អាជ្ញាធរខេត្តកំពង់ចាម ឃ្លុំ កំណត់ដីបឹងចារ រក្សា ទុក ជា សម្បត្តិ រដ្ឋ បន្ទាប់ពី រកឃើញមានការឈូសឆាយ ដោយ ខុសច្បាប់

0

កំពង់ចាម: អាជ្ញាធរ ខេត្ត កំពង់ចាម បាន សម្រេច ឃ្លុំ កំណាត់ ដី បឹង ចារ រក្សា ទុក ជា សម្បត្តិ របស់ រដ្ឋ បន្ទាប់ ពី មន្ត្រី ជំនាញ ចុះ ស្រាវជ្រាវ រក ឃើញ មាន ការ ឈូស ឆាយ ដោយ ខុសច្បាប់ ព្រមទាំងកំណត់មុខសញ្ញាជន ជាប់ ពាក់ព័ន្ធការទិញ-លក់ និងឈូសឆាយដីរដ្ឋខុសច្បាប់ ប្រមាណ ជា ១ហិចតា ស្ថិតនៅឃុំព្រែករំដេង ស្រុកស្រីសន្ធរ ផងដែរ ។

លោក ស្រី សុភ័ក្រ អភិបាលរងខេត្ត កំពង់ចាម និងជាអ្នកនាំពាក្យ បានឱ្យដឹងថា ជុំវិញ ករណី ឈូស ឆាយ ប៉ះពាល់ ដី បឹង ដោយ ខុសច្បាប់ នេះ គឺ មិន មាន ការ គប់គិត ជាមួយ ឈ្មួញ ពី សំណាក់ អាជ្ញាធរ មូលដ្ឋាន នោះទេ ពោលគឺ អ្នក ដែល បាន ឈូស ឆាយ នេះ បាន ទិញ ដី ពី ប្រជាពលរដ្ឋ ក្នុង ការ ព្រមព្រៀង គ្នា ដោយ ផ្ទាល់មាត់ ដែល ពុំមាន ការ ដឹងឮ ពី អាជ្ញាធរ ឡើយ ។ ទោះជា យ៉ាងណា ក្រោយ ពី មាន ករណី នេះ កេីតឡេីង យេីង បានចាត់ ឱ្យ ជំនាញ ជលផល សហការ ជា មួយ អាជ្ញាធរ ពាក់ព័ន្ធ ចុះ ធ្វើ ការ ស្រាវជ្រាវ រហូត ឈាន ដល់ ឃ្លុំ កំណាត់ ដី បឹង ខាងលើ ទុក ជា សម្បត្តិ រដ្ឋ ។

លោក ជុំ នីម មេ ឃុំ ព្រែក រំដេង បានឱ្យដឹងថា លោក ឌុំ ភឿន អតីត មេ ភូមិ ក្សេរចាស់ បច្ចុប្បន្នជា សមាជិក ក្រុម ប្រឹក្សា ឃុំ បាន បំភ្លឺ ថា ដី ដែល មាន ការ ឈូសឆាយ នេះ កាល ពី ជំនាន់ ឆ្នាំ ១៩៧៩ លោក តា ឌិន គាត់ បាន កាន់កាប់ អាស្រ័យ ផល ហើយ នៅ មុន ពេល ស្លាប់ គាត់ បាន ប្រគល់ ទៅ ឱ្យ កូន ឈ្មោះ ប៉ាង សុផល និង ប្រពន្ធ ឈ្មោះ ឌុច ផល ជាអ្នក អាស្រ័យ ផល បន្ត ជា រៀង រហូត ។ ក្រោយ មក មាន ការ លេីក ទំនប់ ខាង ក្រោម បឹង ចារ ធ្វើ ឱ្យ ដី គាត់ មាន ការ ចាល់ ទឹក ខកខាន ពុំបាន ធ្វើ ស្រែ អាស្រ័យ ផល ៣ទៅ ៤ឆ្នាំ ទេីបគាត់ សម្រេច ចិត្ត លក់ ទៅ ឱ្យ ឈ្មោះ ឌី វណ្ណា នៅ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដោយ ការ ទិញ លក់ នេះ គឺ ទិញ លក់ ដោយ ផ្ទាល់ មាត់ រវាង អ្នក លក់ និង អ្នក ទិញ ។ ហើយ ថ្មីៗ នេះ ឈ្មោះ ឌី វណ្ណា ក៏បាន ជួល គ្រឿង ចក្រ យក មក កាយ ដី ដេីម្បី ប្រមូល ព្រៃ យក ទៅ ដាក់ ស្រែ ខាង លើ ទុក ធ្វើ ជី ។

លោក អ៊ុក ណារិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម បានញ្ចាក់ថា ក្រោយពីការចុះពិនិត្យ និងអង្កេតជាក់ស្ដែង ឃើញថាពិតជាមានការឈូសឆាយដីព្រៃ ប្រមាណ ជា ១ហិកតា មែន ។ លោកបន្តថា បើយោងតាមច្បាប់ជលផល យើងអាចធ្វើការពិនិន័យ និងដាក់ទោសទណ្ឌ ទៅលើជនដែលប្រព្រឹត្តល្មើស នាពេលកំពុងដាក់គ្រឿងចក្រឈូសឆាយនោះ ។

គួរបញ្ជាក់ថា រយៈពេល ប៉ុន្មាន ថ្ងៃ នេះ មានការចែកចាយព័ត៌មានតាមបណ្ដាញសង្គមនានា ថាសមត្ថកិច្ច បានឃាត់ខ្លួនបុរសឈ្មោះ ឌុច ភាស់ រស់នៅភូមិព្រែករំដេង (គ) ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ដោយ បុរសនេះ បានចោទប្រកាន់លើអាជ្ញាធរពាក់ព័ន្ធនឹងការឈូសឆាយដីបឹងចារ នៅឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ពាក់ព័ន្ធនឹងករណីនេះ រដ្ឋបាលខេត្តកំពង់ចាម សូមធ្វើការបញ្ជាក់ជូនសាធារណជន ជ្រាបថា បច្ចុប្បន្ន នេះ បុរសឈ្មោះ ឌុច ភាស់ មិនមានការឃាត់ខ្លួនបញ្ជូនមកតុលាការ ដូចការចោទប្រកាន់ផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមនានានោះឡើយ។ ពោល គឺ សមត្ថកិច្ច មិនបានធ្វើការចោទប្រកាន់បុរសឈ្មោះ ឌុច ភាស់ នោះទេ ដោយសារ គាត់ បានទទួលស្គាល់កំហុស របស់ខ្លួន និងបានធ្វើការសុំទោសជាសាធារណរួចហើយ ៕