រថយន្ត២គ្រឿងបុកគ្នាបណ្តាលឲ្យសិស្សសាលាប្រុសស្រីរងរបួស ធ្ងន់ស្រាល៥នាក់

0

កំពង់ឆ្នាំងៈ នៅថ្ងៃទី ២៩ ខែឧសភាឆ្នាំ ២០២៣នេះ មានមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តតូយ៉ូតាឡង់គ្រីស័រពាក់ស្លាកលេខ ខ.ម បានបុកជាមួយរថយន្តសាំយ៉ុងដឹកសិស្ស
សាលានៅត្រង់ចំណុចទំនាបអំពិល លើកំណាត់ផ្លូវជាតិលេខ៥ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៥៧ និង ៥៨ ស្ថិតក្នុងភូមិព្រៃពិស ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បណ្ដាលឲ្យក្មេងសិស្ស
សាលាប្រុស ស្រីចំនួន៥ នាក់ បានរងរបួសធ្ងន់ ស្រាល ដែលកំពុងបើកបរបត់ឆ្វេង កាត់ពីមុខ មិនប្រយ័ត្ន ក្នុងទិសដៅខ្វែងគ្នា ។

នៅមុនពេលកើតហេតុ រថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AW 18.49 បើកបរដោយឈ្មោះ សែន អានីន ភេទប្រុស អាយុ ៦៣ ឆ្នាំ ជនជាតិខ្មែរ (ត្រូវបានឃាត់ខ្លួន) រស់នៅភូមិច្រករមៀត ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដឹកសិស្សសាលា ចំនួន ៤នាក់ ស្រី១នាក់ បើកបរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីខាងជើង ទៅខាងត្បូង លុះមកដល់ ចំណុចខាងលើ រថយន្តនេះ បានបត់ឆ្វេង (ប្ដូរទិសផ្លូវដោយមិនមានការប្រុងប្រយ័ត្ន) ក៏ត្រូវរថយន្ត ម៉ាកតូយ៉ូតា ឡង់គ្រីស័រ ពណ៌ស ពាក់ផ្លាកលេខ ខេមរភូមិន្ទ02-27778 អ្នកបើកបរ ដោយឈ្មោះអៀង ណារា ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃួច ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បើកបរពីទិសខាងត្បូង ឆ្ពោះទៅទិសខាងជើង ក្នុងដំណើរខ្វែងទិសគ្នា ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាលឲ្យរងរបួស ក្មេងសិស្សសាលា ចំនួន ៥ នាក់ (ស្រី១នាក់) ក្នុងនោះ របួសធ្ងន់ ២ នាក់ (ប្រុស) និងខូចរថយន្ត ២ គ្រឿងធ្ងន់ និងខូចរនាំងដែកសុវត្ថិភាពផ្លូវថ្នល់ ប្រវែង ៦ ម៉ែត្រ។ក្រោយពេលកើតហេតុ អ្នករងរបួស ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកកំពង់ត្រឡាច។ដោយឡែក រថយន្តទាំង២គ្រឿង ត្រូវសមត្ថកិច្ចយកមករក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកកំពង់ឡាច។ចំណែកអ្នកបើកបររថយន្តសាំយ៉ុងដឹកសិស្សត្រូវបានសមត្ថកិច្ច ឃាត់ខ្លួននិងកសាងសំណុំរឿង ចាត់ការតាមនីតិ។វិធី ៕សុខ គឹមសៀន