អភិបាលខេត្តកំពង់ចាម​បានថ្លែងថា សម្តេច​តេជោ​ សែន​ ហ៊ុន​ បាន​នាំមក​នូវ​សុខសន្តិភាព​ និង​សមិទ្ធផល​រីកចម្រើន​ ជូន​ប្រជាពលរដ្ឋ​​

កំពង់ចាម:​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា​ សម្តេច​តេជោ​ សែន​ ហ៊ុន​ បាន​នាំមក​នូវ​សុខសន្តិភាព​ និង​សមិទ្ធផល​​រីកចម្រើន​ ជូន​ប្រជាពលរដ្ឋ​ ។ ការថ្លែងបែបនេះក្នុងពិធីបុណ្យពុទ្ធាភិសេក សម្ភោធសាលាធម្មសភា និងសមិទ្ធផលនានា​ ក្នុង​វត្តបុទុមមុនីវ័ន (វត្ត​ស្តៅលើ) ស្ថិតនៅ​ឃុំស្តៅ ស្រុកកងមាស​ ខេត្ត​កំពង់ចាម​ នាព្រឹកថ្ងៃទី​២​ ខែមិថុនា​ ឆ្នាំ​២០២៣​ ។

ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​អំពាវនាវ​ដល់​លោកយាយ​ លោកតា​ ពុកម៉ែ​ ក៏ដូចជា​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​ សូម​ចូល​រួម​ការពារ​សុខសន្តិភាព​ ឱ្យបាន​នៅ​​គង់វង្ស​ ស្ថិតស្ថេរ​ជារៀង​ដរាប​ ដេីម្បី​បន្ត​ការ​អភិវឌ្ឍ​រីកចម្រើន​ទៅ​មុខ​ទៀត​ និង​សូម​អញ្ជើញ​ទៅ​បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣​ ​ឱ្យ​បាន​គ្រប់​ៗ​គ្នា​ ផងដែរ​ ។

ក្នុង​ពិធី​នោះ​ដែរ​ ឯកឧត្តមនាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃ​អគ្គនាយកដ្ឋានភស្តុភារ និង​ហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ​ បានថ្លែងថា​ សម្តេចតេជោ ហ៊ុន សែន ជាវីរបុរសដ៏ឆ្នើម បានពុះពារឆ្លងកាត់ឧបសគ្គ ក្នុងការស្វែងរកសន្តិភាព រក្សាស្ថិរភាព និងការអភិវឌ្ឍជូនជាតិមាតុភូមិ ឱ្យ​មាន​ការ​រីកចម្រើន​ឥតឈប់ឈរ​​ និងបានធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានជីវភាពប្រសើរ​ឡើង​ ជាពិសេសបានជំរុញការអភិវឌ្ឍនៅតាមមូលដ្ឋាន ដូចជា ផ្លូវ ស្ពាន ផ្សារ វត្តអារាម សាលារៀន​ ក៏​ដូចជាហេដ្ឋារចនាសម្ព័ន្ធ​នានា​ ដេីម្បី​លើកកម្ពស់កម្រិតជីវភាពប្រជាជននៅតាមជនបទ និង​បង្ខិត​ទី​ជនបទ​ ឱ្យមានជីវភាពប្រហាក់ប្រហែល​ទៅ​នឹងទីប្រជុំជន ។

ជាមួយគ្នា​នោះ​ ឯកឧត្តមនាយឧត្តមសេនីយ៍ សេង យូអ៊ាន់​ បាន​បន្ត​ថា​ សមិទ្ធផល​ដែល​ធំ​ជាង​គេ​ គឺ​សន្តិភាព​ ព្រោះ​ថា​​មាន​សន្តិភាព​ ទេីប​មាន​ការ​អភិវឌ្ឍ​រីកចម្រើន​ ដោយ​រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើការកែទម្រង់លើវិស័យជាច្រើន ជាពិសេស​គឺ​ការ​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាជន​ ក្នុង​នោះ​ក៏​មាន​ការផ្ដល់នូវសេវា​គាំពារ​សង្គម ​​ផ្តល់​ប័ណ្ណសមធម៌​ ប័ណ្ណ ប​ ស​ ស ឬប័ណ្ណអាទិភាព​ ដេីម្បី​លើកកម្ពស់ជីវភាពរស់នៅ របស់បងប្អូន​ប្រជាពលរដ្ឋ​ ក៏​ដូចជា​ការ​ទទួល​សេវា​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​រដ្ឋ​ដោយ​មិន​បង់​ប្រាក់​ផងដែរ​ ៕​