អភិបាលស្រុកស្ទោង បានអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវចូលរួមថែរក្សាចំណីផ្លូវដើម្បីគុណភាព សោភ័ណភាព បរិស្ថានអនាម័យ និងសណ្តាប់ធ្នាប់សាធារណៈ

0

(កំពង់ធំ)÷ នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការីបានអញ្ជើញចុះត្រួតពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ផ្លូវបេតុងពីភូមិលាភទង ស្ថិតនៅភូមិកំពង់ចិន ក្នុង ភូមិសាស្ត្រ ឃុំកំពង់ចិត្តត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលមានប្រវែង១៧០០ម៉ែត្រ។

នៅក្នុងឱកាសនេះលោក សាយ គឹមឡម ក៏បានអំពាវនាវដោយទទូចដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវសូមជួយថែរក្សាចំណីផ្លូវ ដើម្បីធានានៅសំណង់ផ្លូវថ្នល់នូវគុណភាពបានយូរអង្វែង ព្រមទាំងមានសោភ័ណ្ឌភាពស្រស់ស្អាតប្រកបដោយអនាម័យ និងមានបរិស្ថានស្រស់បំព្រង ជាពិសេសត្រូវនាំគ្នាថែរក្សាប្រព័ន្ធលូនិងចៀសវាងនូវការបោះចោលនូវកាកសំណល់ ឬសំរាមផ្សេងៗ ចូលទៅក្នុងលូ ដែលនាំឱ្យមានការកកស្ទះដល់ប្រព័ន្ធបង្ហូរទឹក។

ជាមួយគ្នានេះលោកអភិបាលស្រុកស្ទោង ក៏បានណែនាំដល់អាជ្ញាផងសូមកំពង់ចិត្តត្បូង ត្រូវធ្វើការណែនាំ និងតាមដានជាប្រចាំធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់បងប្អូនដែលកំពុងរស់នៅអមសងខាងផ្លូវ ដើម្បីធានានៅប្រសិទ្ធភាពនិងកិច្ចសហការជាមួយប្រជាពលរដ្ឋនិងអាជ្ញាធរ។ ផ្លូវល្អស្អាតទាល់តែមានការចូលរួមថែរក្សាទាំងអស់គ្នា រវាងប្រជាពលរដ្ឋគ្រប់មូលដ្ឋានក៏ដូចជាអ្នកធ្វើដំណើរ អាជ្ញាធរមូលដ្ឋានដើម្បីអភិវឌ្ឍ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់សោភ័ណភាព របស់ស្រុកស្ទោងយើងផងដែរ។

សូមបញ្ជាក់ផងដែរថា ផ្លូវបេតុងនេះមានប្រវែង១.៧០០ម៉ែត្រ ទទឹង០៦ម៉ែត្រកម្រាស់០.១៥ម៉ែត្រ ដែលជាគម្រោងសាងសង់របស់ក្រសួងអភិវឌ្ឍជនបទហើយគ្រោងនឹងសាងសង់ហើយជាស្ថាពរនៅពាក់កណ្ដាល ខែមិថុនា ឆ្នាំ២០២៣ នេះ។