ឯកឧត្តម សោម ស៊ុនចុះចែកអំណោយជូនសមាជិកបក្ស ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំបន្ទាយស្ទោង

0

ខេត្តកំពង់ធំ ៖ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ប្រធានក្រុមការងាររបស់គណបក្សចុះមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ បានដឹកនាំសហការី នាំយកនូវគ្រឿងឧបភោគបរិភោគនិងថវិកា ដែលជាអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ទៅចូលរួមក្នុងពិធីបុណ្យសពសមាជិកបក្សចំនួន២សព ដែលបានទទួលមរណភាពគឺសពលោកស្រី ធី អឿន អាយុ៤៩ឆ្នាំ ទទួលមរណភាពកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ដោយរោគាពាធនិងសពលោកស្រី យន់ ទិន អាយុ៦២ឆ្នាំ ទទួលមរណភាពកាពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ដោយរោគាពាធ និងបានផ្តល់ជំនួយឧត្ថម្ភដល់សមាជិកបក្សចំនួន១៥ គ្រួសារ ដែលមានជីវភាពលំបាកខ្វះខាតដែលពិធីនេះប្រព្រឹត្តទៅនៅក្នុងបរិវេណវត្តបន្ទាយស្ទោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។

ឯកឧត្ដម សោម ស៊ុន បានថ្លែងថា ពេលប្រជាជន និងសមាជិកគ្រួសារបក្សមានទុក្ខលំបាក គឺមានមុខគណបក្សប្រជាជនកម្ពុជាជួយដោះស្រាយនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា គឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលរួមសុខនិងរួមទុក្ខជាមួយប្រជាជន ជាមួយនេះផងដែរ ឯកឧត្ដម សោម ស៊ុន បានថ្លែងនូវការសោកស្តាយអាឡោះអាល័យជាទីបំផុតចំពោះការបាត់បង់នូវសកម្មជនដ៏ឆ្នើមរបស់គណបក្សប្រជាជនកម្ពុជាទាំង២រូប ដែលបានទទួលមរណភាព ហើយក្រុមគ្រួសារសពមានជីវភាពលំបាកខ្វះខាត និងសូមបួងសួងសូមឧ្យវិញ្ញាណក្ខន្ធពួកគាត់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ឯកឧត្តម សោម ស៊ុន បានអំពាវនាវដល់ក្រុមគ្រួសារសមាជិកគណបក្ស និងប្រជាជនទាំងអស់ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ដែលយើងកំពុងមានដូចសព្វថ្ងៃនេះ ឲ្យនៅគង់វង្សជារៀងរហូត ដើម្បីប្រទេសជាតិយើងបន្តការអភិវឌ្ឍឱ្យមានការរីកចម្រើនបន្ថែមទៀត ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ហើយយើងទាំងអស់គ្នានិងក្រុមគ្រួសារត្រូវត្រៀមខ្លួន ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឲ្យបានគ្រប់ៗគ្នា ។

ឯកឧត្តម សោម ស៊ុន បានបញ្ជាក់ជូនថា គ្រឿងឧបភោគបរិភោគ ដែលបានឧបត្ថម្ភជូនក្រុមគ្រួសារសពសមាជិកគណបក្សប្រជាជន នៅពេលនេះគឺជាអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី រួមមាន អង្ករចំនួន៥០គីឡូក្រាម មីជាតិចំនួនពីរ កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន២យួរ ត្រីខកំប៉ុងចំនួន១រយួរនិងថវិកាមួយចំនួន ផងដែរ ។ ដោយឡែកសមាជិកបក្សដែលមានជីវភាពលំបាកខ្វះខាតទាំង១៥គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីទឹកស៊ីអីវចំនួន២យួរ និងត្រីខកំប៉ុងចំនួន១យួរផងដែរ៕