ឯកឧត្តម ញឹក បានខេង បានដឹកនាំកិច្ចប្រជុំពីរបាយការណ៍ប្រចាំខែ ស្ដីអំពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត

(កំពង់ធំ)÷ ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំរបាយការណ៍ប្រចាំខែ ស្ដីអំពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តកន្លងមក មានបញ្ហាប្រឈមមួយចំនួនទៅលើការទៅលើអក្ខរាវិរុទ្ធ និងខ្លឹមសារមិនពេញលេញនៅតែមន្ទីរអង្គភាព ដើម្បីកែមល្អឲ្យមានភាពត្រឹមត្រូវឡើងវិញ នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣។

ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្ត បានលើកឡើងពីខ្លឹមសារមួយចំនួនដែលរដ្ឋបាលខេត្តកំពង់ធំចុះធ្វើសកម្មភាព បានចូលរួមជាអធិបតីក្នុងពីធីជួបសំណេះសំណាលជាមួយកម្មករនិយោជិត ក្រុមហ៊ុនចំការកៅស៊ូកំពង់ធំ អភិវឌ្ឍន៍(ស៊ី អ.ស៊ី ខ.២)ចំនួន ៤០០នាក់ ស្ថិតនៅក្នុងឃុំពពក ស្រុកស្ទោងក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៧ នៃទិវាពលកម្មអន្តរជាតិ ០១ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ(សន្តិភាព មុខរបរ និងការងារ) បាននាំយកអង្ករចំនួន៨១តោន និងមីចំនួន៥០០កេស ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រគល់ជូនទៅដល់ឃុំ/សង្កាត់ទាំង៨១ ដើម្បីចែកប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត។

ឯកឧត្តមអភិបាលរងខេត្ត បានបន្តទៀតថា បានចុះត្រួតពិនិត្យផ្លូវគ្រួសក្រហមចំនួន០២ខ្សែ ដែលនឹងប្រែទៅជាផ្លូវកៅស៊ូ និងផ្លូវបេតុង មានប្រវែងសរុប ៨.០០០ម៉ែត្រ ខ្សែទី១ពីផ្លូវជាតិលេខ៦តភ្ជាប់ទៅកាន់ភូមិរលួស សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែនដែលមានប្រវែង ៥.០០០ម៉ែត្រជាផ្លូវក្រាលកៅស៊ូ។ ខ្សែទី២ប្រវែង
៣.០០០ម៉ែត្រ ដែលស្ថិតនៅសង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹង សែន ផ្លូវបេតុង ដែលជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់មួយរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅទីនោះ។

ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្ត បានជំរុញលើកទឹកចិត្តដល់ប្រធានមន្ទីរអង្គភាពទាំងអស់ សូមយកចិត្តទុកដាក់ទៅលើរបាយការណ៍ឱ្យបានល្អប្រសើរ ពិសេសពេលផ្ញើមករដ្ឋបាលខេត្ត សូមឱ្យពិនិត្យឱ្យបានត្រឹមត្រូវពីខ្លឹមសារ អក្ខរាវិរុទ្ធ ទិន្នន័យមួយចំនួនឱ្យបានច្បាស់លាស់ និងមានការទទួលខុសត្រូវ។