ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងថ្នាក់ដឹកនាំ ចុះពិនិត្យការងារបោសសម្អាតមីន និងជួបសំណេះសំណាលជាមួយកម្លាំងប្រតិបត្តិការជួរមុខក្នុងគម្រោងមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥

0

(កំពង់ធំ)÷នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ អង្គភាពស៊ីម៉ាក់ប្រចាំទិសខេត្តកំពង់ធំបានរៀបចំទទួលដំណើរទស្សនកិច្ចរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន អមដំណើរដោយឯកឧត្តម ព្រឹម រដ្ឋា ភិបាលរងខេត្តកំពង់ធំ និងថ្នាក់ដឹកនាំ អញ្ជើញចុះពិនិត្យការងារបោសសម្អាតមីន និងជួបសំណេះសំណាលជាមួយកម្លាំងប្រតិបត្តិការជួរមុខក្នុងគម្រោងមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ ស្ថិតនៅភូមិឬស្សីដួច ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្កខេត្តកំពង់ធំ។

ឯកឧត្តម ព្រឹម រដ្ឋា ភិបាលរងខេត្តកំពង់ធំ បានលើកឡើងថា សម្រាប់ខេត្តកំពង់ធំមានកិត្តិយសណាស់ដែលក្រុមការងារអង្គភាពស៊ីម៉ាក់ បានចុះស្រាវជ្រាវ និងបោសសម្អាតមីន ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានកុំឲ្យមានបញ្ហាដល់អាយុជីវិត ជាពិសេសងាយស្រួលភ្ញៀវជាតិ និងអន្តរជាតិមកទេសចរណ៍នៅរមណីយដ្ឋាន ដែលកំពុងតែរៀបចំជាបណ្ដើមៗផងដែរ។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនបានមានប្រសាសន៍ថា ក្រោមគម្រោង (មូលនិធិកម្ពុជាគ្នានមីនឆ្នាំ២០២៥) អង្គភាពស៊ីម៉ាក់បានទទួលភារកិច្ចបោសម្អាតមីនក្នុងខេត្តចំនួន០៥ រួមមាន៖ ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តពោធិ៍សាត់ និងខេត្តប៉ៃលិន។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានជំរុញនិងលើកទឹកចិត្តដល់ក្រុមប្រតិបត្តិការក្នុងខេត្តកំពង់ធំនេះ អង្គភាពស៊ីម៉ាក់ត្រូវបោសសម្អាតផ្ទៃដីចម្ការមីនសរុបចំនួន ៣៨.៦០២.១៧៧ ម៉ែត្រក្រឡា ហើយអង្គភាពសុីម៉ាក់បានចាប់ផ្តើមពង្រាយកម្លាំងប្រតិបត្តិការចាប់ពីខែកុម្ភៈ ឆ្នាំ២០២៣ ដោយប្រើប្រាស់កម្លាំងសរុបចំនួន២១ក្រុម។ ជាលទ្ធផល ក្នុងរយៈពេល៤ខែកន្លងមកនេះ (កុម្ភៈ-ឧសភា ២០២៣) ទីបញ្ជាការជួរមុខខេត្តកំពង់ធំសម្រេចបោសសម្អាតផ្ទៃដីចម្ការមីនបានចំនួន១៧.៩៤៥.៨៥៩ម៉ែត្រក្រឡា ស្មើនឹង៤៦,៤៩% នៃផែនការសរុប ក្នុងនោះរុករកឃើញនិងកម្ទេចចោលមីនប្រឆាំងមនុស្ស និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងៗបានចំនួន២,១២៥គ្រាប់។