វរសេនីយ៍ឯក ង្វៀន គួកប៊ីញ មេបញ្ជាការយោធាខេត្តប៊ិញភឿក នៃកងទ័ពប្រជាជនវៀតណាម បានឧបត្ថម្ភមីជាតិកម្ពុជាចំនួន៥០០កេស ជូនដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សម្រាប់សកម្មភាពមនុស្សធម៌

0

(កំពង់ធំ)÷ នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ង្វៀន គួកប៊ិញ មេបញ្ជាការយោធាខេត្តប៊ីញភឿក យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម តាមរយៈក្រុមបច្ចេកទេសជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមK៧២ បានប្រគល់មីជាតិចំនួន៥០០កេស ដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សម្រាប់សកម្មភាពមនុស្សធម៌ ជួយដល់អតីតយុទ្ធជននិងប្រជាជនដែលមានជីវភាពលំបាកខ្វះខាត។ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

លោកវរសេនីយ៍ទោ ង្វៀន ចុកអាញ់ អនុប្រធានក្រុមការងារបច្ចេកទេសជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម (K៧២)  ក្នុងបេសកកម្មនៅខេត្តកំពង់ធំ បានបញ្ជាក់ថា ដោយឃើញពីសកម្មភាពដ៏មមាញឹករបស់ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ  ក្នុងការធ្វើសកម្មភាពមនុស្សធម៌នៅតាមមូលដ្ឋាននានា ក្នុងខេត្តកំពង់ធំ។ លោកវរសេនីយ៍ឯក ង្វៀន គួកប៊ិញ មេបញ្ជាការយោធាខេត្តប៊ិញភឿក នៃកងទ័ពប្រជាជនវៀតណាម បានសម្រេចជួយឧបត្ថម្ភថវិកាសម្រាប់ទិញមីជាតិរបស់កម្ពុជា ចំនួន៥០០កេស ផ្តល់ជូនដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សម្រាប់បន្តការងារសកម្មភាពមនុស្សធម៌បន្ថមទៀត ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្នុងនាមប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះលោកវរសេនីយ៍ឯក ង្វៀន គួកប៊ិញ មេបញ្ជាការយោធាខេត្ត ប៊ិញភឿក នៃកងទ័ពប្រជាជនវៀតណាម ដែលបានជួយឧបត្ថម្ភមីជាតិចំនួន៥០០ កេស នៅពេលនេះ ដើម្បីបន្តសកម្មភាពមនុស្សធម៌ជួយដល់បងប្អូនអតីតយុទ្ធជន និងប្រជាជនដែលមានជីវភាពលំបាកខ្វះខាតនៅក្នុងខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្ដេជ្ញាចិត្តនាំយកមីជាតិ ដែលបានផ្ដល់ជូននាពេលនេះ  រួមជាមួយគ្រឿងឧបភោគបរិភោគ ដែលជាជំនួយឧបត្ថម្ភរបសសប្បុរសជនផ្សេងទៀត យកទៅឧបត្ថម្ភជូនឱ្យដល់ដៃបងប្អូនអតីតយុទ្ធជន និងប្រជាជន ដែលមានជីវភាពលំបាកខ្វះខាត នៅតាមមូលដ្ឋាននានា ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ឲ្យទាន់ពេលវេលា និងសូមជូនពរលោកវរសេនីយ៍ឯក ង្វៀន គួកប៊ិញ និងក្រុមគ្រួសារ សហការីទាំងអស់ ព្រមទាំងក្រុមការងារបច្ចេកទេសជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម (K៧២)  សូមទទួលបាននូវសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ចក្នុងការបម្រើជាតិនិងប្រជាជន ៕