ទាហានកម្ពុជារងរបួសដោយជាន់មីន ពេលប្រតិបត្តិការចូលទៅសង្គ្រោះពលរដ្ឋថៃជាន់មីននៅព្រំដែននាស្រុកថ្មពួក-តាប្រាយ៉ា

0

ព្រំដែនកម្ពុជា ថៃ៖ កម្លាំងយោធាកម្ពុជាបានរងរបួសដោយជាន់មីនប្រឆាំងមនុស្ស នៅពេលស្ថិតក្នុងប្រតិបត្តិការចូលទៅកាប់ឆ្ការព្រៃដើម្បីជួយសង្គ្រោះ ពលរដ្ឋថៃម្នាក់ដែលដើរបេះបន្លែឈើព្រៃនៅតំបន់ខ្សែបន្ទាត់ព្រំដែន។

គ្រោះថ្នាក់គួរសោកស្តាយនិងកោតសរសើរវីរភាពមនុស្សធម៌នោះកើតឡើងកាលពីវេលាម៉ោង១០និង៥០នាទីព្រឹកថ្ងៃទី២៧ ខែឧសភាឆ្នាំ ២០២៣ ម្សិលមិញ នៅចំណុចចន្លោះបង្គោលព្រំដែនលេខ ៣៧-៣៨ ស្ថិតក្នុងភូមិសាស្ត្រភូមិ ក្តឹបថ្ម ឃុំគោករមៀត ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ទល់មុខភូមិសាស្ត្រ ភូមិ អំពិលឃុំតាប់ថៃស្រុកតាប្រាយ៉ាខេត្តស្រះកែវ ( ប្រទេសថៃ ) ។

មន្ត្រីនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ ដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថ្ងៃទី២៨ខែឧសភាថា៖ ដំបូងមានពលរដ្ឋថៃ ម្នាក់មានឈ្មោះ សំរឹទ្ធ រ៉ៃរឿន ភេទ ស្រី អាយុ ៤៦ ឆ្នាំរស់នៅ ភូមិ អំពិល ឃុំ តាប់ថៃ ស្រុកតាប្រាយ៉ា ខេត្ត ស្រះកែវ បានដើរបេះ បន្លែ ក្នុងព្រៃនៅលើខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃចំណុចចន្លោះបង្គោលសីមាលេខ ៣៧-៣៨ ស្ថិតក្នុងភូមិសាស្ត្រ ភូមិក្តឹបថ្ម ឃុំ គោករមៀត ស្រុក ថ្មពួកខេត្តបន្ទាយមានជ័យ ទល់មុខនឹង ភូមិសាស្ត្រ ភូមិ អំពិល ឃុំ តាប់ ថៃ ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ក៏ស្រាប់តែជាន់ត្រូវមីនប្រឆំាងមនុស្សបណ្តាលឲ្យរបួសធ្ងន់ដាច់ជើងឆ្វេងនិងលើផ្ទៃមុខ។

មន្ត្រីបន្តថា៖ បន្ទាប់ពីឮសម្លេងមីនផ្ទុះ កម្លាំងយោធាតំបន់អភិវឌ្ឍន៍យោធភូមិភាគទី៥ កន្តិបថ្មស្រុកថ្មពួក សហការជាមួយកម្លាំងយោធាបោសសម្អាតមីន កម្ពុជានិងកម្លាំងទាហានឈុតខ្មៅថៃកងរយ 1203 ដែលឈរជើងនៅទល់មុខនោះ បាននាំគ្នារាវរកមីនដើម្បីចូលទៅជួយសង្គ្រោះជនរងគ្រោះ។

ប៉ុន្តែក្នុងពេលប្រតិបត្តិការរាវរកមីនផង កាប់ឆ្ការត្រួសត្រាយព្រៃផង នោះ.មន្ត្រីយោធាតំបន់អភិវឌ្ឍន៍ឈ្មោះ សេង ឆន ភេទ ប្រុសអាយុ ៤០ ឆ្នាំ បានកាប់ត្រូវចំគ្រាប់មីន១គ្រាប់បណ្តាលឲ្យផ្ទុុះបង្កអោយរងរបួសយ៉ាងធ្ងន់ធ្ងរដៃខាងស្តាំនិងភ្នែក ។

ប្រភពបន្តថា : ពេលនោះ កម្លាំងយោធាបានសង្គ្រោះមន្ត្រីយោធាខាងលើបញ្ជូនទៅមន្ទីពេទ្យបង្អែកស្រុកថ្មពួក រួចបន្តបញ្ជូនទៅមន្ទីរពេទ្យព២ឬពេទ្យយោធភូមិភាគ៥នៅខេត្តបាត់ដំបងដើម្បីធ្វើការសង្គ្រោះ ព្យាបាល ។

ឃើញស្ថានភាពគ្រោះថ្នាក់ជាន់លើគ្រោះថ្នាក់យ៉ាងនេះ ខាងកម្លាំងថៃបានប្រុងប្រយ័ត្ន ហើយហៅកងកម្លាំងបោសសម្អាតមីនថៃ(TMAC) មកជួយរាវមីន វែកច្រកផ្លូវចូលទៅជួយសង្គ្រោះស្ត្រីពលរដ្ឋថៃ។
គឺរហូតដល់ម៉ោង ០២និង ២៥នាទីរសៀលថ្ងៃដដែល ទើប អាចជួយសង្គ្រោះបានហើយ ត្រូវបានទាហានថៃ ដឹកយកទៅសង្គ្រោះ ព្យាបាលនៅមន្ទីរពេទ្យស្រុកតាប្រាយ៉ា រួចបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តស្រះកែវ៕ដោយ៖ឃិន គន្ធា