មន្រ្តី១៤រូប ត្រូវបានប្រកាសតែងតាំង និងប្រគល់ភារកិច្ចជូននាយករងរដ្ឋបាល ប្រធានអនុប្រធានការិយាល័យក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលស្រុកប្រសាទបល្ល័ង្ក

0

(កំពង់ធំ)៖ លោក ឈួន រ៉ា ប្រធានក្រុមប្រឹក្សាស្រុកប្រាសាទបល្ល័ង្ក លោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្ក និងសហការី បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង និងប្រគល់តួនាទី/ភារកិច្ចជូនមន្ត្រីរាជការក្នុងរចនាសម្ពន្ធរបស់រដ្ឋបាលស្រុកប្រាសាទបល្ល័ង្កចំនួន១៤រូប នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។

លោក ឈួន រ៉ា ប្រធានក្រុមប្រឹក្សាស្រុកប្រាសាទបល្ល័ង្កបានណែនាំដល់មន្ត្រីត្រូវខិតខំអភិវឌ្ឍនសមត្ថភាពរបស់ខ្លួន ដើម្បីឱ្យប្រសិទ្ធភាពការងារឱ្យស្របទៅនឹងស្ថាប័ន និងតាមយុគសម័យបច្ចេកវិទ្យាឌីជីថល ខិតខំបំពេញការងារតាមតួនាទី)ភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងខិតខំអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមគោលការណ៍ បទបញ្ជារបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ។ ការខិតខំបង្កើនសាមគ្គីភាពផ្ទៃក្នុង និងបង្កើនទំនាក់ទំនងល្អជាមួយគ្រប់អ្នកពាក់ព័ន្ធការផ្តួចផ្តើមគំនិត និងចូលរួមគ្រប់សកម្មភាព ដែលបម្រើផលប្រយោជន៍រួម និងមានអធ្យាស្រ័យខ្ពស់រវាងគ្នានិងគ្នាដែលនាំឲ្យអង្គភាព កាន់តែមានការរីកចម្រើន ពិសេសគោរពស្រឡាញ់ប្រជាពលរដ្ឋ ស្មោះត្រង់ និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋជាធំ។

ជាមួយនេះលោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្ក ក៏បានណែនាំដល់មន្ត្រីមូលដ្ឋានពង្រឹងនូវការងាររបស់ខ្លួន លើសពីនេះក្រុមការងារក៏ត្រូវចុះជួបជាមួយប្រជាពលរដ្ឋបានញឹកញាប់ ដើម្បីជួយដោះស្រាយនិងប្រឹក្សារាល់បញ្ហា ដែលប្រជាពលរដ្ឋជួបប្រទះ ដាក់ផែនការបន្តដល់មន្ត្រីមូលដ្ឋានក្នុងការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងធ្វើការផ្សព្វផ្សាយលិខិតបទដ្ឋាននានា របស់រាជរដ្ឋាភិបាលដល់ប្រជាលរដ្ឋ។

លោក វណ្ណៈ សោភានិត បានបន្តថា ចំពោះភូមិ ឃុំ មានសុវត្ថិភាព ត្រូវបានផ្សព្វផ្សាយឲ្យបានទូលំទូលាយនៅតាមមូលដ្ឋាន ដើម្បីឱ្យប្រជាពលរដ្ឋទទួលបាននូវចំណេះដឹងច្បាស់លាស់កុំឲ្យមានបញ្ហាអំពើហិង្សា ក្នុងគ្រួសារ និងការរំលោភបំពានផ្សេងៗ ដែលរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់បំផុត ព្រមទាំងខិតខំពន្យល់ដល់ប្រជាពលរដ្ឋឲ្យយល់ដឹង ពីការប្រែប្រួលអាកាសធាតុនៅក្នុងមូលដ្ឋាន។

លោកអភិបាលស្រុកប្រាសាទបល្ល័ង្ក បានណែនាំដល់មន្ត្រីរាជការគ្រប់រូបត្រូវតែបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋជាធំ ដើម្បីលើកកម្ពស់កម្រិតជីវភាពភាពរស់នៅឲ្យកាន់តែល្អប្រសើរថែមទៀត។ ក្នុងនោះផងដែរតន្ត្រីរាជការទាំងអស់នៅក្នុងរដ្ឋបាលស្រុក ត្រូវតែធ្វើការឱ្យបានពេញម៉ោង និងគោរពពេលវេលាការងាររបស់ខ្លួនឲ្យបានល្អប្រសើរ មានភាពត្រឹមត្រូវនិងយុត្តិធម៌ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។