ដីព្រៃក្នុងដែនជម្រក សត្វព្រៃបឹងពែ កំពុងតែ រងការកាប់ទន្ទ្រានយកធ្វើជាកម្មសិទ្ធិពីជន ឪកាសនិយមខិលខូច និងអ្នកមានលុយមួយចំនួន

សៀមរាប÷ ដីព្រៃក្នុងដែនជម្រកសត្វព្រៃបឹងពែរ កំពុងតែរងការកាប់ទន្រ្ទានយកមកធ្វើជាកម្មសិទ្ទពីសំណាក់ជនឪកាសនិយមខិលខូច និងអ្នកមានលុយមួយចំនួនស្ទើរតែគ្រប់ទីកន្លែង នេះបើតាមសម្តីរបស់<< ប្រជាពលរដ្ឋ >> ។ ជាក់ស្តែងដីព្រៃនៅចំណុច អណ្តូង ភ្លូរ ស្ថិតក្នុងភូមិ ត្រពាំងភ្លោះ ឃុំ ពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។ ប្រជាពលរដ្ឋបានប្រាប់អ្នកសារព័ត៌មានថាមានអ្នកមានលុយម្នាក់ ឈ្មោះ ក្អុក មានស្រុក កំណើតនៅ ភូមិ កំពង់ ឃុំ ជីក្រែង ស្រុក ជីក្រែង បច្ចុប្បន្នមករស់នៅ និងលក់ទូរស័ព្ទដៃ ក្នុង ភូមិ គ្រាំង ឃុំពង្រលើ បានជួលប្រជាពលរដ្ឋក្នុងតម្លៃ៣០០០០រៀលក្នុង១ថ្ងៃ។ ពួកគាត់បន្តទៀតថាការកាប់ទន្ទ្រានដីព្រៃនៅចំណុចនេះបានមិនតិចជាង២០ ហិចតានោះទេរយៈពេលប៉ុន្មានថ្ងៃនេះ។ ពួកគាត់បន្តទៀតថាលោកក្អកមានមហិច្ឆតាទន្ទ្រានយកដីព្រៃរដ្ឋមកធ្វើជាកម្មសិទ្ធមិនតិចជាង១០០ ហិចតា ក្រោមហេតុផលប្រមូលទិញពីប្រជាពលរដ្ឋ។ ពាក់ព័ន្ធ នឹងសេចក្ដីរាយការណ៍ និងការចោទប្រកាន់ពីសំណាក់ប្រជាពលរដ្ឋចំពោះលោកក្អកខាងលើនេះ លោក ខៀវ ប៊ុនឈឿន មេឃុំពង្រលើ បានប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទថាលោក មិនដឹងទេព្រោះដីគឺជាដែនសមត្ថកិច្ចរបស់មន្ត្រីបរិស្ថាន។ លោក លឹង ជួប ប្រធានមន្ត្រីបរិស្ថានស្ដីទី ស្នាក់ការស្រោង ថាលោកនឹងពិនិត្យមើល។ តើវាជាដីព្រៃឬក៏ជាដីបុស្ស? ហើយថាតើជាប់គម្របព្រៃឈើដែលឬក៏អត់? លោក ពៅ ជុំ នាយការិយាល័យ ឧទ្យានុរក្ស និងបរិស្ថានដែនជម្រកសត្វព្រៃបឹងពែរ បានឆ្លើយបំភ្លឺប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទថាលោកបានទៅពិនិត្យមើលឃើញហើយដីព្រៃនៅចំណុចនោះពិតជាជាប់គម្របព្រៃឈើដែនជម្រកសត្វព្រៃបឹងពែរមែន។ ប៉ុន្តែមិនមែនជាដីព្រៃទេគឺជាបុស្ស ដែលប្រជាពលរដ្ឋធ្លាប់អាស្រ័យផលតែមិនទាន់បានភ្ជួរគប់ជារងទេ គឺដាំដំឡូងមីតាមគល់ឈើ លោកបន្តទៀតថាទោះបីជាយ៉ាងណាក៏ដោយលោកនឹងបញ្ជូនឈ្មោះ ក្អុក ទៅខេត្តដើម្បីអោយខេត្តធ្វើការវិនិច្ឆ័យ។ ករណីខាងលើនេះប្រជាពលរដ្ឋពិតជាមានការព្រួយបារម្ភពីដីព្រៃក្នុងដែនជម្រកសត្វព្រៃបឹងពែរ យ៉ាងខ្លាំងប្រសិនបើមន្ត្រី បរិស្ថានមិនអនុវត្តនតាមតួនាទីនិងមានចេតនាឃុបឃិតដោយប្រើអំពើពុករលួយជាមួយជនខិលខូចជីវៈចម្រុះនៅតំបន់នេះនឹងរលាយហិនហោចជាមិនខាន ប្រសិនបើក្រ សួងបរិស្ថាន និងក្រសួង កសិកម្មរុក្ខាប្រមាញ់និងនេសាទ មិនអនុវត្តតាមសារសំលេងរបស់ សម្តេច អគ្គ មហាសេនា បតី តេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលបានផ្ញើរជូន អោយមន្ត្រីមានសមត្ថកិច្ចការពារដីព្រៃរបស់រដ្ឋពីសំណាក់អ្នកមានលុយ អ្នកមានអំណាច
ពួកឪកាសនិយមជាពិសេសជិតដល់ពេលបោះឆ្នោតម្ដងៗ អោយចាប់មេខ្លោងមកផ្ដន្ទាទោសតាមច្បាប់អោយខានតែបាន។
ជាចុងក្រោយប្រជាពលរដ្ឋសូមសំណូមពរដល់ ឯកឧត្តម ទា សីហា អភិបាល នៃ គណៈអភិបាល ខេត្ត សៀមរាប មេត្តាដាក់បញ្ជាអោយលោក ស៊ុន គង់ ប្រធានមន្ទីរ បរិស្ថាន ខេត្ត សៀមរាប។ ចុះមកពិនិត្យកន្លែងកើតហេតុផ្ទាល់ ប្រើសើរជាងជាងចាំទទួលតែរបាយការណ៍ ជូនកាលរបាយការណ៍របស់មន្ត្រីថ្នាក់ក្រោមខុសឆ្ងាយពីអ្វីដែលជាការពិតនៅកន្លែងកើតហេតុ។ ទាក់ទងនឹងសេចក្តីរាយការណ៍ និងការចោទប្រកាន់របស់ប្រជាពលរដ្ឋចំពោះលោក ក្អក អ្នកសារព័ត៌មាន មិនអាចសុំការបំភ្លឺពី លោកក្អុក បានឡើយ ព្រោះឃ្លានលេខទូរស័ព្ទដើម្បីធ្វើការទំនាក់ទំនង។ អង្ករភាពយើងខ្ញុំរងចាំការបកស្រាយពីលោក ក្អុក រាល់ម៉ោងធ្វើការនៅពេលក្រោយ៕ដោយ អ៊ុក ផ្លុង