នកគ្រូមាតាបិតា គណៈកម្មការត្រទ្រង់សាលានិងសហគមន៍នៅក្នុងបឋមសិក្សាស្វាយរៀង ត្រូវនាំគ្នាថែរក្សាសមិទ្ធផលដែលសម្រេចបានឲ្យបានគង់វង្ស ដើម្បីសម្រាប់សិស្សានុសិស្សសិក្សារៀនសូត្រក្រេបយកចំណេះវិជ្ជាតទៅអនាគតវែងឆ្ងាយ និងបញ្ជូនកូនចៅឲ្យទៅសិក្សារៀនសូត្រនិងតាមដានការសិក្សារបស់កូនចៅឱ្យបានជាប្រចាំ។