អភិបាលខេត្តព្រះវិហារ ជំរុញមន្ត្រីជំនាញសូរិយោដី ពន្លឿនលើការចុះវាស់វែង កាត់ឆ្វៀល និងចេញបណ្ណកម្មសិទ្ធិដី ជូនប្រជាពលរដ្ឋឲ្យបានឆាប់

0

ខេត្តព្រះវិហារ៖ ប្រជាពលរដ្ឋប្រមាណ ៣៨០គ្រួសារ នឹងទទួលបានការចុះវាស់វែងដីធ្លី និងចេញបណ្ណកម្មសិទ្ធិលើ ៤៥៥សលាកប័ត្រ ក្រោយការចុះកាត់ឆ្វៀលចេញពីគម្រោងដីអភិរក្សបរិស្ថាន បន្ទាប់ពីអាជ្ញាធរខេត្តព្រះវិហារ បានស្នើសុំគោលការណ៍សម្រេចពីរាជរដ្ឋាភិបាល ដើម្បីប្រែក្លាយដីទាំងនោះ ឲ្យក្លាយជាដីស្របច្បាប់របស់ប្រជាពលរដ្ឋ លើការសាងសង់លំនៅដ្ឋាន និងអាស្រ័យផលជាក់ស្តែង ដែលមានរយៈពេលយូរឆ្នាំមកហើយនោះ។

អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី នៅថ្ងៃទី១មិថុនា២០២៣នេះ បានអញ្ជើញដឹកនាំមន្ត្រីជំនាញសូរិយោដីខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ រួមទាំងអាជ្ញាធរថ្នាក់មូលដ្ឋាន ចុះជួបសំណេះសំណាល និងបើកយុទ្ធនាការ ចុះវាស់វែង និងកាត់ឆ្វៀលចេញពីគម្រោងដីអភរក្សបរិស្ថាន ជូនប្រជាពលរដ្ឋ ស្របតាមគោលការណ៍របស់ រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។ ពិធីនេះបានធ្វើឡើងនៅភូមិអភិវឌ្ឍ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

ប្រធានមន្ទីរដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តខេត្តព្រះវិហារ លោក សំ សារឿន បានថ្លែងថា ខណៈនេះប្រជាពលរដ្ឋនឹងមានឱកាស ក្នុងការទទួលបានដីស្របច្បាប់ ក្រោយពីអាជ្ញាធរខេត្ត និងមន្ទីរជំនាញ បានចុះវាស់វែងកាត់ឆ្វៀល និងចេញបណ្ណកម្មសិទ្ឋិ ជូនដោយឥតគិតថ្លៃ ព្រោះត្បិតដីដែលប្រជាពលរដ្ឋកំពុងកាន់កាប់ និងអាស្រ័យផលនៅក្នុងពេលនេះ គឺជាដីដែលស្ថិតនៅក្នុងដែនព្រៃ នៃគម្រោងអភិរក្ស និងគ្រប់គ្រង ដោយក្រសួងបរិស្ថាន ។ លោកថា ប្រជាពលរដ្ឋដែលបានមកចុះឈ្មោះ និងត្រូវទទួលបានការចុះវាស់វែងដីជូននៅពេលនេះ មានចំនួន ៣៨០គ្រួសារ ស្មើនឹង ៤៥៥សលាកបត្រ និងនៅមានប្រជាពលរដ្ឋច្រើនគ្រួសារទៀត ដែលនឹងត្រូវទទួលបានការវាស់វែង និងចេញបណ្ណកម្មសិទ្ធិជូន ជាបន្តបន្ទាប់ខាងមុខ។ រីឯការចុះវាស់វែងដី នឹងត្រូវធ្វើឡើងក្នុងរយៈពេល ១សប្តាហ៍ ចាប់ពីថ្ងៃទី១ មិថុនា ២០២៣ នេះតទៅ។ លោកបានបញ្ជាក់ថា ចំពោះដីដែលមិនមានការឯកភាពព្រំគ្នា ដីមានទំនាស់ព្រំជាប់គ្នា នឹងមិនត្រូវបានវាស់វែង និងចេញបណ្ណកម្មសិទ្ធិឲ្យឡើយ។

អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី មានប្រសាសន៍ថា នៅភូមិអភិវឌ្ឍន៍នេះ កាលដើមឡើយ គឺស្ថិតនៅក្នុងគម្រោងព្រៃអភិរក្សរបស់បរិស្ថាន ប៉ុន្តែ លោកអភិបាលខេត្ត បានស្នើសុំរាជរដ្ឋាភិបាល  និងបានទទួលការអនុញ្ញាត ដើម្បីកាត់ឆ្វៀលដីចេញពីគម្រោងដីព្រៃអភិរក្ស ហើយពេលនេះមន្ត្រីជំនាញ បាននិងកំពុងដំណើរការចុះវាស់វែង និងចេញបណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងតំបន់ភូមិអភិវឌ្ឍន៍នេះ។

លោកអភិបាលខេត្តព្រះវិហារ បានថ្លែង ដោយសម្តែងការអបអរសាទរ ជាមួយប្រជាពលរដ្ឋ ដែលទទួលបានការគិតគូរ  និងយកចិត្តទុកដាក់ខ្ពស់ពី រាជរដ្ឋាភិបាល ដែលបានសម្រេចក្នុងការកាត់ឆ្វៀលដីជូនដល់បងប្អូននៅក្នុងពេលនេះ។

លោក គីម រិទ្ធី បានស្នើដល់ប្រជាពលរដ្ឋ ឲ្យចុះកំណត់ ដាក់ព្រំដីឲ្យបានច្បាស់លាស់  និងសហការជាមួយក្រុមការងារជំនាញ រួមទាំងអាជ្ញាធរមូលដ្ឋាន ដើម្បីងាយស្រួលក្នុងការចុះវាស់វែង ហើយត្រូវចេះយោគយល់ អធ្យាស្រ័យ រវាងគ្នា ដែលមានព្រំដីជាប់គ្នា ដើម្បីកុំឲ្យមានបញ្ហាខកខានក្នុងពេលវាស់វែង  ប្រសិនបើព្រំដីជាប់គ្នាមានបញ្ហា គឺក្រុមការងារជំនាញមិនអាចវាស់វែង និងចេញបណ្ណកម្មសិទ្ធិជូនបានឡើយ។

ស្របពេលជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យទៅចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣  ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា គឺបោះឆ្នោតជូនបក្សដែលមានលេខរៀង ១៨ ដែលជាបក្សនិយាយពិតធ្វើពិត អភិវឌ្ឍប្រទេសឲ្យមានភាពរីកចម្រើន រក្សាបាននូវស្ថិរភាព និងសុខសន្តិភាព ជូនប្រជាពលរដ្ឋប្រកបដោយភាពសុខសាន្ត៕ដោយ៖ឡុង សំបូរ