ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ១៤៤គ្រួសារ នៅស្រុកជីក្រែង បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

0

សៀមរាប៖ កាលពីនារសៀលថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានចាត់ឯកឧត្ដម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខា ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់កាលពីថ្ងៃទី ២៤ និង២៧ ខែឧសភា ឆ្នាំ២០២៣ បណ្ដាលឱ្យរបើកដំបូលចំនួន ១៤៤ខ្នងផ្ទះ ស្មើ១៤៤គ្រួសារ មកពីឃុំចំនួន៨ នៃស្រុកជីក្រែង រួមមាន៖
១- ឃុំគោកធ្លកក្រោម ចំនួន៤០គ្រួសារ
២- ឃុំពង្រក្រោម ចំនួន ៤៦គ្រួសារ
៣- ឃុំកំពង់ក្ដី ចំនួន ២០គ្រួសារ
៤- ឃុំស្ពានត្នោង ចំនួន ១៤
៥- ឃុំខ្វាវ ចំនួន ៨គ្រួសារ
៦- ឃុំគោកធ្លកលើ ចំនួន ៧គ្រួសារ
៧- ឃុំសង្វើយចំនួន ៥គ្រួសារ
៨- ឃុំឫស្សីលក ចំនួន ៤គ្រួសារ

ពិធីសំណេះសំណាល និងផ្ដល់អំណោយមនុស្សធម៌នេះ ប្រារព្ធនៅវត្តក្របីរៀល ស្រុកជីក្រែង។ មានប្រសាសន៍នាឱកាសនោះ ឯកឧត្ដម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ឯកឧត្តមបានសំដែងនូវការសោកស្ដាយជាពន់ពេកចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ហើយឯកឧត្តមបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនមិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន១គ្រួសារមាន៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ប៊ីចេង១០កញ្ចប់តូច អំបិល១គីឡូក្រាម ស្កសរ១គីឡូក្រាម ទឹកត្រី១យួរ កន្ទេល១ មុង១ ភួយ១ សារុង១ ក្រមា១ ស័ង្កសី ១០សន្លឹក និងថវិកា១សែនរៀល៕