មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ចុះសួរសុខទុក្ខ និងនាំយកអំណោយ ទៅឧបត្ថម្ភដល់កងកម្លាំងដែលកំពុងបំពេញភារកិច្ចបោសសម្អាតមីន នៅលើទឹកដីខេត្តឧត្តរមានជ័យ នៃភូមិសាស្ត្រខេត្តព្រះវិហារ

0

ខេត្តព្រះវិហារ៖ មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ចំណុះកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ លោកឧត្ដមសេនីយ៍ទោ ដួង សំនៀង បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ និងការនាំយកអំណោយជាសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ រួមទាំងថវិកា ទៅឧបត្ថម្ភដល់កងកម្លាំងបោសសម្អាតមីន នៃអង្គភាពកងអនុសេនាតូចលេខ៣៣ ចំណុះកងពលតូចអន្តរាគមន៍លេខ៧ ដែលកំពុងបំពេញភារកិច្ចបោសសម្អាតមីន នៅលើទឹកដីខេត្តឧត្តរមានជ័យ នៃភូមិសាស្ត្រខេត្តព្រះវិហារ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅភូមិអូរឬស្សី ឃុំផ្អាវ ស្រុកត្រពាំងបា្រសាទ ខេត្តឧត្តរមានជ័យ ។

អំណោយដែលនាំយកទៅឧបត្ថម្ភដល់កងកម្លាំងបោសសម្អាតមីននៅគ្រានោះ រួមមាន៖ ម៉ាស៊ីនកាត់ស្មៅ ១គ្រឿង  ទឹកបរិសុទ្ធ ៥០យួរ ,ទឹកផ្លែឈើ ២កេស ,ត្រីខកំប៉ុង ១កេសធំ និងថវិកា ២៥ម៉ឺនរៀល ផងដែរ។

មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ លោកឧត្តមសេនីយ៍ទោ ដួង សំនៀង បានថ្លែង កោតសរសើរចំពោះ នាយទាហាន និងពលទាហាន នៃក្រុមការងារបោសសម្អាតមីនទាំងអស់ ដែលបានគោរព អនុវត្តតាមគោលការណ៍ និងផែនការដែលថ្នាក់លើប្រគល់ជូន ក្រោមការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីធ្វើឲ្យអង្គភាព និងកងយោធពលខេមរភូមិន្ទ មានភាពរីកចម្រើន រក្សាបាននូវសាមគ្គីភាពល្អ  បានផ្តល់នូវសុខសន្តិភាព  និងសុវត្ថិភាព ជូនប្រជាជន នៃជនរួមជាតិ កម្ពុជា ។

លោកឧត្តមសេនីយ៍ទោ ដួង សំនៀង បានថ្លែង ផ្តាំផ្ញើដល់នាយទាហាន និងពលទាហាន ដែលជាក្រុមការងារបោសសម្អាតមីនទាំងអស់  ក្នុងពេលចុះបំពេញបេសកម្មនេះ ត្រូវបង្កើនការយកចិត្តទុកដាក់ឲ្យបានខ្ពស់ និងត្រូវអនុវត្តន៍ឲ្យបានម៉ឺងម៉ាត់ ចំពោះភារកិច្ចដោះមីន ឲ្យស្របទៅតាមលក្ខណៈបច្ចេកទេស ហើយក៏មិនត្រូវមើលស្រាល ចំពោះគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនោះដែរ៕ ដោយ៖ឡុង សំបូរ