អ្នកជំងឺរាប់រយនាក់ទទួលការព្យាបាលពីក្រុមគ្រូពេទ្យបរទេសដោយឥតគិតថ្លៃ រយះពេល៧ថ្ងៃនៅមន្ទីរពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុក

(កំពង់ធំ)÷ ឯកឧត្តម ងួន រាសី អភិបាលរងខេត្តកំពង់ធំ បានលើកឡើងថា ក្រុមវេជ្ជបណ្ឌិតសុទ្ធតែមានជំនាញ និងមានបទពិសោធន៍ច្បាស់លាស់មកពីសហរដ្ឋអាមេរិកកាណាដាហ្វីលីពីន និងប្រទេសមួយចំនួនទៀត ក្នុងការវះកាត់ជូនពុកម៉ែបងប្អូនដោយឥតគិតថ្លៃ មានរយៈពេល០៧ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ ក្នុងគោលបំណងចូលរួមលើក កម្ពស់សុខុមាលភាព និងជួយកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកម្ពុជារបស់យើង ។ការលើកឡើងក្នុងកម្មវិធី ពិនិត្យសុខភាព និងព្យាបាលជំងឺដោយឥតគិតថ្លៃរបស់អង្គការ ប៊ីលេគ នៅមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២៣។

ឯកឧត្តមអភិបាលរងខេត្តកំពង់ធំ បានបន្តទៀតថា មានសន្តិភាពទើបរាជរដ្ឋាភិបាលយើង មានកិច្ចសហការ រឹតចំណងមិត្តភាពល្អប្រសើរជាមួយថ្នាក់ដឹកនាំក្រៅប្រទេស អង្គការជាតិ និងអង្គការអន្តរជាតិ ក្នុងការអភិវឌ្ឍប្រទេសឱ្យមានភាពរីកចម្រើនគ្រប់វិស័យ។ ជាក់ស្ដែងដូចជាថ្ងៃនេះផងដែរ ដោយសារមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ ទើបមានកិច្ចសហការជាមួយអង្គការប៊ីលេគ ដើម្បីមកព្យាបាលជំងឺជូនពុកម៉ែបងប្អូនដោយឥតគិតថ្លៃ ពីសំណាក់ក្រុមវេជ្ជបណ្ឌិតជំនាញ ដែលមានបទពិសោធន៍ក្នុងការវះកាត់ និងព្យាបាលជំងឺជាច្រើនឆ្នាំកន្លងមក ។

លោកវេជ្ជបណ្ឌិត ឡេង តាំងលាង បានឱ្យដឹងថា កម្មវិធីពិនិត្យសុខភាព និងព្យាបាលជំងឺ ដោយឥតគិតថ្លៃជូនដល់ពុកម៉ែ បងប្អូននាថ្ងៃនេះ។ អង្គការប៊ីលហ្គ ដែលបានដឹកនាំក្រុមគណៈប្រតិភូវេជ្ជបណ្ឌិតឯកទេសវះកាត់និងព្យាបាលជំងឺទូទៅដូចជា៖ ពកក គីសដៃស្បូន គ្រោះក្នុងប្រម៉ាត់ ឫសដូងបាត ពោះវៀនធ្លាក់ចូលពង និងដុះដុំសាច់ជាដើម។

ដោយឡែកលោកវេជ្ជបណ្ឌិត ញ៉ែម ពីង ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបារាយណ៍-សន្ទុក បានឱ្យដឹងថា នៅក្នុងមន្ទីរពេទ្យយើងថ្ងៃនេះបានអញ្ជើញចូលរួមដោយក្រុមគ្រូពេទ្យបរទេស ដោយមានការស្និតស្នាលជាមួយឯកឧត្តម ងួន រាសី អភិបាលរងខេត្តបានជួយសម្របសម្រួលការងារនេះ ហើយបានចាប់ដៃគូរជាមួយអង្គការខាងលើនេះតាំងពីឆ្នាំ២០០៤ ដោយការពិនិត្យនឹងព្យាបាលជម្ងឺ ទូទៅជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃឡើយ ។ លើសពីនោះទៀត ភាគច្រើនមានអ្នកជម្ងឺធ្ងន់ ដូចជា ៖ ពកក គីសដៃស្បូន គ្រោះក្នុងប្រម៉ាត់ ឫសដូងបាត ពោះវៀនធ្លាក់ចូលពង និងដុះដុំសាច់ ។ ដូច្នេះហើយលោក ញ៉ែម ពីង សូមអំពាវនាដល់ប្រជាពលរដ្ឋនៅទីជិត ទីឆ្ងាយតាមមូលដ្ឋាននានា ដែលមានជម្ងឺខាងលើនេះសូមប្រញាប់រួសរាន់ឡើយ ព្រោះក្រុមគ្រូពេទ្យបរទេស មកវះកាត់ ព្យាបាលរយះពេលតែ៧ថ្ងៃប៉ុណ្ណោះ ៕