ឯកឧត្តមបណ្ឌិត ជា ចាន់តូ និងលោកជំទាវ ខៀវ ស៊ីណាបានសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងពិធីកាត់ខ្សែបូរបុណ្យឆ្លងព្រះវិហារវត្តបារាយណ៍ជាន់ដែក

(កំពង់ធំ)÷ ឯកឧត្តមបណ្ឌិត ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកជំទាវ ខៀវ ស៊ីណាអមដំណើរដោយឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនរូប បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ ពិធីកាត់ខ្សែបូរដាក់ឱបប្រើប្រាស់នៅព្រះវិហារថ្មី ដែលបានជួសជុលរួច និងបុណ្យឆ្លងព្រះវិហារវត្តបារាយណ៍ជាន់ដែក ស្ថិតនៅឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣។

លោក អួង សារឿន អភិបាលស្រុកបារាយណ៍ បានឡើងធ្វើរបាយការណ៍សង្ខេប ជូនអង្គពិធីដែលមាន
ខ្លឹមសារដូចតទៅ វិស័យព្រះពុទ្ធសាសនាមានការរីកម្រើនហួសពីការស្មាន ដោយគ្រាន់តែរយៈពេល២៥ឆ្នាំ ក្រោយពីទទួលបាននូវសន្តិភាពទាំងស្រុង វត្តអារាមទាំង៤៦ និងអាស្រមទាំង២ ទូទាំងស្រុកបារាយណ៍មានព្រះវិហារ កុដិ សាលាបាលី ឧបដ្ឋានសាលា និងសមិទ្ធផលផ្សេងៗទៀតដ៏ល្អប្រណិតស្ទើរគ្រប់វត្ត ដែលជាឃ្លាំងផ្ទុកនូវ វប្បធម៌ អរិយធម៌ ទំនៀមទំលាប់ ប្រពៃណីល្អផូរផង់របស់ជាតិយើង ដូចជា វត្តបារាយណ៍ជាន់ដែកយើងនេះ មានសមិទ្ធផលធំៗជាច្រើនជាសក្ខីភាពស្រាប់។

នៅក្នុងឱកាសនេះឯកឧត្តមបណ្ឌិត ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងពីព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ដែលប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា នាំគ្នាគោរពប្រតិបត្តិព្រះពុទ្ធសាសនា ដោយមិនប្រកាន់ពូជសាសន៍ និន្នាការនយោបាយនោះឡើយ ដើម្បីឲ្យស្គាល់ពីអំពើល្អនិងអំពើអាក្រក់ ក្នុងការចូលរួមចំណែកកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ជាអកុសល ដោយប្រទេសកម្ពុជាបានធ្លាក់ចូលក្នុងភ្នក់ភ្លើងនៃសង្គ្រាម សមិទ្ធផលទាំងនោះត្រូវបាន ខូចខាតជាបណ្តើរៗ ពិសេសជាងនោះទៅទៀត គឺស្ថិតក្នុងរបបប្រល័យពូជសាសន៍០៣ឆ្នាំ ៨ខែ ២០ថ្ងៃ សមិទ្ធផលទាំងឡាយក្នុងវត្តនេះ ក៏ដូចជាសមិទ្ធផលក្នុងវត្តដទៃទៀតដែរនៅក្នុងប្រទេសកម្ពុជា ត្រូវបានពួក ឃាតករអាវខ្មៅ ប៉ុល ពត ធ្វើការបំផ្លិចបំផ្លាញទាំងស្រុងដល់ឬសគល់ព្រះសង្ឃត្រូវបានពួកវាចាត់ទុកជាឈ្លើង សង្គម ហើយវាចាប់ផ្សឹកដោយបង្ខំ។

ឯកឧត្តមបណ្ឌិត ជា ចាន់តូ បានបន្តទៀតថា ក្នុងរបបប៉ុល ពត តាមវត្តនីមួយៗបានក្លាយជាពន្ធធនាគារសម្រាប់ ឃុំឃាំង និងសំលាប់មនុស្សយ៉ាងព្រៃផ្សៃបំផុត ដែលបានបន្សល់ទុកនូវអដ្ឋិធាតុជាភស្តតាងស្រាប់ដល់បច្ចុប្បន្ន។ ប្រទេសកម្ពុជាបានក្លាយទៅជាគុកឥតជញ្ជាំង ជាវាលពិឃាតដ៏ឃោឃៅបំផុត ដែលធ្វើឱ្យឈាម និងទឹកភ្នែក ប្រជាជនកម្ពុជា ហូរក្រាលគ្របដណ្តប់គ្រប់ទិសទីនៃមាតុភូមិ។ ប្រជាជនដែលនៅរស់ត្រូវគេប្លន់អស់នូវសិទ្ធិ សេរីភាពគ្រប់បែបយ៉ាង ហើយបានស្រែកដង្ហើយហៅរកការជួយសង្គ្រោះឱ្យខ្លួនបានរួចផុតពីឋាននរកអវចីនោះ ដែលប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសនៅលើពិភពលោកមិនដែលជួបប្រទះនូវរបបព្រៃផ្សៃបែបនេះឡើយ។

ឯកឧត្តមបណ្ឌិត ជា ចាន់តូ បានជំរុញនិងលើកទឹកចិត្តដល់ព្រះចៅអធិការវត្ត លោកអាចារ្យ ពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ សូមចូលរួមថែរក្សាសមិទ្ធផលដែលបានកសាងរួច ឲ្យបានល្អ ឱ្យក្មេងជំនាន់ក្រោយបានស្គាល់ និងមកសិក្សារៀនសូត្រនៅក្នុងវត្តប្រកបដោយចំណេះដឹង មានបទពិសោធន៍យកទៅបម្រើប្រទេសជាតិឲ្យមានការរីកចម្រើន។

សូមបញ្ជាក់ផងដែរថា សមិទ្ធផលជាច្រើនក្រោមការផ្តួចផ្តើមចូលរួមយ៉ាងសកម្មរបស់ឯកឧត្តមបណ្ឌិត ជា ចាន់តូ និងលោកជំទាវ ព្រមទាំងក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ ដែលបានបរិច្ចាកនូវទ្រព្យធនផ្ទាល់ខ្លួនរួមមាន÷ បានជួសជុលកែលម្អព្រះវិហារបុរាណដែលមានអាយុកាល ១១២ឆ្នាំ ចំណាយអស់ទឹកប្រាក់សរុប ២៣១.៦៥០.០០០រៀល (ពីររយសាមសិបមួយលានប្រាំមួយរយហាសិបពាន់)រៀលស្មើនឹង ៥៦.៥០០ ដុល្លារ សហរដ្ឋអាមេរិក។ បន្តមកទៀតក៏មានពិធីចែកអំណោយដល់មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្ស ព្រមទាំងមានពិធីរាប់បាត្រដល់ព្រះសង្ឃចំនួន១០៨អង្គផងដែរ។